​អតីតយុទ្ធជន​ប្តឹង​លោក​ផ្កាយ​ពីរ​ម្នាក់​និង​ចៅក្រម​ម្នាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

346
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អតីតយុទ្ធជន​ពិការ​ជើង​ម្ខាង​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទេស សំអាត មេបញ្ជាការរង បញ្ជាការដ្ឋាន​បញ្ជូន​សារ​នៃ​ក្រសួងការពារជាតិ​និង​លោក​ទ្រី សុ​ភ័ត ចៅក្រម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ដើម្បី​រក​យុត្តិធម៌ ពាក់ព័ន្ធ​រឿង​ជួល​កាប់ឆ្ការ​រាន​ដីព្រៃ​របស់​រដ្ឋ​និង​បាន​ប្តឹង​ចាប់គាត់​ដាក់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​។​ប៉ុន្តែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទេស​សំអាត​បាន​បដិសេធថា​មិនបាន​ធ្វើ​អ្វី​ដូច​ការចោទប្រកាន់​នេះឡើយ​។​

​អតីតយុទ្ធជន​ឈ្មោះ ធឹ​ម ឆន និង​ប្រពន្ធ​ឈ្មោះ ញ៉េប ពៅ ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​លោក​ទ្រី សុ​ភ័ត​ចៅក្រម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅ​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​។​

​នៅក្នុង​ពាក្យបណ្តឹង​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គឺ​បាន​ប្តឹង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក ទ្រី សុ​ភ័ត ចៅក្រម ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​លោក​ផ្កាយ​២ ទេស សំអាត ចាប់ឃុំខ្លួន​គាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ដាក់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​។​ពួកគាត់​ទាំងពីរ​ត្រូវបាន​ចាប់​ឃុំ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​នៅ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០​និង សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​។

​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​។ យោងតាម​ពាក្យបណ្ដឹង​លោក​ផ្កាយ​ពីរ ទេស សំអាត បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន បញ្ជូន​សារ ក្រសួងការពារជាតិ​។ លោក​ចៅក្រម ទ្រី សុ​ភ័ត ចោទប្រកាន់​ពួកគាត់​ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍​យោងតាម​ពាក្យ​ប្តឹង​របស់​ពួកគាត់​ដែល​បាន​ប្តឹងទៅ​ក្រសួងការពារជាតិ​។​

នៅក្នុង​ពាក្យបណ្តឹង​បាន​បន្តថា នៅ​ឆ្នាំ​២០០២ ពួកគាត់​មាន​គ្នា​ចំនួន​១២​គ្រួសារ ត្រូវបាន​លោក​ទេស សំអាត ជួល​ទៅ​កាប់​រាន​ដីព្រៃ​របស់​រដ្ឋ មក​ធ្វើជា​កម្ម​សិទ្ធ​ចំនួន​ពីរ​ទីតាំង មាន​ទំហំ ២២០​ហិកតា ស្ថិតនៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ឆ្នាំ​ដដែល លោក​ផ្កាយ​២ អត់​ប្រាក់​ឈ្នួល​អោយ​ក៍​សុំ​ពួកគាត់​កាប់​រាន​ព្រៃ​យក​ដី​ចែកគ្នា រហូត​កាប់​ព្រៃ​រួចរាល់​ពួកគាត់ បបួល​ទៅ​វាស់ដី​ចែកគ្នា តែ​លោក​ផ្កាយ​ពីរ យក​លេស​ថា​ជាប់រវល់​រហូត ។​

​ក្រោយមក​នៅ​ឆ្នាំ​២០១៤​លោក​ផ្កាយ​ពីរ​ទេស​សំអាត​បាន​យក​អាវុធខ្លី​ទៅ​បាញ់​គំរាម​គាត់​ចំនួន​ពីរ​គ្រាប់​សំដៅ​ទៅលើ​ប្តី​របស់គាត់​តែ​មិន​ផ្ទុះ​។​នៅ​ឆ្នាំ​២០១៣​គាត់​បាន​ទៅសុំ​ក្រុមយុវជន​វាស់វែង​តែ​គេ​មិនទាន់បាន​វាស់​ឱ្យ​ក្រោយមក​ស្រាប់តែ​លោក​ផ្កាយ​ពីរ​ទេស​សំអាត​ទៅធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​រួច​យកទៅលក់​អស់​។
​នៅពេល​គាត់​ប្តឹង​ឱ្យ​ក្រសួងការពារជាតិ​ជួយ​អន្តរាគមន៍​បែរជា​លោក​ទេស​សំអាត​យកពាក្យ​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​ការពា​ជាតិ​ប្តឹង​គាត់​ទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់គាត់​ដាក់ពន្ធនាគារ និង​ឱ្យ​សងជំងឺចិត្ត ៥.០០០​ដុល្លារ​ថែមទៀត​។​

​អតីតយុទ្ធជន​ពិការ​ជើង​ម្ខាង​ឈ្មោះ​ធឹ​ម​ឆន​បាន​អះអាង​ប្រាប់​រស្មី​កម្ពុជា​ថា​គាត់​បានដាក់​ពាក្យ​ប្តឹង​លោក​ចៅក្រម​ទ្រី​សុ​ភ័ត​និង​លោក​ផ្កាយ​ពីរ​ទេស​សំអាត​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ក្រសួងយុត្តិធម៌ និង​សាលាឧទ្ធរណ៍​ដើម្បី​រក​យុត្តិធម៌​។​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទេស​សំអាត​បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ គឺ​មិនមែនជា​ការពិត​នោះទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទេស​សំអាត​មេបញ្ជាការរង​បញ្ជាការដ្ឋាន​បញ្ជូន​សារបាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែកក្កដា​ថា​ដី​នោះ​គឺជា​ដី​របស់​បងប្អូន​របស់​លោក​ហើយ​មាន​ប្លង់រឹង​ត្រឹមត្រូវ​។​ប៉ុន្តែ​គាត់​មិនបាន​ធ្វើ​អ្វី​ទេ​។​ប៉ុន្តែ​ក្រោម​មក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលទៅ​យក​ដី​នោះ​។​បងប្អូន​របស់លោក​ក៏បាន​ផ្ទេរសិទ្ធិ​ឱ្យ​លោក​ជួយ​មើល​ខុសត្រូវ​ដី​នោះ​ជំនួស​។​

​លោក​ក៏បាន​ដាក់ពាក្យ​ប្តឹងទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រហូត​តុលាការ​បានសម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ឈប់​ទន្ទ្រាន​លើដី​កម្មសិទ្ធិ​របស់គេ​តែ​ក្រុម​នោះ​មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​តុលា​ការចេញ​ដីកាចាប់ខ្លួន​ពួក​នោះ​ដាក់ពន្ធនាគារ​។​នៅពេល​ចេញពី​ពន្ធនាគារ​វិញ​ក្រុម​នោះ​នៅតែ​ដើរ​បរិហាកេរ្តិ៍​មកលើ​រូបលោក​។​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បើកផ្លូវ​ឱ្យ​ប្តឹងទៅ​ឧទ្ធរណ៍​។​

​មេបញ្ជាការរង​បញ្ជាការដ្ឋាន​បញ្ជូន​សារបាន​បញ្ជាក់ថា​“…​ភាគី​ម្ខាង​ទៀត​ក៏​គេ​មិន​សុខចិត្ត​ក៏​ឡើង​ប្តឹងទៅ​ឧទ្ធរណ៍​ក្រោម​មក​ស្រាប់តែ​ឡើងទៅ​ប្តឹង​ដល់​ក្រសួងយុត្តិធម៌​ឡើងដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខ្ញុំ​មិនដឹង​ដែរ​ព្រោះ​សំណុំរឿង​កំពុង​នៅក្នុង​ដៃ​តុលាការ​”​។​រីឯ​កលោក​ទ្រី​សុ​ភ័ត​ចៅក្រម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​។​

​ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក​ជិន ម៉ា​លីន ធ្លាប់បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា “​ជា​នីតិវិធី​ក្រសួង​ទទួលបាន​ពាក្យបណ្តឹង​ក្រសួង​នឹង​ពិនិត្យ​មើលថា​តើ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុងការ​ធ្វើការ​ស៊ើបអង្កេត​និង​ធ្វើ​អធិការកិច្ច​ឬ​អត់​?​ប្រសិនបើ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​គេ​នឹងធ្វើ​អធិការកិច្ច​លើ​រឿង​នឹង​”៕S/

​រូបថត​៖​អតីតយុទ្ធជន​ឈ្មោះ ធឹ​ម ឆន និង​ប្រពន្ធ​ឈ្មោះ ញ៉េប ពៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទេស សំអាត មេបញ្ជាការរង បញ្ជាការដ្ឋាន​បញ្ជូន​សារ​