អាកាសយានដ្ឋានធំរបស់ថៃផ្តល់ជូនការធ្វើតេស្តលឿនៗរកកូវីដ១៩ដល់ភ្ញៀវអន្តរជាតិ

223
ចែករម្លែក

អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ថៃបានបង្ហាញការធ្វើតេស្តរកកូវីដ១៩បានយ៉ាងឆាប់រហ័សកាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា សម្រាប់ការមកដល់របស់ភ្ញៀវពីក្រៅប្រទេសមួយចំនួន បន្ទាប់ពីការហាមឃាត់រយៈពេល ៣ ខែទៅលើភ្ញៀវទេសចរបរទេសត្រូវបានដកចេញដោយអន្លើរនៅក្នុងខែនេះ។

ជនបរទេសទាំងអស់លើកលែងតែអ្នកដែលមានការអនុញ្ញាតការងារត្រូវបានហាមឃាត់ចាប់តាំងពីខែមីនាប៉ុន្តែបន្ទាប់ពីជាង ៥ សប្តាហ៍ដោយមិនមានការឆ្លងក្នុងសហគមន៍ ថៃកំពុងអនុញ្ញាតឱ្យក្រុមជនបរទេសមួយចំនួនចូលមកវិញហើយ។

អ្នកដំណើរធុរកិច្ចអ្នកការទូតនិងភ្ញៀវរដ្ឋាភិបាល ដែលស្នាក់នៅតិចជាង ១៤ ថ្ងៃ ត្រូវបានចាត់ទុកជា “អ្នកដំណើរចូលលឿនចេញលឿន” ដែលនឹងត្រូវធ្វើតេស្តរកកូវីដ១៩នៅឯអាកាសយានដ្ឋានសុវណ្ណភូមិដើម្បីធានាថាពួកគេគ្មានមេរោគមុននឹងចូលប្រទេសថៃ។

លោក ស៊ូវីច ធម្មាប៉ាឡូ មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃបាននិយាយថា “ការធ្វើតេស្តនេះត្រូវចំណាយពេលប្រហែល ១ ម៉ោងកន្លះ”។ លោកនិយាយថា ការប្រើប្រាស់វិធីធ្វើតេស្តបែបនេះអាចនឹងពង្រីកនៅពេលអនាគតសម្រាប់ការមកដល់របស់ទេសចរដទៃទៀត។

ការធ្វើតេស្តនៅអាកាសយានដ្ឋាន ដែលគិតថ្លៃ ៣.០០០ បាត គឺជាការតម្រូវចាំបាច់សម្រាប់អ្នកដំណើរចេញចូលលឿនៗ ដោយមិនចាំបាច់ចំណាយពេលបង្ខាំងខ្លួនឯង ១៤ ថ្ងៃ ហើយតេស្តនេះគឺតម្រូវការសម្រាប់ជនបរទេសផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យចូលថៃក្នុងពេលថ្មីៗនេះរាប់ចាប់ពីអ្នកដែលមានឋានៈជាអ្នករស់នៅស្រុកថៃឬគ្រួសារនៅក្នុងប្រទេសថៃក៏ដូចជានិស្សិតអន្តរជាតិផងដែរ។

លោកធម្មាប៉ាឡូបានបន្ថែមថា រដ្ឋាភិបាលកំពុងពិចារណាលើផែនការបើកឱ្យមានការធ្វើដំណើរអន្តរជាតិច្រើនថែមទៀតនៅខែកញ្ញា៕ ដោយ៖ កញ្ញាដាលីស

អាកាសយានដ្ឋានសុវណ្ណភូមិផ្តល់ជូនការធ្វើតេស្តលឿនៗរកកូវីដ១៩ដល់ភ្ញៀវអន្តរជាតិ