រដ្ឋមន្ត្រី​សង្គមកិច្ច​ថា ករណី​មន្ត្រី​យកលុយ​ពី​ប្រជាពលរដ្ឋ នៃ កម្មវិធី​ផ្តល់​សាច់ប្រាក់ ត្រូវបាន​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​ហើយ

194
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន លើកឡើង​អំពី​ដំណោះស្រាយ​ចំពោះ​មន្ត្រី​ដែល​ត្រូវបាន​រកឃើញថា បាន​យកលុយ​ពី ប្រជា ពលរដ្ឋ ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុង ពេល​ប្រយុទ្ធ ជំងឺ​កូ​វីដ ១៩ ដែលជា​ទង្វើ​បំពាន​លើក​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ថា ក្នុងឋានៈ​យើង ខ្ញុំ​ជា ក្រសួង​សង្គមកិច្ច បន្ទាប់ពី​ទទួលបាន​លទ្ធផល​ច្បាស់លាស់​ហើយ ខ្ញុំ​បាន​ណែនាំ​ទៅ មន្ត្រី​ទាំងនោះ​ទៅតាម​នីតិវិធី និង កម្រិត នៃ ទំនួល​ខុសត្រូវ​របស់ខ្ញុំ ។ បន្ទាប់មក​ខ្ញុំ​បានធ្វើ លិខិត​មួយច្បាប់​ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី ឱ្យ​គាត់​ចាត់ការ​ទៅតាម​នីតិវិធី ។ ប៉ុន្តែ​ត្រង់​ថា ក្រសួងមហាផ្ទៃ​នឹង​ចាត់ការ​របៀប​ណា និង កម្រិតណា​នោះ គឺជា​សមត្ថកិច្ច​របស់​គាត់ ។​

លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ថ្លែង​នៅក្នុង​សន្និសីទ សារព័ត៌មាន​ស្តីពី​ដំណើរការ​ផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​ក្នុងពេល ជំងឺ​កូ​វីដ ១៩ ( រូបៈ មេសា )


​លោក វង សូត ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​រសៀល​ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០ នៅឯ​ក្រសួង​សង្គមកិច្ច ហើយ​លោក វង សូត បាន​បន្ថែមថា​ករណីនេះ ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត ព្រៃវែង កំពង់ឆ្នាំង និង ខេត្ត បន្ទាយមានជ័យ ហើយ​បាតុភាព បែបនេះ គឺជា​ករណី​តិច​តួ​ប៉ុណ្ណោះ បើ​ធៀប​ទៅនឹង​ប្រសិទ្ធភាព តម្លាភាព និង ទំហំ នៃ ការងារ ដែល​បានធ្វើ ពោលគឺ​ការងារ​ទាំងឡាយ ត្រូវ​ប្រព្រឹត្តទៅ​យ៉ាង​មាន​ល្បឿន និង ទទួល បានការ​សាទរ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ។ ទោះយ៉ាងណា ករណី​ទាំងនេះ ទុកជា​ឧទ្ទាហរណ៍ ដល់​មន្ត្រី​ទាំងឡាយណា​ដែល​មិន​បោះបង់​ចរិត​មិន​ស្មោះត្រង់​ចំពោះ​ការងារ​របស់ខ្លួន ជាពិសេស​រឿង​លុយកាក់​ពី​ប្រជាពលរដ្ឋ ។​


​គប្បី​រំឭកថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ បន្ទាប់ពី​បានចាប់ផ្តើម​អនុវត្ត ក៏មាន​សេចក្តី រាយការណ៍​ថា មាន​មន្ត្រី​មូលដ្ឋាន​ខ្លះ​ដែលជា​អ្នកប្រតិបត្តិ​ការងារ​នេះ​ផ្ទាល់ បាន​យកលុយ​កាក់​ពី​ប្រជាពលរដ្ឋ ។ បន្ទាប់ពី​ទទួលបាន​ដំណឹង​ទាំងនេះ​ភ្លាម លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ស្រាវជ្រាវ រក​ការណ៍​ពិត​ដល់​មូលដ្ឋាន​ទាំងនោះ​ភ្លាម ហើយ​បន្ទាប់ពី​បាន​ស្រាវជ្រាវ និង ពិនិត្យ​ដំណើរ ការ បំពេញការងារ​នេះ ប៉ុន្មាន​ខេត្ត​មក លោក តូច ចាន់នី អះអាងថា ជាទូទៅ​ដំណើរការ បាន ប្រព្រឹត្ត​ទៅដោយ​ល្អប្រសើរ បើទោះបី​ជាមាន​បញ្ហា​បច្ចេកទេស​តិចតួច​ក៏ដោយ ។


​ក៏​គប្បី​រំឭក​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​ព្រមាន​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា សម្តេច​នឹង​ចាត់វិធានការ​ក្តៅ និង មិនមាន​ការលើកលែង​ឡើយ ចំពោះ​មន្ត្រី​ទាំងឡាយណា ដែល​ប្រព្រឹត្តល្មើស ដូចជា​ឃប់ឃិត​ដាក់ឈ្មោះ​សាច់ញាតិ​កូនក្មួយ​ខ្លួនឯង​ជាដើម ។


​គឺ​តាមរយៈ​សារ​ដ៏​ក្លៀវក្លា​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​នេះឯង​ហើយ ដែល​លោក វង សូត យល់ថា មន្ត្រី​ទាំងឡាយណា ដែល​បាន​ប្រព្រឹត្ត​ខុស​គោលការណ៍ នៃ កម្មវិធី​ផ្តល់​សាច់ ប្រាក់ នេះ ទំនងជា​មិនអាច​គេច​ផុតពី​ទំនួល​ខុសត្រូវ​ឡើយ ។​
​បញ្ជី​ឈ្មោះ​ជុំ​ទី ១ នៃ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ មាន​ចំនួន​ជាង ៥៦ ម៉ឺន​គ្រួសារ ដែលមាន មនុស្ស​ជាង ២ លាន ៣ សែន នាក់ ហើយ​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច ដែលជា​អ្នកដឹកនាំ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​នេះ​ផ្ទាល់ បានឱ្យដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី ០២ ខែ ក្កដា ឆ្នាំ ២០២០ នេះ ការបើកប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ​ទាំងនោះ សម្រេចបាន​ប្រមាណ​ជា ៨០ ភាគរយ​ហើយ ដោយ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ជា​ជិត ៧៥ ពាន់​លាន​រៀល ៕ Kh

ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី ០២ ខែ កក្កដា ( រូបៈ មេសា )