ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ផាទ្រីក មូហ្វី ធ្វើទស្សនកិច្ច ទៅកាន់ អន្លង់វែង

294
ចែករម្លែក
ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកផាទ្រីកមូហ្វីធ្វើទស្សនកិច្ចទៅកាន់អន្លង់វែង

ភ្នំពេញៈកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅ ប្រទេសកម្ពុជា លោក ផាទ្រីក មូហ្វី បានធ្វើទស្សនកិច្ចទៅកាន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យជាលើកដំបូង ។ 

អន្លង់វែងគឺជាអតីតតំបន់សង្គ្រាម រវាងកងកម្លាំងខ្មែរក្រហម និង កងកម្លាំងរបស់រដ្ឋាភិបាលរហូតដល់ចុងទសវត្ស រ៍ឆ្នាំ ១៩៩០។ អន្លង់វែងមាន តំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ ចំនួន ១៤ដែល មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានទទួលកាតព្វកិច្ច អភិវឌ្ឍន៍និង អភិរក្សយ៉ាងខ្ជាប់ខ្ជួន។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត បានជួបជាមួយបុគ្គលិក ពិនិត្យមើល ការងារនិងបណ្ណសារ នៅក្នុងមជ្ឈមណ្ឌល សន្តិភាពអន្លង់វែង ដែលមជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

បន្ទាប់មក គណៈប្រតិភូបានបន្ត ធ្វើដំណើរទស្សនកិច្ចទៅសារមន្ទីរ អតីត ផ្ទះតាម៉ុក និង អតីតផ្ទះប្រជុំរបស់ តាម៉ុកនៅលើភ្នំដងរែក ដែលបច្ចុប្បន្នគឺជាបន្ទប់ប្រជុំ និង បន្ទប់រៀន របស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

ទស្សនកិច្ចទៅកាន់សារមន្ទីរអតីតផ្ទះតាម៉ុកបន្ទាប់ពីឈានជើងចុះ ពីរថយន្ត ឯកឧត្តម ឯកអគ្គរដ្ឋទូត បានឃើញ ផ្ទាំងព័ត៌មានស្តីពី កាលប្បវត្តិប្រវត្តិសាស្ត្រ នៃចលនាកម្មុយនិស្តខ្មែរក្រហម និង រថយន្ត បាក់បែក ទ្រុឌទ្រោមដែលធ្លាប់ជាស្ថានីយវិទ្យុ ផ្សាយសំឡេងចល័ត ដែលខ្មែរក្រហមបានប្រើ ដើម្បីផ្សព្វផ្សាយព័ត៌មាន ទៅកាន់មហាជន។ ស្ថិតនៅ ចម្ងាយតែប៉ុន្មានម៉ែត្រពី រថយន្តនេះគឺមានទ្រុងចំនួនពីរ។ ភ្ញៀវជាតិនិងអន្តរជាតិទាំងឡាយ អាចសន្មតថា ទ្រុងទាំងពីរនេះគឺត្រូវបានប្រើសម្រាប់ ដាក់សត្វ មានដូចជាសត្វឆ្កែជាដើម។ ដើមឡើយ តាម៉ុក ពិតជាបាន ប្រើទ្រុងនេះដើម្បីដាក់សត្វមែន ប៉ុន្តែក្រោយមក បានប្រែក្លាយទៅជាទ្រុងដាក់មនុស្សវិញ។ មេបញ្ជាការកងទ័ពដែលតាម៉ុកយល់ថាមិនស្មោះត្រង់ ត្រូវបានចាប់ដាក់ក្នុងទ្រុងនេះ និងសម្លាប់ចោល។

លោកឯកអគ្គរដ្ឋទូត បានដើរ ទៅកាន់ ផ្ទះ បន្ទប់ដែលមាន រូបបដិមា សម្រាប់បន់ស្រន់ នៅចំពីមាត់ច្រកចូល និង មាន ផែនទីប្រទេសកម្ពុជា ប្រាសាទ ព្រះវិហារ និង អង្គរវត្ត ដែលគូសដោយដៃ។ នៅពីខាងមុខ គំនូរទាំងអស់នេះមាន ពិព័រណ៍របស់មជ្ឈមណ្ឌល ឯកសារកម្ពុជា ដែលរំលេចឲ្យ ឃើញពីដំណើរសាច់រឿង និង រូបថតនៃ អតីតកម្មាភិបាលខ្មែរក្រហម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន ប្រាប់ឲ្យខ្ញុំបកប្រែ ប្រវត្តិរូប និងបទចោទ ប្រឆាំង នឹងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃកម្ពុជា ប្រជាធិបតេយ្យ នៅ លើទម្រ ពិព័រណ៍នោះ។

នៅឯជាន់ទីមួយ នៃផ្ទះនេះដែរ លោកឯកអគ្គរដ្ឋទូត បាន ចាប់អារម្មណ៍ពិព័រណ៍អចិន្ត្រៃយ៍ របស់មជ្ឈមណ្ឌល ឯកសារកម្ពុជាស្តីពី រយៈកាលឆ្ពោះទៅកាន់សង្គ្រាម នៅ ប្រទេសកម្ពុជា។ នៅក្នុងពិព័រណ៍មាន រូបថត ជាច្រើនដែលត្រូវ បានថត តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០មកម៉្លេះ ពិព័រណ៍រូបថត នេះស្តែងឲ្យឃើញពីសកម្មភាពសង្គម កងទ័ព និង សន្និសីទកាសែត របស់មន្ត្រី នៃរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់។

ផ្ទះទីបីរបស់តាម៉ុកត្រូវ បាន ប្រើប្រាស់ទាំងស្រុង សម្រាប់ពិព័រណ៍ រូបថត ប្រវត្តិសាស្ត្រ។ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពិនិត្យមើលរូបថតដែលថត ក្នុង ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដែលក្នុងនោះ លោក ឆាំង យុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា បានចង្អុលប្រាប់អំពី រូបថតមួយសន្លឹក បង្ហាញជនជាតិអាម៉េរិកាំងមួយរូប ដែលត្រូវបានសម្លាប់ នៅ ក្នុងអំឡុងរបប ខ្មែរក្រហម។

ពិព័រណ៍រូបថតចុងក្រោយបាន បង្ហាញ ពីជីវិតរបស់ ប្រជាជន ដែលរស់នៅ ក្នុង តំបន់ តស៊ូចុងក្រោយ របស់ ចលនាខ្មែរក្រហម ក្នុង អំឡុង ពេលដំណាក់កាល ចុងក្រោយ នៃសង្គ្រាម និងការ ធ្វើសមាហរណកម្ម នៅ ក្នុងឆ្នាំ ១៩៩៨។

ផ្ទះទី៤ ត្រូវ បាន គ្រោង ប្រែក្លាយ ទៅ ជាបន្ទប់ សិល្បៈសោតទស្សន៍នាពេលអនាគត ដែល ភ្ញៀវជាតិនិងអន្តរជាតិ នឹងអាចទស្សនា ភាពយន្តឯកសារ និង ឆ្លុះ បញ្ចាំងពី ដំណើរទស្សនកិច្ច បែបប្រវត្តិសាស្ត្រ របស់ខ្លួន។

អតីតផ្ទះប្រជុំ របស់តាម៉ុក (បច្ចុប្បន្ន មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង)បន្ទាប់ពី បានចំណាយ ពេលជិតមួយម៉ោងនៅសារមន្ទីរ លោកឯកអគ្គរដ្ឋទូត បានបន្តដំណើរឆ្ពោះទៅអតីតផ្ទះប្រជុំ របស់តាម៉ុក នៅលើភ្នំដងរែក ដែលលោក ឆាំង យុ បាន ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការសាងសង់ វិមាន ឈ្នះ ឈ្នះ នាពេលខាងមុខ នៅ ក្បែរមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងចំណែកឯនៅខាងក្នុងមជ្ឈមណ្ឌលសន្តិភាព ឯកឧត្តម ឯកអគ្គរដ្ឋទូត បានទស្សនា ពិព័រណ៍ស្ដីពីសម័យខ្មែរក្រហម និង ពិធីធ្វើសមាហរណកម្ម នៅក្នុង ឆ្នាំ១៩៩៨។ បន្ទាប់មក លោកឯកអគ្គរដ្ឋទូត ក៏បាន ដើរមើលច្រាក់ភ្នំដ៏ស្រស់ស្អាតនិង ប្រកបដោយខ្យល់អាកាសយ៉ាងត្រជាក់នា រដូវវស្សា នៅក្បែរមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ដំណើរទស្សនកិច្ចបានបញ្ចប់៕សរន/hA