​អភិបាលខេត្ត​ជំរុញ​គ្រប់ផ្នែក​ពាក់ព័ន្ធ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សេសសល់​

133
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ភាពខ្វះ​ចន្លោះ​ក្នុងការ​អនុវត្ត​មុខងារ​របស់​មន្ត្រី​គ្រប់​លំ​ដប់​ថ្នាក់​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​ដូច្នេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស​បំផុត​។​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​នៅ​សាលា​ខេត្តកំពត​មាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​មិថុនា​ដើម្បី​ពិនិត្យ​ពិភាក្សា​ចំពោះ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​និង​អនុម័ត​កិច្ចការ​សម្រាប់​អនុវត្ត​បន្ត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ទន្ទឹមនឹង​ការអនុវត្ត​កិច្ចការ​កន្លងមក​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​មួយចំនួន​ធំក្តី​តែ​បញ្ហា​ប្រឈម​ខ្លះ​តម្រូវ​ដល់​គ្រប់ផ្នែក​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​ត្រូវ​បន្ត​ដោះស្រាយ​ឱ្យបាន​ឆាប់រ​ហ័យ​បំផុត​។​ភាពខ្វះ​ចន្លោះ​ក្នុងការ​អនុវត្ត​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នឹង​ជះឥទ្ធិពល​មិនល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​អាច​បង្កឱ្យមាន​ការ​ថ្នាំងថ្នាក់​បាត់​ជំនឿ​ទុកចិត្ត​ចំពោះ​រដ្ឋបាលខេត្ត​តែម្តង​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ជាក់ស្តែង​រូបភាព​អវិជ្ជមាន​មួយចំនួន​កំពុង​បន្ត​កើតឡើង​ដោយ​មិនទាន់មាន​ចំណាត់ការ​ច្បាស់លាស់​ដូចជា​ការចាក់ដី​លុប​រំលោភបំពាន​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ក្នុង​ឃុំ​ត្រពាំង​សង្កែ បញ្ហា​វិវាទ​ដីស្រែ​អំបិល​រវាង​បុគ្គល និង​បុគ្គល​នៅ​ឃុំ​បឹង​ទូក​ជាដើម​។ ម្ល៉ោះហើយ មន្ត្រី​ជំនាញ​ត្រូវ​ប្រញាប់​រួត​រះ​រិះរក​វិធី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ពិសេស​ជំរុញ​និង​ព​ន្លឿ​ន​ការងារ​ពាក់ព័ន្ធ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រប​ឆ្នេរសមុទ្រ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ត្នោត​ដើម្បី​ជា​ប្រយោជន៍​រួម​។​


​ជាមួយនឹង​ការ​ក្រើនរំលឹក​ទាំងនេះ​លោក​ជាវ​តា​យ​ក៏បាន​មានប្រសាសន៍​កោតសរសើ​រ​ផងដែរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​ក្រុង​ស្រុក​មន្ទីរ​អង្គភាព​ដែល​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ភាពជោគជ័យ​ចំពោះ​កិច្ច​អភិវឌ្ឍ​នានា​ក៏ដូចជា​ការដោះស្រាយ​ករ​ណី​កង្វល់​ភាពខ្វះខាត​និង​បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បានល្អ​ប្រសើរ​៕S/​