​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០

245
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​១៣​កើត ​ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​នៅ​វិមាន​សន្តិភាព​ ទីស្ដីការ គណៈរដ្ឋមន្ត្រី​ មាន​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​៖

១-​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រងការប្រើប្រាស់និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។​

២-​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​។​

៣-​បញ្ហា​ផ្សេងៗ​៖​ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​និង​មតិ​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​រួចមក ​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បានសម្រេច​អនុម័ត​៖

១-​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ការប្រើប្រាស់​និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​មាត្រា ៥៨ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ ដែល​ចែងថា​៖“​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មាន​ជាអាទិ៍ ដីធ្លីក្រោម​ដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោម​បាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌល​សេដ្ឋកិច្ច ​វប្បធម៌ មូលដ្ឋាន​ការពារ​ប្រទេស​សំណង់ផ្សេងៗ​ទៀត​ដែល​បាន​កំណត់ថា​ជា​របស់​រដ្ឋ ។ ការគ្រប់គ្រង​ការប្រើប្រាស់​និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​នឹងត្រូវ​កំណត់​ក្នុង​ច្បាប់​”​។​

​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ រចនាសម្ព័ន្ធ​ស្ថាប័ន​និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ជាអាទិ៍​ការកំណត់អំពី​ប្រភព ប្រភេទ​ទ្រព្យសម្បត្តិ​រដ្ឋ របប​គតិយុត្ត​គ្រប់គ្រង​និង​ចាត់ចែង​ទ្រព្យសម្បត្តិ​រដ្ឋ​ច្បាស់លាស់​ជាក់លាក់ ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ការផ្ទេរសិទ្ធិ​កាន់កាប់ ការអភិរក្ស ការអភិវឌ្ឍ ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ ការធ្វើ​អធិការកិច្ច និងសវនកម្ម​និង​ការកំណត់​អំពី​ការលើកទឹកចិត្ត​និង​ការដាក់ទណ្ឌកម្ម​ចំពោះ​អំពើ​ល្មើសច្បាប់​នានា​ជាដើម ។

​សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​រា​ជ​រដ្ឋាភិ បាល​ក្នុងការ​ពង្រឹង​អភិបាលកិច្ច​ល្អ​ បង្កើន​ប្រសិទ្ធភាព តម្លាភាព សក្តិ​សិទ្ធិ​ភាព​និង​គណនេ​យ្យ​ភាព​នៃ​ការគ្រប់គ្រង ការប្រើប្រាស់​និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ស្របតាម​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិនិង ប្រជាជន ​រួមចំណែក​ឈានទៅ​សម្រេច​គោលដៅ​នៃ​ចក្ខុវិស័យ​ឆ្នាំ២០៣០ ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​និង​ជា​ប្រទេស​ចំណូល​ខ្ពស់នៅ​ឆ្នាំ​២០៥០​។ សេចក្ដីព្រាងច្បាប់​នេះ​រៀបចំឡើង​មាន​ចំនួន​១២​ជំពូក​និង​៩០​មាត្រា​ ហើយ​ត្រូវបាន​សម្រេច​ឯកភាព​ដោយ​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​។

២-​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​៖

​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​រក្សា​ស្ថិរភាព​នយោបាយ​លើកកម្ពស់​សន្តិសុខ​និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​បានផ្ដល់​អំណោយផល​ដល់​ការកើនឡើង​ជា​លំដាប់​នូវ​វិនិយោគិន​ជាតិ​និង​អន្ដរជាតិ​ចូលមក​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុងនោះ​ក៏មាន​ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ​ផងដែរ​។ អាជីវកម្ម​កាស៊ីណូ​បាន​ចូលរួម​៖

ទី​១- ជំរុញ​ការអភិវឌ្ឍ​តំបន់​ព្រំដែន​ដែលជា​តំបន់​អតីត​សមរភូមិ តំបន់​ពោរពេញ​ទៅដោយ​គ្រាប់មីន តំបន់​គ្រុនចាញ់ តំបន់​គ្មាន​ការអភិវឌ្ឍ​និង​គ្មាន​ប្រជាជន​រស់នៅ​។
​ទី​២- ការពារ​ខ្សែក្រវាត់​ព្រំដែន តាមរយៈ​ការសាងសង់​អគារ​ដ៏​រឹងមាំ មាន​លក្ខណៈ​យូរអង្វែង និង​ការលើកទឹកចិត្ត​កា​រម​ក​តាំង​ទីលំនៅ​ថ្មី​របស់​ប្រជាជន​។
​ទី​៣- គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​និង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។
​ទី​៤- បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ​។


​មកដល់​បច្ចុប្បន្ននេះ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បានប្រែក្លាយ​ល្បែង​ពាណិជ្ជកម្ម​ទៅជា​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ​(Integrated Resort)​និង​ជា​កន្លែងកម្សាន្ត​ទាក់ទាញ​ទេសចរ​ជាច្រើន​តាមរយៈ​ការរៀបចំ​ទីតាំង​ល្បែង​ពាណិជ្ជកម្ម​ដោយ​រួមបញ្ចូល​នូវ​ទីតាំង​បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារ​ទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌល​កម្សាន្ត​និង​ទស្សនា មណ្ឌល​សន្និបាត​ឬ​ពិព័រណ៍ និង​ហាង​លក់ទំនិញ​រួច​ពន្ធ​ជាដើម គឺជា​ប្រភព​ចំណូល​ថវិកា​ដ៏​សំខាន់ និង​ជាទី​តាំង​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​នៃឧស្សាហកម្ម​គ្មាន​ផ្សែង​ព្រមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្មនេះ​ត្រូវបាន​តាក់តែងឡើង​ក្នុង​គោលបំណង​ធានា​ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ​និង​ល្បែង​ពាណិ​ជ្ជ​កម្ម​ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព​និង​សន្តិសុខ​សង្គម​ដែលជា​ទស្សនទាន​មួយ​ថ្មីនៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។

​សេចក្តីព្រាងច្បាប់​នេះ​នឹង​អនុញ្ញាតឱ្យ​មានការ​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ​និង​ល្បែង​ពាណិជ្ជកម្ម​ដទៃទៀត​យ៉ាង​តឹងរ៉ឹង​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការកំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា​សម្រាប់​អាជីវកម្ម​កាស៊ីណូ ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ឱ្យមាន​ល្បែង​ពាណិជ្ជកម្ម​ឬ​មិនគួរ​អនុញ្ញាត​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​និង​ការបំពាក់នូវ​បច្ចេកវិទ្យា​សមស្រប​ក្នុងការ​ត្រួតពិនិត្យ​ជាប្រចាំ​លើ​កិច្ចដំណើរការ​របស់​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម​ព្រមទាំង​បានគិត​គូរ​ផងដែរ​អំពី​យន្តការ​យ៉ាង​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​ការប្រឆាំងការលាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

សេចក្ដីព្រាងច្បាប់​នេះ​រៀបចំឡើង​មាន​១២​ជំពូក​និង​៩៧​មាត្រា ហើយ​ត្រូវ​បានសម្រេច​ឯកភាព​ដោយ​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​។​

៣-​បញ្ហា​ផ្សេងៗ​៖​ ​
​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​បានសម្រេច​ឯកភាព​បញ្ជូនសេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា​៖

១- រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម​និង​សំណង់​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​កាត់​ឆ្វៀល​ដី​និង​ផ្តល់​កម្មសិទ្ធិ​ដីជូ​ន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដី​ដែល​ស្ថិតនៅក្នុង​ផែនទី​តំបន់ការពារធម្មជាតិ​និង​គម្រប​ព្រៃឈើ​នៅតាម​ខេត្ត​នានា​ដូចជា​កោះកុង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ជាដើម និង​ត្រូវ​បន្ថែម​ការត្រៀម​បម្រុង​ដី​១០%​សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគម​ន៍​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ថា​ចំពោះ​កិច្ចដំណើរការ​នេះ​ត្រួវ​ចុះ​អនុវត្ត​ដោយផ្ទាល់​ជាក់ស្ដែង​និង​ឱ្យបាន​ច្បាស់លាស់ ។ទន្ទឹមនឹងនេះ ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ទប់ស្កាត់​ដាច់ខាត​កុំឱ្យ​មានការ​រុករាន​ទន្ទ្រាន​ដី​ដោយ​ខុសច្បាប់​ដើម្បី​បង្ការ​កុំឱ្យ​ក្លាយជា​សង្គ្រាម​ដីធ្លី​។​

២-​ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង​ ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​ខេត្តបាត់ដំបង​ ត្រូវ​ដកហូត​ត្រឡប់មកវិញ​នូវ​ដី​ដែល​បុគ្គល​ឈ្មោះ សង ថន បានទន្ទ្រាន​រំលោភ​យក​ដោយ​ខុសច្បាប់​និង​ត្រូវ​ប្រគល់ឱ្យ​រដ្ឋបាលខេត្ត​បាត់ដំបង​គ្រប់គ្រង​និង​រក្សាទុក​សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច​។

៣- អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវធ្វើ​ការងារ​នេះ​បន្តទៅទៀត​។​ដំណាក់កាល​នេះ​ជា​ពេលដែល​ត្រូវធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា​ដែល​ឃុបឃិត​គ្នាយ​កដី រដ្ឋនិង​ដី​របស់​ប្រជាពលរដ្ឋ​ហើយ​ប្រើ​កលល្បិច​ផ្សេងៗ​គឺ​ត្រូវ​ផ្តន្ទាទោស​ហើយនឹង​ឈានដល់​ការដកហូត​មុខតំណែង និងត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។ ចំពោះ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយណា​ដែល​ចេញពី​អំពើ​ទុច្ចរិត​គឺត្រូវធ្វើ​មោឃភាព​ចោល​។​

៤- អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​បណ្តា​កាស៊ីណូ​នៅ​ភ្នំពេញ​(​ណាហ្គា​វើ​ល​)​ខេត្ត​ព្រះសីហនុ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាម​តំបន់​ព្រំដែន​និង​ទីតាំង​ផ្សេងទៀត​ដោយ​ឱ្យ​ម្ចាស់​កាស៊ីណូ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ឬ​អនុស្សរណៈ​ជាមួយ​ក្រសួងសុខាភិបាល​(​ឬ​មន្ទីរ​សុខាភិបាល​)​លើ​ការ​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ដើម្បី​ផ្តល់​ការងារ​ឱ្យ​បុគ្គលិក​ដែល​បាន​បាត់បង់​ការងារ​មួយរយៈ​កន្លងមក​និង​ជាការ​ជួយ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ផងដែរ​។​

៥-អនុញ្ញាតឱ្យ​អាជីវកម្ម​ក្លឹប​កម្សាន្តនិងKTV នៅ​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​និង​ផ្ដល់​ការងារ​ឡើង វិញ ​ប៉ុន្តែ​ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

៦-​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ​ពិសេស​ចំពោះ​អ្នកអនុវត្ត​ផ្ទាល់​នៅតាម​ភូមិ ឃុំ សង្កាត់​ទាំងអស់​ទូទាំងប្រទេស ​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​និង​ឱ្យបាន​ច្បាស់ លាស់​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ពិតប្រាកដ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​។សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា​នឹង​ចាត់​វិធាន ការ​ក្ដៅ​និង​មិនមាន​ការលើកលែង​ឡើយ​ចំពោះ​មន្ត្រី​មូលដ្ឋាន​ដូចជា​ថ្នាក់ដឹកនាំ​ភូមិ ឃុំ​សង្កាត់​ដែល​បន្លំ​ឃុបឃិត​គ្នា​ដាក់បញ្ចូល​សាច់ញាតិ​ បងប្អូន​កូនក្មួយ​ខ្លួនឯង​ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ពិតប្រាកដ​ក្នុង​គោលបំណង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ៕ BR/Ha