វៀតណាមនឹងអនុញ្ញាតឱ្យបង្កើនបំណុលសាធារណៈដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ

220
ចែករម្លែក

វៀតណាមអាចនឹងអនុញ្ញាតឱ្យបង្កើនបំណុលសាធារណៈពី ២ ទៅ ៣ ភាគរយនៅឆ្នាំនេះ ខណៈប្រទេសនេះស្វះស្វែងរកប្រាក់កម្ចីដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្រោយកូវីដ១៩ចប់ទៅ។

នាយករដ្ឋមន្រ្តី ង្វៀន សួនភុក បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ទី២កក្កដាថា ក្រសួងហិរញ្ញវត្ថុគួរតែចរចារកប្រាក់កម្ចីជាមួយធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីជួយសម្រួលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

នេះអាចបង្កើនបំណុលសាធារណៈ ២ទៅ៣ ភាគរយពីអត្រា ៥៧ទៅ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបបច្ចុប្បន្ន។ ប៉ុន្តែនោះនឹងស្ថិតក្នុងរង្វង់ ៦៥ ភាគរយ ដែលរដ្ឋសភាបានកំណត់សម្រាប់ឆ្នាំ ២០១៦-២០២០។

លោកនាយករដ្ឋមន្រ្តីបាននិយាយថាការធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញបន្ទាប់ពីជំងឺរាតត្បាតចប់ទៅ ជាបញ្ហាបន្ទាន់ ហើយគោលនយោបាយនានាគួរតែជំរុញការចំណាយការវិនិយោគនិងការនាំចេញ។

លោកនិយាយថាប្រាក់កម្ចីអាចត្រូវបានប្រើដើម្បីផ្តល់កញ្ចប់ទ្រទ្រង់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។

រដ្ឋាភិបាលបាននិយាយថាបំណុលសាធារណៈអាចនឹងមាន ៥៦,៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ ប្រសិនបើកំណើនផលិតផលក្នុងស្រុកសរុបកើនឡើង ៣,៦ ភាគរយ។ បំណុលសាធារណៈមានចំនួន ៥៤,៧ ភាគរយកាលពីឆ្នាំមុន។

លោកភុកនិយាយថា វិធានការសំខាន់មួយទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចគឺការផ្តល់មូលនិធិជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ។

ទោះយ៉ាងណាអាជ្ញាធរមូលដ្ឋានកំពុងប្រឈមនឹងបញ្ហាក្នុងការប្រើប្រាស់មូលនិធិ ODA ។ ឧបនាយករដ្ឋមន្រ្តីផាម ប៊ិញមិញបាននិយាយថាក្នុងរយៈពេល ៦ ខែ ខេត្ត-ក្រុងចំនួន ២២ មិនអាចចំណាយសូម្បី១ភាគរយនៃគោលដៅផ្តល់ប្រាក់ជំនួយ ODA របស់ខ្លួនបានទេ ទោះបីប្រទេសនេះគ្រោងចំណាយ ៦០ លានលានដុង (២,៦ ពាន់លានដុល្លារ) នៅឆ្នាំនេះក៏ដោយ។

វៀតណាមទោះបីស្ថិតក្នុងចំណោមបណ្តាប្រទេសដំបូងបង្អស់នៅទូទាំងពិភពលោកដែលទប់ទល់ជាប់នឹងវីរុសកូរ៉ូណាប៉ុន្តែមិនអាចទប់ជាប់នឹងការខូចខាតខាងសេដ្ឋកិច្ចបានទេព្រោះថាអាជីវកម្មនានាត្រូវបិទហើយសកម្មភាពពាណិជ្ជកម្មត្រូវបានរឹតត្បិតនៅក្នុងខែមីនានិងមេសា។

កំណើនផលិតផលក្នុងស្រុកនៅឆមាសទីមួយនៃឆ្នាំនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ ឆ្នាំ គឺនៅត្រឹម ១,៨១ ភាគរយ។ កំណើនកាលពីឆ្នាំមុនមានចំនួន ៧,០២ ភាគរយដែលជាតួលេខខ្ពស់បំផុតទី ២ ក្នុងទសវត្សរ៍ចុងក្រោយនេះបន្ទាប់ពីកំណើនកំណត់ត្រា ៧,០៨ ភាគរយក្នុងឆ្នាំ ២០១៨ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល៕ ដោយ៖ កញ្ញាដាលីស

កម្មករកាត់ដេរកំពុងធ្វើការនៅរោងចក្រមួយនៅខេត្តឡុងអាន