ហ្វូងមនុស្សសម្រុកចេញពីប៉េកាំង ក្រោយរដ្ឋាភិបាលដកបម្រាមធ្វើដំណើរ

216
ចែករម្លែក

ប្រជាជននៅទីក្រុងប៉េកាំងបានប្រញាប់ប្រញាល់ទិញសំបុត្ររថភ្លើងនិងសំបុត្រយន្ដហោះចេញពីរដ្ឋធានីរបស់ចិនបន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរជាលើកដំបូងចាប់តាំងពីមានការផ្ទុះឡើងជាថ្មីនៃវីរុសកូរ៉ូណានៅពាក់កណ្តាលខែមិថុនា។

លោកប៉ាន ស៊ូហុង អនុប្រធានការិយាល័យសន្តិសុខសាធារណៈក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃសុក្រទី៣កក្កដាថា ប្រជាជនមកពីតំបន់នានានៃទីក្រុងប៉េកាំងដែលត្រូវបានកំណត់ថាមានហានិភ័យទាបនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីក្រុងដោយមិនចាំបាច់ធ្វើតេស្តអវិជ្ជមានកូវីដចាប់ពីថ្ងៃទី ៤ ខែកក្កដាតទៅ។

ការគ្រប់គ្រងតឹងរ៉ឹងនឹងនៅតែមានលើប្រជាជនមកពីតំបន់ដែលមានហានិភ័យមធ្យមនិងខ្ពស់រាប់សិបកន្លែង។

ក្នុងរយៈពេល ៣០ នាទីនៃការប្រកាសដកបម្រាមធ្វើដំណើរ ការស្វែងរកជើងហោះហើរចេញក្រៅក្រុងបានកើនឡើង ៥ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីមួយថ្ងៃមុននេះ ហើយមានការកើនឡើងជិត ៣៥០ ភាគរយនៃការស្វែងរកកន្លែងស្នាក់នៅសណ្ឋាគារនៅពីរសប្តាហ៍បន្ទាប់។ នេះយោងតាមកាសែត Beijing Daily រាយការណ៍ដែលដកស្រង់ទិន្នន័យពីក្រុមហ៊ុន Tongcheng Travel។

ជីវភាពរស់នៅទើបតែវិលត្រឡប់មករកសភាពធម្មតាវិញក្នុងខែមិថុនានៅពេលដែលប្រជាជនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការរឹតត្បិតយ៉ាងខ្លាំងម្តងទៀត បន្ទាប់ពីការផ្ទុះកូវីដមួយទៀតត្រូវបានរកឃើញនៅក្នុងទីផ្សារលក់ដុំធំបំផុតរបស់ទីក្រុង ដែលជំរុញឱ្យមន្ត្រីក្នុងមូលដ្ឋានបិទទ្វារសាលារៀននិងបិទប្លុកផ្ទះល្វែងមួយចំនួន៕ ដោយ៖ កញ្ញាដាលីស

ប្រជាជនក្រុងប៉េកាំងសម្រុកចេញក្រៅធ្វើដំណើរកម្សាន្តម្តងទៀត ក្រោយរដ្ឋាភិបាលបន្ធូរបន្ថយបម្រាមធ្វើដំណើរ