តៃវ៉ាន់​បណ្តេញ​អ្នកកាសែត​ចិន​២​នាក់ ដោយសារ​តែ​កម្មវិធី​ជជែក​ម្សា​ន្តក្នុង​ទូរទស្សន៍​

188
ចែករម្លែក

​អាជ្ញាធរ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ​ទី​០៣​កក្កដា បាន​បណ្តេញ​អ្នកកាសែត​ចិន​២​នាក់​ដោយសារ​បង្កើត​កម្មវិធី​ជជែក​កម្សាន្ត​តាម​ទូរ​ទស្សន៍​មួយ ហើយ​ពួកគេ​ជំរុញ​អោយ​រដ្ឋាភិបាល​ចិន​ប៉េកាំង​បង្រួប​​បង្រួម​ជាមួយ​កោះ​ស្វ័យគ្រប់គ្រង​នេះ​។​

​វា​ជា​សញ្ញា​ចុង​ក្រោយ​មួយ​នៃ​ការធ្លាក់​ចុះ​កាន់តែ​ដុនដាប​នៃ​ទំនាក់ទំនង​រវាង​គូប្រជែង​ទាំងពីរ​។​

​ចំណាត់ការ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​មាន​ការបណ្តេញ​អ្នកយក​ព័ត៌មាន​ទៅវិញទៅមក រវាង​អាម៉េរិក​និង​ចិន នៅពេល​មហាអំណាច​ទាំងពីរ​មាន​ជម្លោះ​ពាណិជ្ជកម្ម​និង​ជំងឺឆ្លង​នឹង​គ្នា​។​

​អ្នកយក​ព័ត៌មាន​មក​ពី​ទូរទស្សន៍​អាគ្នេយ៍​ចិន China Southeast TV បាន​ចាកចេញ​ពី​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ ដោយសារ​បាន​រំលោភ​ច្បាប់​គ្រប់គ្រង​អ្នកកាសែត​ចិនដីគោក នេះ​បើ​តាម​ការប្រ​​កាស​របស់​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​របស់​អាជ្ញាធ​រកោះ​តៃវ៉ាន់​។​

​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​នេះ​បាន​និយាយថា ពួកគេ​«​ត្រូវបាន​សង្ស័យថា​រំលោភច្បាប់​និង​អាជ្ញាធរ​បាន​សំរេចចិត្ត​មិន​ពន្យារ​លិខិតអនុញ្ញាត​ការងារ​របស់គេ​…​ពួកគេ​ត្រូវ​ចាក​ចេញ​នៅ​ថ្ងៃ​០៣​កក្កដា​»​។​

​អៃ កេ​ហ្ស៊ូ អ្នកកាសែត​ម្នាក់​ដែល​ត្រូវ​បណ្តេញចេញ បាន​ប្រាប់​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​ថា​មុន​ចាកចេញ​ថា ពួកគេ​ឆ្ងល់​ចំពោះ​បទបញ្ជា​អោយ​ចាកចេញ​នេះ ដោយសារ​«​យើង​បាន​បាន​រាយការណ៍​​សកម្មភាព​របស់​យើង​នៅ​តៃវ៉ាន់ និង​ខ្លឹមសារ​ការងារ​ទៅកាន់​នាយកដ្ឋាន​ពាក់ព័ន្ធ​។​យើង​បាន​ធ្វើ​ដូច្នេះ​អស់​១២​ឆ្នាំ​មកហើយ​។​យើង​គិតថា​វា​ចម្លែក​ណាស់ ដែល​ពី​មុន​គ្មាន​បញ្ហា តែ​ឥឡូវ​មាន​បញ្ហា​ដូច្នេះ​»​។​

​ទូរទស្សន៍​នេះ​តែង​ចាក់ផ្សាយ​ព័ត៌មាន​ដែល​មាន​ខ្លឹមសារ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែ​កម្មវិធី​ជជែក​កម្សាន្ត​នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ​បាន​បង្ក​កំហឹង​សាធារណជន​ដោយសារតែ​ភ្ញៀវ​ក្នុង​​កម្មវិធី​ជា​អ្នក​តែងតែ​រិះគន់​រដ្ឋាភិបាល​តៃវ៉ាន់​និង​បាន​ជំរុញ​អោយ​មាន​ការបង្រួបបង្រួម​ជាមួយ​ចិនដីគោក​។​

​ចិន​ប៉េកាំង​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន និង​ប្តេជ្ញា​បង្រួបបង្រួម​វា​ឡើងវិញ ហើយ​អាច​ប្រើ​កម្លាំងយោធា​បើ​ចាំបាច់​។​

​ភាព​តានតឹង​រវាង​អាជ្ញាធរ​កោះ​តៃវ៉ាន់​និង​ចិន​ប៉េកាំ​ង​បាន​កើនឡើង​ចាប់តាំងពី​ប្រធានាធិបតី សាយ អ៊ិន​វិន ជាប់ឆ្នោត​ជា​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ឆ្នាំ​២០១៦ ដោយសារ​តែ​មេដឹកនាំ​ស្រី​ចិត្តសឿង​បឿង​​រូប​នេះ​មិន​ទទួលស្គាល់​គំនិត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ថា​កោះ​នេះ​ជា​ផ្នែក​មួយ​របស់​ចិន​និង​បដិសេធ​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្តីពី​ការអនុវត្ត​រូបមន្ត​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​នៅលើ​​កោះ​ប្រជាធិបតេយ្យ​នេះ​។​

​ចិនដីគោក​ដាក់​សម្ពាធ​ទាំង​ការទូត​និង​សេដ្ឋកិច្ច​លើ​តៃវ៉ាន់ ព្រមទាំង​បង្កើន​ការហ្វឹកហាត់​យោធា​នៅ​ជិតៗ​កោះ រួម​ទាំង​ការហោះ​យន្តហោះ​យោធា​ផងដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

​តៃវ៉ាន់​ថា អ្នកកាសែត​សំរាប់​ទូរទស្សន៍​China Southeast TV​ពីរ​នាក់​ត្រូវ​បាន​បណ្តេញចេញ​ដោយសារតែ​ពួកគេ​ផលិត​កម្មវិធី​ជជែក​កម្សាន្ត​នយោបាយ​នៅ​តៃវ៉ាន់​ដែល​រំលោភ​ច្បាប់​របស់​កោះ​នេះ​