ថ្នាក់លើ​ខិតខំ​ហើយ មន្ត្រី​មូលដ្ឋាន​ក៏​គួរ​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព

193
ចែករម្លែក

​ក្រសួងមហាផ្ទៃ តាមរយៈ​សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០​បានប្រកាស​ពី​ការ​បង្ខិត​សមត្ថកិច្ច​នៃ​ការផ្ដល់សេវា​ធ្វើ​សៀវភៅ​ស្នាក់ សៀវភៅ​គ្រួសារ​លិខិតបញ្ជាក់ ទីលំនៅ និង​ការស្នើ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ឯកសារ​ទាំងនេះ ទៅ កាន់​តែ​កៀក​ប្រជាពលរដ្ឋ​។ នោះ​គឺ​ការទម្លាក់​ការងារ​ទាំងនេះដល់​អធិការដ្ឋាន​នគ​របាល​ក្រុង​ស្រុក​ខណ្ឌ និង​រហូតដល់​ប៉ុស្តិ៍ នគរបាល​ឃុំ​សង្កាត់ តែម្ដង​។
​ ​
​សេចក្តីសម្រេច ចុះហត្ថលេខា ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ បានសម្រេច ផ្ទេរ​សមត្ថកិច្ច​ពិនិត្យ ផ្ដល់​សៀវភៅ​ស្នាក់នៅ ទុតិយតា​សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​ទីលំនៅ ការប្រែប្រួល​នៃសមាជិកគ្រួសារ ការផ្លាស់ប្ដូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ​ពី​អធិការដ្ឋា​ន​នគរបាល​ក្រុង​ស្រុក​ខណ្ឌ មកឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​។
​ ​
​ក្នុងនោះ ក្រសួងមហាផ្ទៃ ក៏បាន​សម្រេច​ផ្ទេរ​សមត្ថកិច្ច​ពិនិត្យ សម្រេច​ផ្ដល់​សៀវភៅ​គ្រួសារ ទុតិយតា​សៀវភៅ​គ្រួសារ ការប្រែប្រួល​នៃ​សមាជិកគ្រួសារ​និង​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជីគ្រួសារ ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត ទៅឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង ​ស្រុក ​ខណ្ឌ ។​
​ ​
​ជាមួយគ្នា​នោះ សេចក្តីសម្រេច​ថ្មី​នេះ ក៏បាន​បញ្ជាក់ថា សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ដែល​បាន​ផ្ដល់ជូន​កន្លងមក ហើយ​ពលរដ្ឋ កំពុង​ប្រើប្រាស់​បច្ចុប្បន្ន គឺ​នៅ​អាច​ប្រើប្រាស់​បាន ជាធម្មតា រហូតដល់​ថ្ងៃ​អស់​សុពលភាព​។​
​ ​
​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ថ្មី​មួយទៀត របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ​ការ​បង្ខិត សមត្ថកិច្ច​នៃ​ការផ្ដល់​សេវាសាធារណៈ និង​សេវា​តម្រូវការ​ឲ្យ​កាន់តែ​កៀក​ដល់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​។​
​ ​
​ជាការ​ពិត កន្លងមក ប៉ូលិស​នៅ​ប៉ុស្តិ៍​ឃុំ​សង្កាត់​មួយចំនួន ដែល​បំបែក​ចេញពី​ឃុំ​សង្កាត់​ចាស់ និង​ទើប​បង្កើត​ថ្មី បាន​ដំណើរការ​ផ្លាស់ប្តូរ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ព្រមទាំង បញ្ជាក់​ឯកសារ​ផ្លាស់ប្តូរ​លំនៅឋាន បានធ្វើ​ការងារ​ទាំងនេះ​ដោយ​មិន​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ នោះទេ​។ ស្លាក​អក្សរ ធ្វើ​ការងារ​ទាំងនេះ ដោយ​មិន​យក​កម្រៃ ត្រូវបាន​បិទ​នៅ​ជញ្ជាំង​តាម​ប៉ុស្តិ៍ ប៉ូលិស​ឃុំ​សង្កាត់​ទាំងនោះ​។​
​ ​
​ក៏ប៉ុន្តែ​ក៏​នៅមាន​ប៉ូលិស​ឆក់​ឱកាស​មួយចំនួន​តូច នៅតែ​បន្ត​រកលុយ​តាមរយៈ​សេវា​រត់ការ ឬក៏​ទារ​យកលុយ​ត្រង់ៗ​ពី​ប្រជាពលរដ្ឋ ដែល​មិនមាន​ពេល ឬក៏​មិនបាន​សរសេរ​ពាក្យ​ស្នើ សុំ​ធ្វើ​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ឬក៏​ស្នើសុំ​បញ្ជាក់​ផ្លាស់ប្តូរ​ទីលំនៅ ជាដើម​។ ទាំងនេះជាហេតុ​នាំ​ឲ្យ​បង្ក​ការ​អាក់អន់ចិត្ត ឬ​បង្ក​ការរិះគន់​លើ​ប៉ូលិស​ល្អៗ​ផ្សេងទៀត​។​
​ ​
​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បាន​ខិតខំ​ធ្វើយ៉ាងណាឲ្យ​ការផ្តល់សេវា​ទាំងនេះ កាន់តែ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ហើយ​។ ដូច្នេះ​មន្ត្រី​មូលដ្ឋាន រាប់​ចាប់ពី​ថ្នាក់​ក្រុម ភូមិ និង​ឃុំ​សង្កាត់ ទាំង​ប៉ូលិស ទាំង​ស៊ីវិល ក៏​គួរតែ​ចូលរួម​អនុវត្ត​នូវ​សេចក្តី សម្រេច និង​ការណែនាំគោលការណ៍​នានា ឲ្យ​មាន​ប្រសិទ្ធភាព​។ មិនជា​រឿង​ល្អ​ទេ ដែល​កំណត់​ទារលុយ​ប្រជាពលរដ្ឋ ក្នុង​សម័យនេះ​។ គេ​មាន​ហ្វេ​ស​ប៊ុ​ក ទូរស័ព្ទដៃ​គ្រប់គ្នា តែមាន​រឿង​អី គេ​ថត​ផ្សាយ​បង្ហោះ ហ្វេ​ស​ប៊ុ​ក នោះ​នឹង​នាំ​ឲ្យ​វីវរ​ទៅវិញ​ទេ ចំពោះ​មន្ត្រី​ខិលខូច​មួយចំនួន​។ បើ​ដឹង​ដល់​ថ្នាក់លើ អាច​នឹង​របូត​ស័ក្តិ​អស់​ការងារ​ធ្វើ ហើយ​បើ​ករណី​ធ្ងន់ធ្ងរ អាច​នឹង​ជាប់គុក​ថែមទៀត​ក៏​ថា​បាន​៕ ដោយៈ ម៉េង​ឆៃ​/hA