មិត្តស្រីរបស់កូនលោកដូណាល់ ត្រាំ តេស្តវិជ្ជមានកូវីដ១៩

357
ចែករម្លែក

មិត្តស្រីរបស់កូនប្រុសច្បងរបស់ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានធ្វើតេស្តវិជ្ជមានកូវីដ១៩។

នាង គីមបឺលី ហ្គីលហ្វូយ អតីតបុគ្គលិកទូរទស្សន៍ Fox News ដែលកំពុងទាក់ទងគ្នាជាមួយលោកដូណាល់ ត្រាំជេអា បានធ្វើដំណើរទៅកាន់រដ្ឋសៅដាកូតា ដើម្បីមើលសុន្ទរកថាខួបឯករាជ្យ ៤ កក្កដារបស់ប្រធានាធិបតីអាម៉េរិកនិងមើលការបាញ់កាំជ្រួចអបអរនៅឯភ្នំរ៉ាស់ម័រ។

កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា នាងហ្គីលហ្វូយអាយុ ៥១ ឆ្នាំបាននៅដាច់ពីគេភ្លាមៗបន្ទាប់ពីដឹងថានាងមានផ្ទុកវីរុសកូរ៉ូណានៅក្នុងការធ្វើតេស្តមួយដែលធ្វើឡើងលើមនុស្សគ្រប់គ្នា ដែលរំពឹងមកជួបជាមួយប្រធានាធិបតី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែតញូវយ៉កថែមស៍ លោក សឺជីអូ ហ្គ័រ ជានាយអគ្គសេនាធិការនៃគណៈកម្មាធិការហិរញ្ញវត្ថុនៃយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំ បាននិយាយថា “នាងមានសុខភាពល្អ ហើយនឹងត្រូវធ្វើតេស្តម្តងទៀតដើម្បីធានាថាការធ្វើរោគវិនិច្ឆ័យគឺត្រឹមត្រូវ ដោយហេតុថានាងមិនមានរោគសញ្ញា”។

លោកបានបន្ថែមទៀតថា “ជាការប្រុងប្រយ័ត្ន នាងនឹងលុបចោលរាល់ព្រឹត្តិការណ៍នាពេលខាងមុខ។ ដូណាល់ ត្រាំជេអាបានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែដើម្បីជាការប្រុងប្រយ័ត្នក៏បានបង្ខាំងខ្លួនឯងដាច់ដោយឡែកពីគេដែរ ហើយបានលុបចោលព្រឹត្តិការណ៍សាធារណៈទាំងអស់”។

ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍ថា គីមបឺលី ហ្គីលហ្វូយ គឺជាមនុស្សទី ៣ ជិតស្និទ្ធនឹងប្រធានាធិបតីអាម៉េរិក ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩។

អ្នកផ្សេងទៀតគឺអ្នកបោកគក់ផ្ទាល់របស់លោកត្រាំនិងលេខាព័ត៌មានរបស់អនុប្រធានាធិបតីអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស

គីមបឺលី ហ្គីលហ្វូយ និង ដូណាល់ ត្រាំជេអា