វៀតណាម​បង្ហាញ​នូវ​តួនាទី​សកម្ម​និង​មានការ​ទទួលខុសត្រូវ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​

374
ចែករម្លែក

ការរៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ ក្នុង​បរិបទ​ដែល​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩( COVID-19) មាន​ការវិវត្ត​ដ៏​ស្មុគស្មាញ​នោះ វៀតណាម​បានបញ្ជាក់​ជាថ្មី​ម្តងទៀត​នូវ​តួនាទី​ជា​អ្នកត្រួសត្រាយ​ផ្លូវ សកម្ម​និង​មានការ​ទទួលខុសត្រូវ​ជា​ប្រធាន​អាស៊ាន​។​
​ជាមួយនឹង​សេចក្តីថ្លែងការណ៍​“​ចក្ខុវិស័យ​ស្តីអំពី​អាស៊ាន​មួយ​មាន​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​:​ជម្នះ​រាល់​បញ្ហា​ប្រឈម​និង​រក្សា​កំណើន​ប្រកបដោយ​ចីរភាព​” និង​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី “​ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ពិភព​ការងារ​ដែល​កំពុង​ផ្លាស់ប្តូរ​” កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នា​ន​សុទ្ធតែ​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ ខណៈពេលដែល ប្រទេស​អាស៊ាន​ទាំង ១០ បាន​សម្តែង​ការ​ស្រុះចិត្ត​គំនិត និង​ឯក​ភាពជា​ឯកច្ឆន្ទ​ក្នុងការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​ជំងឺ​រាតត្បាត កូ​វីដ​១៩ ទន្ទឹមនឹង​ការស្តារ​សេដ្ឋកិច្ច – សង្គម​នៅក្នុង​តំបន់​។​

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ផ្សាយចេញពីរដ្ឋធានីហាណូយនៃប្រទេសវៀតណាម (រូបថត៖ Bangkok Post)


​នេះ​គឺជា​កិច្ចប្រជុំ​កំពូល​ជាប្រចាំ​របស់​អាស៊ាន ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើត​និង​ការអភិវឌ្ឍន៍​របស់​ស​មា​គម​។ ធ្វើការ​វាយតម្លៃ​នូវ​តួនាទី​របស់​វៀតណាម ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជាច្រើន​ក៏ដូចជា​សាធារណៈមតិ​អន្តរជាតិ​បាន​ចែករំលែក​ថា វៀតណាម​បាន​បំពេញ​យ៉ាង​ល្អប្រសើរ​នូវ​តួនាទី​ជា​ប្រធាន​អាស៊ាន​ក្នុង​រយៈពេល ៦ ខែ​កន្លងមក​។​
​អគ្គលេខាធិការ​អាស៊ាន​លោក Dato Lim Jock Hoi មានប្រសាសន៍ថា ប្រធានបទ​នៃ​ឆ្នាំ​ប្រធាន​អាស៊ាន​របស់​វៀតណាម​ស្តីពី​ការកសាង “​អាស៊ាន​មួយ​មាន​ភាព​ស្អិតរ​មួ​ត​និង​មានការ​ឆ្លើយតប​“ គឺ​សមស្រប​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ព្រមទាំង​អះអាងថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ គឺជា “​សក្ខីភាព​ជាក់ស្តែង​” សម្រាប់​ចំណង​សាមគ្គីភាព​និង​តួនាទី​ដឹកនាំ​របស់​អាស៊ាន ដែល​បាន​សម្តែង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​។​


​ចំណែកឯ​នាយករដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith បាន​វាយតម្លៃ​ជា​វិជ្ជមាន​លើ​ជោគជ័យ​របស់​អាស៊ាន​ក្នុង​រយៈពេល​កន្លងមក ខណៈដែល​អនុរដ្ឋមន្ត្រី​ការបរទេស​និង​ជា​ប្រធាន SOM អាស៊ាន​ឡាវ លោក Thongphane Savanphet បាន​អះអាងថា វៀតណាម​បាន​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​យ៉ាង​ល្អ ចាប់ពី​ដើម​អាណត្តិ​មក​រហូតដល់​បច្ចុប្បន្ន​នេះ​។ យោងតាម​លោក​ប្រធាន SOM អាស៊ាន​ឡាវ​រូបនេះ ទោះបី​កំពុង​ប្រឈមមុខ​នឹង​ការលំបាក​ជាច្រើន​ក៏ដោយ​ក៏​វៀតណាម​បាន​ដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​សហប្រតិបត្តិកា​រ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត COVID-19 ក៏ដូចជា​សកម្មភាព​ផ្សេងទៀត​។​
​អញ្ជើញ​ចែករំលែក​អំពី​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច តេ​ជោ​ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​វៀត​ណា​ម​ក្នុង​ការដឹកនាំ​អាស៊ាន ថ្វីត្បិតតែ​ជួបប្រទះ​នឹង​ការលំបាក​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត COVID-19 ក៏ដោយ​។​


​ជាមួយគ្នានេះដែរ លោក Ahmad Ibrahim Almutaqqi នាយក​កម្មវិធី​ស្រាវជ្រាវ​អាស៊ាន​នៃ​មជ្ឈមណ្ឌល Habibie – ឥណ្ឌូណេស៊ី បាន​ចាត់ទុកថា កិច្ចប្រជុំ​កំពូល​លើក​នេះ មិន​ត្រឹមតែ​ឆ្លើយតប​ទៅនឹង​ជំងឺ COVID-19 ដែល​កំពុង​គំរាមកំហែង​ដល់​សុខភាព​សកលលោក​ប៉ុណ្ណោះ​ទេ ថែមទាំង​រិះរក​ដំណោះស្រាយ​សម្រាប់​ដំណាក់កាល​ក្រោយ​ជំងឺ​រាតត្បាត​ទៀតផង​។ នេះ​ក៏​ជា​ឱកាស​សំខាន់​សម្រាប់​អាស៊ាន ក្រោម​ការដឹកនាំ​របស់​វៀតណាម​ក្នុង​ឆ្នាំ​កាន់តំណែង​ប្រធាន​ប្តូរ​វេន​។ ដ្បិតតែ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 បាន​រំខាន​ដល់​សកម្មភាព​របស់​អា​ស៊ាន​ក៏ពិតមែន ប៉ុន្តែ​វៀតណាម​បាន​បំពេញការងារ​របស់ខ្លួន​យ៉ាង​ល្អ បន្ត​ដឹកនាំ​អាស៊ាន​ប្រតិបត្តិ​រាល់​សកម្មភាព ដែល​ក្នុងនោះ មានការ​រៀបចំ​កម្ម​កិច្ចប្រជុំ​កំពូល​សំខាន់ៗ​ផងដែរ​។​


​អ្នកប្រាជ្ញ​ល្បីឈ្មោះ​ឥណ្ឌូណេស៊ី​ម្នាក់ទៀត គឺ​សាស្ត្រាចារ្យ Aleksius Jemadu បាន​វាយតម្លៃថា វៀតណាម​បាន​ដើរតួនាទី​ល្អ​ក្នុងការ​ដឹកនាំ​ប្រទេស​សមាជិក ដើម្បី​រក្សា​ម​ជ្ឈ​ភាព​របស់​អាស៊ាន ក៏ដូចជា​ធានា​ប្រទេស​សមាជិក​ទាំងអស់​រក្សា​សាមគ្គីភាព​និង​ឯកភាព​ផ្ទៃក្នុង​ក្នុង​គោលបំណង​រក្សា​ស្ថេរភាព​ក្នុង​តំបន់​។​
​លោក​សាស្ត្រាចារ្យ Aleksius បានបង្ហាញ​នូវ​ជំនឿ​ថា វៀតណាម​ស្ថិតក្នុង​ជំហរ​ល្អ​បំផុត​នៃ​ភាពជា​អ្នកដឹកនាំ​អាស៊ាន​នាពេលនេះ​។ លោក​បាន​សង្កត់ធ្ងន់ថា “​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត​សុទ្ធតែ​រំពឹងថា វៀតណាម​នឹង​ដើរតួនាទី​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ​បង្រួបបង្រួម​អាស៊ាន​និង​ផ្តល់​អាទិភាព​ដល់​ការលើកកម្ពស់​តួនាទី​ម​ជ្ឈ​ភាព​របស់​អាស៊ាន​នៅក្នុង​អាណត្តិ​ប្រធាន​អាស៊ាន ២០២០ របស់ខ្លួន​”​។​
​បណ្ឌិត Balaz Szanto នៃ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ Webster Thailand (​ថៃ​) បាន​លើក​ច្បាស់​ថា វៀតណាម​ជា​សមាជិក​សំខាន់ និង​ជា​ប្រទេសមួយ​ដែលមាន​តួនាទី​សំខាន់​ក្នុង​អាស៊ាន​។ តួនាទី​ជា​អ្នកដឹកនាំ​អាស៊ាន​របស់​វៀតណាម​នឹងមាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​បញ្ហា​ក្នុង​តំបន់​ជាពុំខាន​។​

នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ថ្លែង​មតិ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ (​រូប​ថ​តៈ VGP)


​ចំណែកឯ​គេហរ​ទំព័រ rsis.edu.sg របស់​សិង្ហ​បុរី​ចេញផ្សាយ​នៅ​ថ្ងៃទី ២៤ ខែមិថុនា មាន​បទ​អត្ថាធិប្បាយ​អំពី​តួនាទី​របស់​វៀតណាម​ក្នុងការ​ជំរុញ​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​យ៉ាងសកម្ម​របស់​អាស៊ាន​។ យោងតាម​អត្ថបទ​នេះ ប្រធានបទ​របស់​អាស៊ាន​ក្នុងឆ្នាំនេះ “​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​” វៀតណាម​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​យ៉ាង​មាន​ប្រសិទ្ធិភាព​ក្នុងការ​ទទួលយក​តួនាទី​ជា​ប្រធាន​អាស៊ាន ២០២០ ជាមួយនឹង​ភារកិច្ច​អាទិភាព​គឺ​ដឹកនាំ​អាស៊ាន​ឆ្ពោះទៅរក​យុទ្ធសាស្ត្រ​រួមមួយ​ដើម្បី​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត COVID-19​។​
​ដោយមាន​ការសម្របសម្រួល​ប្រកបដោយ​ភាព​ប៉ិនប្រសព ដឹកនាំ​ប្រទេស​ជា​សមាជិក​ដើម្បី​គ្រប់គ្រង​រាល់​បញ្ហា​ប្រឈម​នោះ ជាថ្មី​ម្តងទៀត វៀតណាម​បាន​អះអាង​នូវ​ការប្តេជ្ញាចិត្ត ដើម្បី ឆ្ពោះទៅរក​អាស៊ាន​មួយ “​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​” ដូច​អ្វីដែល​វៀតណាម​ធ្លាប់​បានធ្វើ​។​


​ធ្វើការ​វាយតម្លៃ​អំពី​សកម្មភាព​របស់​វៀ​ត​ណា​ម​ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ ជាពិសេស​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) លោក​បណ្ឌិត Chehheang Vannarith ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) មាន​មូលដ្ឋាន​នៅ​ភ្នំពេញ (​កម្ពុជា​) បាន​វាយតម្លៃថា ក្នុង​ឆ្នាំ​កាន់ដំណែង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន វៀតណាម​បាន​សម្របសម្រួល​និង​ជំរុញ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ដំណើរការ​ចរចារ​ដើម្បី​ឈានដល់​ការព្រមព្រៀង​និង​ឆ្ពោះទៅ​បញ្ចប់​ការចរចារ RCEP ទោះបីជា​ឥណ្ឌា​សម្រេចចិត្ត​ដកខ្លួន​ចេញ​នៅ​នាទីចុងក្រោយ​ក៏ដោយ​។​


​យ៉ាងណាមិញ លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ និង​មុន​នោះ​ពីរ​ខែ​គឺ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​បូក ៣ ស្តីពី​ការឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19 ដែល​បានកត់សម្គាល់​នូវ​ភាពជា​អ្នកដឹកនាំ​របស់​វៀតណាម​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុនមក រួមចំណែក​ក្នុងការ​លើកកម្ពស់​សាមគ្គីភាព​និង​ឯកភាព​ក្នុង​អាស៊ាន​៕សរន