ទិដ្ឋាការ​, ទ្រឹស្ដិ​, មូលដ្ឋាន​, មូល​, ទិន្នន័យ​, បូរណភាព​, ប្រព័ន្ធ​, ប្រភព​, ប្រសព្វ​

175
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ទិដ្ឋាការ ( ន​. ) (​ទិ​ដ្ឋ + អាការ​) អា​ការដែល​បានឃើញ​, បាន​ចួប​ប្រទះ​មកហើយ ។ សព្វថ្ងៃ ពាក្យ​នេះ​ប្រើ​សំដៅយក​ហត្ថលេខា​ជា​ចាំបាច់ នៃ​អ្នករាជការ​មាន​សម្ថ​កិច្ច​ដែល​ត្រូវ​ចុះ​លើ លិខិត​ផ្សេងៗ មាន​លិខិតឆ្លងដែន​និង​អាណត្តិ​បើកប្រាក់​ជាដើម ជាការ​បញ្ជាក់ថា​ខ្លួន​បាន ពិនិត្យឃើញ​ត្រឹមត្រូវ​ហើយ : លិខិត​នេះ មាន​ទិដ្ឋាការ​ពី​ក្រុម​សន្តិសុខ​ជាតិ​ហើយ​ឬ​នៅ ?; អាណត្តិ​បើកប្រាក់​នេះ ក្រុម​អភិបាល​ប្រាក់​ចំណាយ​មិនទាន់​ចុះ​ទិដ្ឋាការ​នៅឡើយ​ទេ ព្រោះ​មានការ​ទាស់ខុស​… (​បារ​. Visa) ។

ទ្រឹស្ដិ ( ន​. ) ពាក្យ​នេះ សព្វថ្ងៃ​ប្រើ​ជា ទ្រឹស្ដី (​ជើង ដ​) គឺ​ការ​ឃើញ​ដោយ​ភ្នែក ឬ​ការយល់ឃើញ ដោយ​គំនិត​ប្រាជ្ញា​យោបល់​, គោលការណ៍​ដែល​ពន្យល់​ចង្អុល​ប្រាប់​នូវ​ដំណើរ​ទំនង​នៃ​កិច្ចការ ទាំងពួង​ដែល​ត្រូវធ្វើ​យ៉ាងណាៗ : រឿងនេះ​គ្រាន់តែ​ជា​ទ្រឹស្ដី​ទេ​, បុគ្គល​នេះ​មានតែ​ទ្រឹស្ដី តែ​មិនទាន់មាន​ការប្រតិបត្តិ ឬ​ការពិសោធ​នៅឡើយ​ទេ​; ទ្រឹស្ដី​ទុកជា​មូលដ្ឋាន​នៃ​កិច្ច​ប្រតិបត្តិ ។

មូលដ្ឋាន (​ន ) ស្ថាន​ដើម​, ទី​ដែលជា​ឫសគល់​, ទីតាំង​មាំ​, គោលការណ៍​សំខាន់​, គ្រឿង​គាំទ្រ : មូលដ្ឋានទ័ព​, រឿងនេះ​គ្មានអ្វី​ជា​មូលដ្ឋាន​ទេ​; អាកាស​ដែលជា​ទីតាំង​ដំបូងបង្អស់​នៃ​ការកើត ពិភពលោក ។ មូលធន (​មូលៈ​ធន់​) ទ្រព្យ​ដើម​, ដើមទ្រព្យ​, ប្រាក់​ដើម​, ដើមទុន ។ មូលធម៌ ធម៌​ជា​ឫសគល់​របស់​មនុស្ស ។​

មូល ( កិ​. ) រួបរួមគ្នា​, ជុំគ្នា​, មិន​បែកខ្ញែក​គ្នា : មូលកូនចៅ​, មូលគ្នា ។ ប្រើ​ជា កិ​. វិ​. ក៏បាន : នៅ​មូលគ្នា​, ឈរ​មូលគ្នា​, អង្គុយ​មូលគ្នា ។ មូលគំនិត​គ្នា ដែលមាន​គំនិត​រួម​ចូលគ្នា​តែ​ផ្លូវ​មួយ ។ មូលចិត្ត ដែលមាន​ចិត្ត​ស្លុង​ក្នុង​អារម្មណ៍​តែមួយ ។ មូលត្រកូល មូលគ្នា​មួយ​ត្រកូល​, នៅ​រួមគ្នា ជា​សុខ​មួយ​ត្រកូល​ឥតមាន​ព្រាត់​ប្រាសនិរាស ។ ( គុ​. ) ដែលមាន​មណ្ឌល​ជុំវិញ​ឥត​ជ្រុង ឥត​ផត ឥត​ប៉ោង : តុមូល​, ប្រអប់​មូល ។ មូលណិល មូល​រលីង​ស្អាត​ធេង ។ ដំឡូង​មូល (​ល្ងង់​សុទ្ធ សាធ​, ល្ងង់​ទាំងស្រុង ឥតមាន​ចំណេះ​អ្វី​ក្នុង​ខ្លួន : មនុស្ស​ដំឡូង​មូល ។

ទិន្នន័យ ( ន​. ) (​ទិន្ន​+​ន​យ​) ន័យ​ឬ​សេចក្ដីពន្យល់​ដែល​គេ​បាន​ឲ្យ​ហើយ​, ចំណុច​សំខាន់​យ៉ាង ពិតប្រាកដ​ដែល​បាន​ពន្យល់​រួចហើយ : គប្បី​ធ្វើតាម​ទិន្នន័យ​នេះ​ចុះ​មិន​ខុស​ទេ ។

បូរណភាព ( ន ) ភាព​ពេញ​គ្រប់គ្រាន់​, ការ​ពេញ​ឥត​ខ្វះ​កន្លះ ។

ប្រព័ន្ធ ( កិ​. ) ចងរឹត​រួត​, ឆ្វាក់​ជំពាក់​”) ចងរឹត​រួត​, ចង​ឆ្វាក់​; ចងក្រង​ជា​គាថា​ឬ​ជា​កាព្យ : ប្រព័ន្ធ​គា ថា​សំស្ក្រឹត​ឬ​គាថា​បាលី​, ប្រព័ន្ធ​កាព្យ គឺ​តែង​គាថា​, តែង​កាព្យ ។ អ្នក​ប្រព័ន្ធ អ្នក​តែងសេចក្ដី​ជា កាព្យ​រាយ​ឬ​ជា​គាថា​, ជា​កាព្យ ។

ប្រភព ( ន​. ) ដែន​កើត​, ទី​ដែល​កើតមុន​, ហេតុដែល​បណ្ដាល​ឲ្យ​កើត​, ដើមកំណើត : តណ្ហា ជា​ប្រភព​នៃ​សេចក្ដី​ទុក្ខលំបាក​គ្រប់យ៉ាង​, ការងារ​ជា​ប្រភព​នៃ​ទ្រព្យសម្បត្តិ ។ ក្បាល​ស្ទឹង​, ក្បាល​ទន្លេ​, មេទឹក (​បារ​. Source) ។​

ប្រសព្វ ( កិ​. ) ឬ​ប្រើ​ជា ន​. “​ការធ្វើ​ហោមពិធី​; ការ​បានសម្រេច​ប្រយោជន៍​; ការ​បាន​ប្រទះ​; ការ​សម្រាលកូន​…”) ជួប​ប្រទល់​មុខ​គ្នា​; រួមចិត្ត​គំនិត​គ្នា​; នៅ​រួមសុខទុក្ខ​នឹង​គ្នា : ប្ដី​ប្រពន្ធ​គេ ទាំងពីរ​នាក់​នុះ មាន​អធ្យាស្រ័យ​ល្អ​ណាស់ តាំងពី​ប្រសព្វ​គ្នា​មក មិនដែល​ឮ​ឈ្លោះទាស់ទែង ខ្វែងគំនិត​គ្នា​ដល់​ម្ដងណា​ឡើយ ។ គុ​. ឬ កិ​. វិ​. ដែល​មានមុខ​ប្រទល់​រួម​ចូលគ្នា : ទន្លេ​ប្រសព្វ​មុខ​; ទឹក​ប្រសព្វ​គ្នា ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា