​ក្រសួង​អប់រំ នឹង​ប្រកាស​ជូន ដំណឹង ពី​ការបើក​សាលារៀន​ឡើងវិញ នាពេល​ឆាប់ៗ​នេះ​

442
ចែករម្លែក

ដោយ​៖​ដេប៉ូ /ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ក្រសួងនឹង​ប្រកាស​ជូនដំណឹង អំពី​ដំណាក់កាល​ទី​១ នៃ​ដំណើរ​ការបើកសាលារៀន​ឡើងវិញ ក្រោយ​បិទ​មួយរយៈ ដោយសារតែ​ជំងឺ​កូ​វីដ​១៩ (COVID-19) កន្លងមកនេះ​។​

​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា បានឱ្យដឹងថា ការបើក​ដំណើរការសាលារៀន​ឡើងវិញ​នេះ នឹងធ្វើ​ឡើងជា​បី​ដំណាក់កាលផ្សេងៗ​គ្នា ដោយ​ដំណាក់កាល​ទី​១ សាលារៀនមាន​ស្តង់ដា​រសុវត្ថិភាព​ខ្ពស់​, ដំណាក់កាល​ទី​២ សាលារៀនមាន​ស្តង់ដារ​មធ្យម និង​ដំណាក់កាល​ទី​៣ សាលារៀនមាន​ស្តង់ដា​អប្បបរមា​។​

​លោក​បានឱ្យដឹង ជុំវិញ​បញ្ហា​នេះ​ថា តាម​អនុសាសន៍​ណែនាំដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន ជំហរ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​ការបើក​ដំណើរការសាលារៀន​ទាំងអស់​ឡើងវិញ គឺ​នឹង​ប្រព្រឹត្តិ​ទៅតាម​បី​ដំណាក់កាល​÷ ដំណាក់កាល​ទី​១ សាលារៀន មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់ ដំណាក់កាល​ទី​២ សាលា រៀន មាន​ស្តង់ដា​រមធ្យម និង​ដំណាក់កាល​ទី​៣ សាលារៀនមាន​ស្តង់ដា​រអប្បបរមា​។ សម្រាប់​ដំណាក់កាល​ទី​១ ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​សហកា​រ ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ពិភាក្សា​លើ​វិធានការ សុខុមាលភាព និង​កត្តា​សង្គម​-​សេដ្ឋកិច្ច​។​

​លោក​បានបញ្ជាក់​ផង​ថាៈ ” នាពេល​ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជម្រាប​សាធារណជនពី​កាលបរិច្ឆេទ និង​វិធានការ​ចាំបាច់​នានា សម្រាប់​ដំណាក់កាល​ទី​១ ។ ចំណែកឯ​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ ចំណុះ​ឲ្យ​ដំណាក់កាល​ទី​១​។ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិនិត្យ តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​ដំណាក់ កាល​ទី​១ រួច​នឹង​បន្ត​ពិនិត្យករណី​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ យោង​លើ​ផែនការ ដែល​ក្រសួងបានរៀបចំជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​” ។​

​បើតាម​អ្នកនាំពាក្យ ក្រសួង​អប់រំ បានឱ្យដឹង​ដែរ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​សហកា​រជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​សំដៅ​ធ្វើយ៉ាងណា នៅពេល​បើក​សាលារៀន​ឡើងវិញ មាន​សុ​វត្ថិភាព​ដល់​សិស្ស និង​និស្សិត នា​ថ្ងៃ​ខាងមុខ​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​មាន​វត្តមានមេរោគ​កូ​វីដ ១៩ បានកើត​ឡើងបន្ត​បន្ទាប់មក ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំជាបន្ទាន់​មួយ ដោយបាន​សម្រេច​ឲ្យ​សិស្ស និង​និស្សិត​គ្រប់​កម្រិតសិក្សា​ទាំងអស់នៅ​ទូទាំងប្រទេសវិស្សមកាល​តូច និង​បាន​ឈប់សម្រាក មុន​កាលកំណត់ ចាប់ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មីឡើងវិញ ៕v/ha