ដឹងមូលហេតុនៃការបញ្ចប់តំណែងឧត្តមសេនីយ៍ឯក សៀន សុវណ្ណា​អគ្គនាយករង អគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ

2401
ចែករម្លែក
ដឹងមូលហេតុនៃការបញ្ចប់តំណែងឧត្តមសេនីយ៍ឯក សៀន សុវណ្ណាអគ្គនាយករង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់មុខតំណែងលោកឧត្តម​សេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។ ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯកសៀន សុវណ្ណា​គឺតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។

នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ថា ការដំឡើងឋានន្តរស័ក្តិក៏ដូចជាការដាក់ពិន័យរបស់កងកម្លាំង គឺផ្អែកទៅលើលក្ខន្តិកៈ បទបញ្ជា វិន័យរបស់កងកម្លាំង។ហើយអ្វីដែលជាការសម្រេចរបស់ថ្នាក់​ដឹកនាំ គឺផ្អែកទៅលើក្រុមប្រឹក្សាវិន័យរបស់អង្គភាពដែលបានធ្វើការវាយតម្លៃនៅក្នុងការអនុវត្តន៍ជាក់ស្តែងរបស់រូបវន្តបុគ្គលនិមួយៗ។ 

  អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបញ្ជាក់ថា ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ គឺមានភាពមិនប្រក្តីជាច្រើនដូចជា ការពោលពាក្យញុះញង់ បំបែកបំបាក់មន្ត្រីទាំងក្នុងអង្គភាព និងក្រៅអង្គភាព បំភ្លៃបំផ្លើសការពិតលើការពិតជាក់ស្តែងក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងជួរថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី​ហើយគ្មានក្រមសីលធម៌ ក្នុងភាពជាអ្នក​ដឹកនាំ ជាពិសេសក្នុងនាមជា​សវនករផ្ទៃក្នុង។ រួមទាំងការពោលពាក្យគំរាមមេដឹកនាំ ក្នុងខណៈដែលខ្លួនបំពេញការងងារខុសឆ្គង និងមានពាក្យបណ្តឹងពីមន្ត្រីនៅថ្នាក់មូលដ្ឋាន។

  ក្រុមប្រឹក្សាវិន័យបានរកឃើញលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា មានកំហុស​ខុសឆ្គងចំនួន ១៣ចំណុច មានដូចជា ឫកពា ចរិតក្រអឺតក្រទម ញុះញង់បំបែក​បំបាក់ផ្ទៃក្នុង និងការធ្វើឲ្យមន្ត្រីមូលដ្ឋានមានការថ្នាំងថ្នាក់មិនសប្បាយចិត្ត រហូតមានពាក្យបណ្តឹងប្តឹងមកដល់ថ្នាក់លើសុំឲ្យជួយអន្តរាគមន៍ថែមទៀតផង៕សរ/Ha

នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហសផ្ទៃ