ចិន​ច្រាន​ចោល​ការរិះគន់​របស់​អាម៉េរិក​អំពី​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

363
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​០៣​កក្កដា​បាន​ច្រាន​ចោល​ការរិះគន់​របស់​ក្រសួង​ការពារជាតិ​អាម៉េរិក​ចំពោះ​ផែនការ​របស់​ចិន​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ថា​គឺ​អាម៉េរិក​ទេ​ដែល​ត្រូវស្តី​​បន្ទោស​ចំពោះ​ការបង្ក​ភាព​តានតឹង​នៅក្នុង​តំបន់​។​

​ក្រសួង​ការពារជាតិ​អាម៉េរិក​(​មន្ទីរ​បញ្ច​កោណ​»​បាន​និយាយ​កាលពី​ថ្ងៃ​០២​កក្កដា​ថា ការធ្វើ​សមយុទ្ធ​យោធា​នៅ​ដែនទឹក​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង វា​ផ្ទុយ​នឹង​ន័យ​ស្ថាបនា ក្នុង​កិច្ចខិតខំ​សម្រាល​​ភាព​តានតឹង​និង​រក្សា​ស្ថិរភាព​ក្នុង​តំបន់​។​

​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន បាន​តប​វិញ​ថា សមយុទ្ធ​យោធា​នេះ​ស្ថិតក្នុង​ដែន​អធិបតេយ្យភាព​ចិន​និង​ថា «​ប្រទេស​មិន​នៅក្នុង​តំបន់​ខ្លះ​» បាន​មក​ធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​​ចិន​ខាងត្បូង​ដែល​ធ្វើអោយ​ប៉ះពាល់​ស្ថិរភាព​ក្នុង​តំបន់​។​

​លោក​ចាវ​មិន​បាន​បញ្ជាក់​ឈ្មោះ​ប្រទេស​ណា​ទេ តែ​សហរដ្ឋ​អាម៉េរិក​តែង​បាន​ធ្វើ​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​បញ្ជូន​នាវាចម្បាំង​បើក​កាត់​តំបន់​នេះ​ដើម្បី​បញ្ជាក់​អះអាង​​សិទ្ធិ​នៅ​លើ​ផ្លូវ​ដឹកជញ្ជូន​អន្តរជាតិ​ដ៏​សំខាន់​នេះ​។​

​ចិន​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​ត្រូវ​ធ្វើ​លំ​ហាត់​យោធា​៥​ថ្ងៃ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​០១​កក្កដា នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដែល​អះអាង​ជា​កម្ម​សិទ្ធ​ដោយ​វៀតណាម​និង​ចិន​។​

​វៀតណាម​និង​ហ្វីលីពីន ក៏​បាន​ធ្វើ​ការរិះគន់​ស​ម​យុទ្ធ​នេះ និង​ព្រមាន​ថា​វា​នឹង​បង្ក​ភាព​តានតឹង​នៅក្នុង​តំបន់ ហើយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ចិន​ប៉េកាំង​ជាមួយ​ប្រទេសជិតខាង​៕​ប្រែ​សម្រួល​៖​វាសនា​

​កងទ័ពជើងទឹក​ចិន​ចាប់ផ្តើម​សមយុទ្ធក្នុងសមុទ្រចិនខាងត្បូងកាលពី​ថ្ងៃ​០១​កក្កដា​និង​បន្ត​ដល់​ថ្ងៃ​០៥​កក្កដា​