៤ថ្ងៃ : គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ២៥៧នាក់ និង ផាកពិន័យយានយន្តជិត ៩ម៉ឺនគ្រឿង

161
ចែករម្លែក

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ  មនុស្សចំនួន ២៥៧នាក់ បានស្លាប់ និងជិត ៨០០នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៦៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ខែកក្កដា។ចំណែកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោករយៈពេល ៦៤ថ្ងៃ  សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តជិត ៩ម៉ឺនគ្រឿង។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍រយៈ ៦៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែកក្កដាកើតឡើង ៤៧៨លើក ស្លាប់ចំនួន ២៥៧នាក់ របួសចំនួន ៧៨៦នាក់ ក្នុងនោះរបួសធ្ងន់ ៤៥០នាក់ ។សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ ទី៣ ខែកក្កដា ឆ្នាំ២០២០ កើតឡើង ១១លើក ស្លាប់ ៨នាក់ និងរបួស ១១នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៩នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា លទ្ធផលរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ៦៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ខែកក្កដា យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ៨៧៨៨៩គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៦៤៤៤៦គ្រឿង និងរថយន្តមានចំនួន ២៣៤៤៣គ្រឿង ក្នុងនោះរថយន្តតូចចំនួន២៦២៦១គ្រឿង និងរថយន្តធំចំនួន ៣១៨២គ្រឿង។

លោកបន្តថា សម្រាប់ការអនុវត្តន៍ការរឹតបន្តឹងការច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២០ សមត្ថកិច្ចត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ១៣៧០គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១០០៤គ្រឿង និងរថយន្តមានចំនួន ៣៦៦គ្រឿង ក្នុងនោះរថយន្តតូចចំនួន ៣១៨គ្រឿង និងរថយន្តធំចំនួន ៤៨គ្រឿង។ បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញាបត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។ សម្រាប់រថយន្តភាគច្រើន គឺល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ លើសចំណុះ គ្មានផ្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។

ទិន្នន័យជាផ្លូវការបានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាស (ពីថ្ងៃទី១ខែមករារហូតដល់ថ្ងៃទី៣០ខែមិថុនា)ឆ្នាំ២០២០នេះ បើប្រៀបធៀបឆមាស​ទី១ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៥៥២លើកស្មើ២៥% (១៦១៩លើ២១៧១លើក)ចំនួនមនុស្សស្លាប់ថយចុះ១៧២នាក់ ស្មើនឹង១៧% (៨៦១លើ១០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ៧៧៨នាក់ស្មើនឹង២៤% (២៤៤៩លើ៣២២៧នាក់) ។

ដូចគ្នានេះដែរបើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកគឺខែឧសភា និងខែមិថុនាឆ្នាំ២០២០នឹងខែឧសភា និងខែមិថុនាឆ្នាំ២០១៩គឺគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៣៣លើកស្មើនឹង៣៤%(៤៥៧លើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ៧៩នាក់ស្មើនឹង២៥%(២៤១លើ៣២០នាក់) និងអ្នករងរបួសបានថយចុះ២៣៣នាក់ស្មើនឹង២៣% (៧៦៦លើ៩៩៩នាក់) ។

ទាក់ទងការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមិនដកថយទេ ប៉ុន្តែបញ្ហាសំខាន់ត្រង់ថា មន្ត្រីអនុវត្តច្បាប់ គឺត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ វិជ្ជាជីវៈសុភាពរាបសា ទន់ភ្លន់ ម៉ឹងម៉ាត់ មិនមែនបានឱកាស​ឆេកឆេរយកលុយពីប្រជាពលរដ្ឋ គឺមិនបានទេ៕សរន/Ha

រូបថត