គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផ្តល់​ថវិកា​១០​លាន​រៀល​បន្ថែម​ដល់​រាជរដ្ឋាភិបាល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

136
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​បរិច្ចាគ​ថវិកា​ចំនួន ១០​លាន​រៀល​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​ក្នុងនោះ​បានប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បាន​ទម្លាក់​ថវិកា​ចំនួន​១២៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ត្រៀម​បម្រុង​ជួយឧបត្ថម្ភ​សង្គ្រោះ​សង្គម​។​ក្នុងអំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​។​ការបរិច្ចាគ​ថវិកា​នេះ​គឺជា​លើក​ទី​២​ហើយដោយ​លើក​ទី​១​ផ្តល់ជូន​រាជរដ្ឋាភិបាល​ចំនួន ១០​លាន​រៀល​។​

ការប្រកាស​គាំទ្រ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ហ៊ុនសែន​កាលពី​ថ្ងៃទី​២៤​ខែម​កិ​ថុ​នា ឆ្នាំ​២០២០​បាន​បញ្ជាក់ថា​ប្រាក់ឧបត្ថម្ភ​សង្គ្រោះ​សង្គម​អំឡុង​ការវាយលុក​នៃ​ជំងឺ​កូ​វីដ​១៩​នឹងត្រូវ​ធ្វើឡើង​រយៈពេល​២​ខែ​ដំបូង គឺ​នៅ​ខែមិថុនា និង​ខែកក្កដា ឆ្នាំ​២០២០ ។​ប៉ុន្តែ​បើ​ស្ថានការណ៍​របស់​ជំងឺ​នៅតែ​បន្ត នោះ​ជំនួយ​ឧបត្ថម្ភ​សង្គ្រោះ​សង្គម​នេះ​នឹង​បន្ត​ដូចគ្នា​ដោយ​ក្នុង​មួយខែ​រដ្ឋ​នឹងត្រូវ​ចំណាយ​២៥​លាន​ដុល្លារ​ក្នុងពេលដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ប្រាក់​ចំនួន​១២៥​លាន​ដុល្លារ​សម្រាប់​ត្រៀម​បម្រុង​រួចទៅហើយ​។

លោក​ញឹក​ប៊ុនឆៃ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ថា​ការផ្តល់​ថវិកា​ចំនួន​១០​លាន​រៀល​ជា​លើក​ទី​២​គឺ​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​នៅមាន​ការអូសបន្លាយ​មិនទាន់​បញ្ចប់​នៅឡើយ​និង​ផលប៉ះពាល់​មាន​ដល់​ប្រ​រ​ជា​ពលរដ្ឋ​បណ្តាលមកពី​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ។ នេះ​គឺជា​ស្មារតី​មួយ​ដែល​លោក​ចង់បាន គឺ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ អ្នក​ដែលមាន​លទ្ធភាព រួមគ្នា​ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​។

​លោក​បាន​បន្តថា​ក្រៅពី​ការផ្តល់​ថវិកា​ជូន​រាជរដ្ឋាភិបាល​គឺ​លោក​ក៏បាន​ចូលរួម​ផ្សព្វផ្សាយ​គោ​ការណ៍​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​ជាពិសេស​ក្រសួងសុខាភិបាល​ដែល​បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ការពារ​នូវ​ជំងឺ​រាលដាល​កូ​វីដ​-១៩​។​លោក​បាន​ណែនាំ​ឱ្យ​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ទូទាំងប្រទេស​ណែនាំ​ផ្សព្វផ្សាយ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ដល់​ប្រជាពលរដ្ឋ​និង​សមាជិក​គាំទ្រ​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩​។​ឃើញថា​ប្រជាពលរដ្ឋ​មានការ​យល់ដឹងបាន​ច្រើន​អំពី​ការការពារ​ជំងឺ​កូ​វីដ​-១៩​។​

លោក​ញឹក​ប៊ុនឆៃ​បាន​បញ្ជាក់ថា​មូល​ហេតុដែល​កម្ពុជា​មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ច្រើន​និង​មិនមាន​មនុស្ស​ស្លា​ប់ដូ​ប​ជា​បណ្តា​ប្រទេស​មួយចំនួន​គឺ​ដោយសារតែ​វិធានការ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ដែល​បានរៀបចំ​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​បានល្អ​។​ជាការ​ងារ​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​បានល្អ​ក្នុងការ​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​នេះ​។​ម្យ៉ាងទៀត​កម្ពុ​ជាមាន​ធាតុអាកាស​ក្តៅ​ក៏​ជាការ​ចូលរួមចំណែក​មួ​យ​ដែរ​ក្នុងការ​កាត់បន្ថយ​ជំងឺ​រាតត្បាត​នេះ​មិនអាច​ដូច​បណ្តា​ប្រទេសមួយ​ចំនួន​មាន​អាកាសធាតុ​ត្រជាក់​។

លោក​បានលើកឡើង​ថាបើ​សិន​ជា​ជំងឺ​កូ​វីដ​-១៩​នៅតែ​អូសបន្លាយ​គឺ​លោក​នៅតែ​បន្ត​ជួយឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​ទៀត​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​នេះ​ជា​ចំណុច​មាន​សារៈសំខាន់​មួយ​ចង់បង្ហាញ​ដល់​គណបក្សនយោបាយ​ប្រជាពលរដ្ឋ​និង​អ្នករក​ទទួលទាន​ក្តី​ដែលមាន​លទ្ធភាព​ជួយ​ដល់​រាជរដ្ឋាភិបាល​។

សូម​អំពាវនាវ​ឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ទាំង​ថវិកា​ទាំង​ស្មារតី​ទាំង​ការជួយ​ផ្សព្វផ្សាយ​គោលការណ៍​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩​គឺ​ត្រូវ​រួបរួមគ្នា​ទើប​យើង​អាច​ទប់ស្កាត់​ឬ​ទទួលបាន​ជោគជ័យ​បាន​ច្រើន​ចំពោះ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​ជាមួយគ្នានេះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​សូម​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានសម្រេច​ផ្តល់​ថវិកា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដែល​នេះ គឺជា​ការល្អប្រសើរ​ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។

​លោក​បាន​បញ្ជាក់ថា “​នេះ​គឺជា​វិធាន​ការដែល​ល្អ​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ឃើញថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​កម្រិត​នេះ​ក៏​ជាការ​ល្អប្រសើរ​មួយ​ហើយ​ទៅតាម​អ្វីដែល​យើង​មាន ដូច្នេះ​រាជរដ្ឋាភិបាល​គិតគូរ​បែបនេះ គឺជា​ការត្រឹមត្រូវ​ណាស់ ខ្ញុំ​សូម​គាំទ្រ​”៕S/

​រូបថត​៖​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​រូប​ថ​តៈ មុនី​រ័ត្ន​)