ការ​ធ្លាក់ភ្លៀង​ខ្លាំង​សម្លាប់​មនុស្ស​២​នាក់​និង​បង្ខំ​អោយ​ជម្លៀស​មនុស្ស​រាប់ពាន់​នាក់​នៅ​ជប៉ុន​ខាងត្បូង​

234
ចែករម្លែក

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ជប៉ុន​ខាងត្បូង​បាន​បង្ក​ការ​ជន់​លិច​និង​ការបា​ក់ដី​កាលពី​ថ្ងៃ​សៅរ៍​ទី​០៤​កក្កដា បណ្តាលអោយ​ស្លាប់​មនុស្ស​២​នាក់ បាត់​ខ្លួន​ជាង​ដប់​នាក់​និង​បង្ខំ​អោយ​មនុស្ស​រាប់ពាន់​នាក់​​ចាកចេញ​ពី​ផ្ទះសម្បែងរ​បស់​គេ​។​

​មនុស្ស​រាប់រយ​នាក់​ទៀត​កំពុង​ជាប់​លើ​ដំបូង​ផ្ទះ​និង​និង​ហាង​ទំនិញ​ហើយ​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ ។​

​ពួក​មន្ត្រី​បាន​អោយដឹងថា អ្នកស្រុក​ជាង​៧៥.០០០​នាក់​នៅ​តំបន់​គូ​ម៉ា​ម៉ូ​តុ និង​កាហ្គោ​ស៊ីម៉ា ត្រូវ​បាន​សុំ​អោយ​ជម្លៀសចេញ ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កាលពី​រំលង​អាធ្រាត​។​

​ទូរទស្សន៍​NHK បាន​ចាក់​បង្ហាញ​តំបន់​ធំ​ល្វឹងល្វើយ​នៅ​ក្រុង​ហ៊ី​តុ​យ៉ូ​ស៊ី ក្នុង​តំបន់​គូ​ម៉ា​ម៉ូ​តុ ស្ថិតក្រោម​ទឹក​ពណ៌​ភក់ ដែល​ហូរ​ចេញ​ពី​ទន្លេ គូ​ម៉ា​។​រថយន្ត​ជាច្រើន​ត្រូវ​ជន់​លិច​ជិត​ដល់​ដំបូល​នៅពេល​ដី​បាក់​​បាន​បុក​ទម្លុះ​ចូល​ផ្ទះ និង​ទឹកជំនន់​បាន​នាំមក​អង្កត់​និង​មែកឈើ​ម​ពី​ដើមឈើ​ដែល​រលំ​។​

​នៅ​តំបន់​គូ​ម៉ា​ម៉ូ​តុ មនុស្ស​២​នាក់​បាន​ទាញ​ចេញពី​ដី​បាក់​សង្កត់​និង​បាន​បាត់បង់​ជីវិត ខណៈ​មនុស្ស​ប្រមាណ​១៣​នាក់​កំពុង​បាត់​ខ្លួន​។​

​ទឹកជំនន់​ក៏​កាត់ផ្តាច់​ចរន្តអគ្គិសនី​និង​ខ្សែ​ទូរគមនាគមន៍​សំរាប់​ផ្ទះ​រាប់ពាន់​នៅ​តំបន់​គូ​ម៉ា​ម៉ូ​តុ និង​កាហ្គោ​ស៊ីម៉ា​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ បាន​ប្តេជ្ញា​ខិតខំ​ស្វែងរក​អ្នក​បាត់​ខ្លួន ហើយ​កេណ្ឌ​ទាហាន​ប្រមាណ​១០.០០០​នាក់​សំរាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​៕​ប្រែ​សម្រួល​៖​វាសនា​

​ទឹក​ហៀរ​ពី​ទន្លេ​ចូល​ក្រុង ហ៊ី​តូ​យ៉ូ​ស៊ី នៅ​តំបន់​គូ​ម៉ា​ម៉ូ​តុ​កាលពី​ថ្ងៃ​០៤​កក្កដា​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​