រថភ្លើង​បុក​រថយន្តក្រុង​នៅ​ប៉ា​គី​ស្ថាន សម្លាប់​មនុស្ស​២២​នាក់​

151
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ បាន​បុក​រថយន្តក្រុង​មួយ​ដែល​ដឹក​អ្នក​ធម្ម​យាត្រា​ច្រើន​នាក់ នៅ​ផ្លូវ​ឆ្លងកាត់​រថភ្លើង​មួយ ដែល​មិន​មនុស្ស​ចាំ​បញ្ជា​ចរាចរណ៍​នៅ​ប្រទេស​​ប៉ា​គី​ស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​២២​នាក់ និង​របួស​អ្នក​ធម្មយា​ត្រា​៦​នាក់ ។

​ក្រុមមន្ត្រី​បាន​និយាយថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​៣​កក្កដា នៅ​ទីក្រុង​ស៊ី​ក​ហ៊ូពូ​រ៉ា នៅ​ខេត្ត​ពុន​ចាប ។​

​ក្រុម​អ្នក​ធម្ម​យាត្រា​នេះ បាន​ធ្វើដំណើរ​ពី​ទីក្រុង​ប៉េ​សាវ៉ា ហើយ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​ពី​តំបន់​ទី​សក្ការបូជា​មួយ​នៅ​ទីក្រុង​ស៊ី​ក​ហ៊ូពូ​រ៉ា​។​

​ការវាយតម្លៃ​ពីដំបូង បានបង្ហាញ​ថា​ អ្នកបើក​រថយន្ត​ក្រុង​នេះ បាន​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ខណៈ​ដែល​រថភ្លើង​បាន​បើក​មក​ជិត ប៉ុន្តែ​រថយន្តក្រុង​នោះ​បាន​រអិល​ជាប់​នៅ​ផ្លូវ​រថភ្លើង​នោះ​។​​ទោះ​យ៉ាងនេះក្តី ក្រុមមន្ត្រី​បាន​កំពុង​ធ្វើ​ការស៊ើបអង្កេត​នៅឡើយ​ទេ​។​

​រូបភាព​ពី​ទូរទស្សន៍​បានបង្ហាញ​រថភ្លើង​និង​រថយន្ដក្រុង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ផ្លូវ​រថភ្លើង​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/hA

អ្នក​រងរបួស​ក្នុង​គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ត​ក្រុង​កាលពី​ថ្ងៃ​សុក្រ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ប៉ា​គី​ស្ថាន