នាយករដ្ឋមន្ត្រី​ឥណ្ឌា​ទៅ​ពិនិត្យ​មើល​ព្រំដែន​ដែល​កងទ័ព​ប៉ះទង្គិច​ជាមួយ​ចិន​

287
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​កាន់​តំបន់​ឡា​ដាក់ នៃ​តំបន់​ភ្នំ​ហេមពាន្ត​ភាគ​ខាងជើង គឺ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​កង​​ទ័ព​ឥណ្ឌា​និង​ចិន​បាន​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែន​ដែល​ជម្លោះ​នៅ​ទីនោះ​។​

​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ជួប​កងទ័ព​នៅ​មូលដ្ឋានទ័ព​មួយ​នៅ​តំបន់​Nimu នៃ​តំបន់​ឡា​ដាក់​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ANI ។​

​ប្រភព​សន្តិសុខ​មួយ​បាន​ប្រាប់​សារ​ព័ត​មាន​AFP ថា លោក ណារិ​នដ្រា ម៉ូ​ឌី បានគ្រោង​ទៅ​មន្ទីរពេទ្យ​យោធា​មួយ​នៅក្បែរនោះ​ដើម្បី​ជួប​ជាមួយ​ទាហាន​ដែល​រងរបួស ដោយ​ការប៉ះទង្គិច​គ្នា​ដោយ​​វាយ​គ្នា​ដៃ​ទល់​នឹង​ដៃ​។​

​ឥណ្ឌា​និង​ចិន​បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការបង្ក​ជម្លោះ​វាយតប់​គ្នា​ខ្លាំង​នៅ​ជ្រលង​ភ្នំ​ហ្កា​ល់​វ៉ាន់​Galwan កាលពី​ថ្ងៃទី​១៥​ខែមិថុនា ដោយ​ក្នុង​ការប៉ះទង្គិច​គ្នា​នោះ ទាហាន​ឥណ្ឌា ២០ នាក់​បាន​ស្លាប់​និង​យ៉ាងហោចណាស់ ៧៦ នាក់​រងរបួស ។​

​ចិន​មិន​បាន​បញ្ចេញ​ឱ្យដឹងថា​តើ​កងទ័ព​របស់​ខ្លួន​បាន​ស្លាប់​និង​រងរបួស​ប៉ុន្មាន​នោះទេ​។​

​ភាគី​ទាំងសងខាង​បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ហេតុការណ៍​នេះ​ហើយ​ចាប់តាំងពី​ពេលនោះ​មក បាន​បញ្ជូន​កងទ័ព​បន្ថែម​រាប់ពាន់​នាក់​ទៅ​កាន់​តំបន់​នោះ​៕

​ទាហាន​ឥណ្ឌា​អង្គុយ​រង់ចាំ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី នៅ​តំបន់​ព្រំដែន​ឡា​ដាក់​