អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា​ក្នុងការ​បង្កើត​វត្ថុ​ដាក់តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​

191
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​នា​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចូលរួម​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា​ដើម្បី​រៀបចំ​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ថាមពល​កកើត​ឡើងវិញ​និង​ឧទ្យាន​ជាតិ​សម្តេច​ហ៊ុនសែន​កំពត​។​

លោក ហង់ ពៅ​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​នៅ​ទីស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយនិង​លោក​ជា​ពិសិដ្ឋ​នាយករង​ផលិតកម្ម​នៃ​អគ្គិសនី​កម្ពុជា​អំពី​ការចូលរួម​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ក្នុងការ​បង្កើត​វត្ថុ​ដាក់តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ថាមពល​កកើត​ឡើងវិញ និង​ឧទ្យាន​ជាតិ​សម្តេច ហ៊ុន សែន កំពត​។​

​លោក​ហង់​ពៅ​បាន​បន្តថា​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ​លោក​ជា​ពិសិដ្ឋ​បានធ្វើ​បទ​បង្ហាញ​នូវ​គោលបំណង​នៃ​ការបង្កើត​សារមន្ទីរ​នៅ​ទីតាំង​ស្ថានីយ៍​វា​រី​អគ្គិសនី​ទំនប់​ធំ​កំចាយ​និង​ចែករំលែក​បទ​សោធន៍​ល្អៗ​។​ព្រមទាំង​បាន​អ​ញ្ចើ​ញ​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចូលរួម​តាំង​បង្ហាញ​កិច្ច​ការរៀបចំ និង​គ្រប់គ្រង​ទឹក​នៅក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​សារមន្ទីរ​ខាងលើ​។​

​លោក​បាន​កោតសរសើរ​ចំពោះ​គម្រោង​ដ៏​ល្អ​មួយ​នេះ​ដែលមាន​ទីតាំង​សមស្រប ព្រមទាំង​រចនាបថ​ខ្មែរ និង​បង្កើត​វត្ថុ​ដាក់តាំង​បង្ហាញ​ការ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​និង​វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​វិស័យ​ថាមពល​អគ្គិសនី​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ និង​ផ្តល់​ចំណេះដឹង​ដល់​សារ​ធា​រណ​ជន​។

​លោក​បាន​បញ្ជាក់ថា​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ក្តី​រីករាយ​នឹង​ផ្តល់​ជា​គំនិត​និង​សហការ​ជាមួយគ្នា​ដើម្បីឱ្យ​ការបង្កើត​សារមន្ទីរ​នេះ​សម្រេចបាន​ដោយ​ភាពជោគជ័យ​ប្រកបដោយ​ប្រណីតភាព​និង​ទុកជា​កេរដំណែល​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕S/

​រូបភាព​:​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា​ក្នុងការ​បង្កើត​វត្ថុ​ដាក់តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ថាមពល​កកើត​ឡើងវិញ និង​ឧទ្យាន​ជាតិ​សម្តេច ហ៊ុន សែន កំពត​៕​អប្សរា​