គោះ​ប៉ោត​វ៉ៃ​ចាន ថែម​ទាំង​ចាក់ធុងបាស​តែ​វា​ធ្វើ​ងើយ ទីបំផុត​ប្រើ​ដ្រូ​ន​បាញ់​កំទេច​

8776
ចែករម្លែក

​សត្រូវ​កាន់តែខ្លាំង ទាមទារ​សព្វាវុធ​កាន់តែ​ទំនើប​។​

​កសិករ​មួយចំនួន​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា កំពុង​ប្រឈម​ការទន្ទ្រាន​ឈ្លានពាន​ពី​ហ្វូង​កណ្តូប​ដែល​មិន​ធ្លាប់​ជួប​ក្នុង​ជីវិត​របស់​គេ​។​មធ្យោបាយ​ជា​ប្រពៃណី​គឺ​ប្រើ​សម្លេង​បណ្តេញ​សត្វ​ចង្រៃ​អោយចេញ​​ទៅ​ឆ្ងាយ​។​

​ពេល​នេះ​ពួក​កសិករ​បាន​គោះ​ធុង​ប៉ោត​និង​ថា​ស ថែម​ទាំង​ដុត​ផាវ​និង​នាំ​ធុងបាស​មក​ចាក់​បទ​ចម្រៀង​ឥណ្ឌា​ថែមទៀត​ដើម្បី​បណ្តេញ​ពួកវា តែ​មិន​អាច​ធ្វើ​អី​កណ្តូប​រាប់លាន​ក្បាល​បាន​ទេ​។​

​កាលពី​ថ្ងៃ​២៤​មិថុនា គ្រោះអាក្រក់​បាន​ធ្លាក់​ដល់​លោកតា ឆូ​ទូ​រ៉ាម ។​នៅ​ពេល​រសៀល ហ្វូង​កណ្តូប​ក៏បាន​ចុះ​លើ​ដី​របស់​លោក​និង​តំបន់​ក្បែរ​នោះ ក្នុងស្រុក​ណាហ្គោ ក្នុង​រដ្ឋ​រ៉ា​ចា​ស្ថាន​។​ក្មេងៗ​បាន​ប្រញាប់​យក​​ប្រដាប់​ផ្ទះបាយ​ដូចជា ឆ្នាំង​និង​ថា​សមក​គោះ​បណ្តេញ និង​លោកតា​ខំ​រោទិ៍​ម៉ាស៊ីន​ម៉ូតូ​របស់​គាត់​។​តែ​ពេល​ដេញ​ពី​ស្រែ ពួក​កណ្តូ​វ​ហើរ​ទៅ​ទុំ​លើ​ដើមឈើ​និង​វិល​មក​កាន់​វាលស្រែ​វិញ​ហើយ​ទម្រាំ​តែ​អាជ្ញាធរ​និង​​ឡាន​បាញ់ថ្នាំ​មកដល់ វា​យឺត​ពេល​បាត់​ទៅ​ហើយ​។​

​កណ្តូប​បាន​បំផ្លាញ​ដំណាំ​សណ្តែក​របស់​លោកតា​អស់​ប្រមាណ​២៥០.០០០​រូ​ពី​(៣.៣០០​ពាន់​ដុល្លារ​)​។​

​ស្ថានភាព​ដូចគ្នានេះ​ក៏​កើតមាន​ចំពោះ​កសិករ​ឥណ្ឌា​ជាច្រើន​ទៀត​ផង​ដែរ​។​ពួក​មន្ត្រី​បាននិងកំពុង​ខិតខំ​ដោះស្រាយ​កណ្តូប​ហ្វូង​នេះ​អស់​ពេល​រាប់​សប្តាហ៍​មក​ហើយ ចាប់តាំងពី​ពេល​ពួក​វា​ធ្វើ​ដំណើរ​មក​​ពី​ប៉ា​គី​ស្ថាន​និង​អ៊ីរ៉ង់​កាលពី​ខែ​មេសា​។​

​ឥឡូវ​មន្ត្រី​៦០​ក្រុម​មក​ពី​អង្គការ​ព្រមាន​កណ្តូបរ​បស់​ឥណ្ឌា​(LWO)​ត្រូវបាន​បញ្ជូន​ចេញទៅ​បង្ក្រាប​កណ្តូប​នៅ​៤​រដ្ឋ​ដោយ​ពួក​គេ​ប្រើ​ម៉ាស៊ីន​ប៉ាញ់ថ្នាំ ឧទ្ធម្ភាគចក្រ​និង​ដ្រូ​ន​បាញ់ថ្នាំ​សម្លាប់​កណ្តូប​លើ​ផ្ទៃ​ដី​ប្រ​​មាណ​២០០.០០០​ហិច​តា​។​

​កណ្តូប​ទាំងនេះ​មាន​ប្រភព​ចេញពី​អាហ្វ្រិក​ខាងកើត កន្លែង​ដែល​កណ្តូប​វាល​ខ្សាច់​កើតមាន​ច្រើន​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១៨ ដោយសារតែ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​។​ពួកវា​បាន​ធ្វើដំណើរ​មក​កាន់​តំបន់​មជ្ឈិម​​បូព៌ា​និង​ប៉ា​គី​ស្ថាន ឥណ្ឌា​និង​នេ​ប៉ាល់​ដើម្បី​ស្វែងរក​អាហារ​។​

​ការបំផ្លាញ​ដំណាំ​និង​សត្វ​ចិញ្ចឹម​ដោយ​ហ្វូង​កណ្តូប នាំអោយ​បាត់បង​ចំណូល​សំរាប់​កសិករ​ឥណ្ឌា​ដែល​កំពុង​ប្រឈម​នឹង​ផលវិបាក​បង្កឡើង​ដោយ​ជំងឺ​កូវី​ដ​១៩​ស្រាប់​។​មាន​ការព្រួយបារម្ភ​ថា ការប្រមូល​ផល​​នៅក្រោយ​រដូវវស្សា​នេះ​នឹង​ប៉ះពាល់​ខ្លាំង​បើសិនជា​ហ្វូង​កណ្តូប​នៅតែ​រាតត្បាត​។​

​កណ្តូ​ប​១​គីឡូម៉ែត្រ​ការ៉េ​មួយថ្ងៃ​អាច​ស៊ី​ដំណាំ​ស្មើនឹង​មនុស្ស​៣៥.០០០​នាក់ នេះ​បើ​តាម​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ពិភពលោក​(FAO)​។​ហ្វូង​កណ្តូប​មាន​ចាប់តាំងពី​ក្រោម​១​គីឡូម៉ែត្រ​ការ៉េ​រហូតដល់​​រាប់រយ​គីឡូម៉ែត្រ​ការ៉េ​។​

​កាលពី​ថ្ងៃ​២៧​មិថុនា អង្គការ FAO​បាន​និយាយថា ពពួក​កណ្តូប​ដែល​ញាស់​កាល​ពី​និទាឃ​រដូវ កំពុង​មាន​វត្តមាន​ស​ង​ខាង​ព្រំដែន​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ដោយ​រង់ចាំ​រដូវវស្សា​ដើម្បី​ធំ​ពេញ​រូបរាង​និង​ទម្លាក់​​ពង​។​អង្គការ​នេះ​បាន​សុំ​អោយ​ឥណ្ឌា​ប្រុងប្រយ័ត្ន​ជាប់​នៅ​បី​បួន​សប្តាហ៍​ខាងមុខ និង​ក៏​ព្រមាន​អំពី​ហ្វូង​កណ្តូប​មក​ពី​សូ​ម៉ាលី​ផងដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

​វា​ជា​លើកដំបូង​ដែល​ឥណ្ឌា​ប្រើ​ដ្រូ​ន​បាញ់ថ្នាំ​សម្លាប់​កណ្តូប​

​កណ្តូប​ងាប់​នៅក្នុង​ស្រែ ក្រោយ​ត្រូវ​បាញ់ថ្នាំ​ពី​ម៉ាស៊ីន ដ្រូ​ន​និង​ឧទ្ធម្ភាគចក្រ​