​រដ្ឋមន្ត្រី​លើកទឹកចិត្ត​,​ជំរុញ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​

194
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​៤​ខែកក្កដា​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង អមដំណើរ​ដោយ​លោក អេង ជា​សាន​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​និង​សហការី​។​

​ប្រតិភូ​បាន​អញ្ជើញ​ទៅពិនិត្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​ក្នុង​ឃុំ​ពាម​រក៍​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​ដែលជា​កន្លែង​ចាប់ផ្តើម​នៃ​ភាពជោគជ័យ​របស់​អ្នក​ចិញ្ចឹម​ត្រី​កន្ធាយ​និង​កង្កែប​ទាំងបី​ខេត្ត​ដោយ​សារបាន​ទទួលយក​បច្ចេកទេស​ចិញ្ចឹម ផលិត​ចំណី​បង្កាត់​ពូជ​ពី​មជ្ឈមណ្ឌល​មួយ​នេះ​។

​ប្រភព​ក្រសួងកសិកម្ម​បានបញ្ជាក់​ថា​នាឱកាស​នេះ​លោក​ម៉េង​សុ​ថៃ​ប្រធាន​មជ្ឈមណ្ឌល​បាន​ជម្រាប​លោក​រដ្ឋមន្ត្រី​អំពី​អ្វីដែល​កំពុង​ដំណើរ​នៅ​ទីនោះ​។​លោក​បញ្ជាក់ថា​មជ្ឈមណ្ឌល​នេះ​មាន​ផ្ទៃដី​ជាង​១៦​ហិកតា ដោយ​ចែកជា​អគារ​រដ្ឋបាល ស្រះ​ចិញ្ចឹម ស្រះ​មេ​ពូជ​អាង​ស្តុក​ទឹក​អគារ​ភ្ញាស់​អគារ​ស្នាក់នៅ និង​មន្ទីរពិសោធន៍​។

ភារកិច្ច​សំខាន់​បួន​របស់​មជ្ឈមណ្ឌល​គឺ​ទី​១.​បន្សុទ្ធ​និង​បង្កាត់​ពូជ​និង​អភិរក្ស​ពូជ​ត្រី​ទឹកសាប​ដែល​ជិត​ផុត​ពូជ​,​ទី​២.​សិក្សា​ស្រាវជ្រាវ​ពូជ​និង​ផ្សព្វផ្សាយ​,​ទី​៣.​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​ប្រជាកសិករ​និង​ទី​៤​ផ្តល់​ប្រឹក្សា​យោបល់​អំពី​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​ផលិតកម្ម​វារីវប្បកម្ម​។​បច្ចុប្បន្ន​មជ្ឈមណ្ឌល​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​បង្កាត់​ពូជ​ត្រី​ដោយបាន​ចែកចេញជា​ត្រី​ផលិតកម្ម​មានដូចជា​ត្រី​ពោ ត្រី​ប្រា ត្រី​អណ្តែងរឹង អណ្តែងទន់ ត្រី​ឆ្ពិន ត្រី​កាប បង្កង​និង​កង្កែប​។

​លោក​បន្តថា​នាពេល​អនាគត ដោយមាន​ការយកចិត្ត​ទុកដាក់ ជំរុញ និង​លើកទឹកចិត្ត​ពី​លោក​រដ្ឋមន្ត្រី ដែលមាន​រដ្ឋបាល​ជល​ផល​ជា​អាណាព្យាបាល មជ្ឈមណ្ឌល​នឹង​ខិតខំ​បង្កើន​ការសិក្សា​ស្រាវជ្រាវ​អំពី ចំណី​ពូជ​គុណភាព​ទឹក​ផលប៉ះពាល់​លើ​ផលិតកម្ម​។​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ស្តង់ដារ​ចិញ្ចឹម​ប្រសិទ្ធភាព​សេដ្ឋកិច្ច​និង​និន្នាការ​ទីផ្សារ​ទៅតាម​ប្រភេទ​ត្រី​និង​រដូវ​ផលិត​។​

​ការអភិរក្ស​ពូជ​ត្រី​ទឹកសាប​បង្កាត់​ភ្ញាស់​ពូជ​ត្រី​បង្កង​និង​កង្កែប​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ខេត្ត​និង​ទូទាំងប្រទេស​សំដៅ​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​ត្រី​ទឹកសាប​ទាំង​បរិមាណ និង​គុណភាព​។​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​និង​ឈាន​ជា​ជំហានៗ​ឆ្ពោះ​ទៅធ្វើ​ការផលិត​ឱ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ទាំង​ផ្នែក​បច្ចេកទេស​និង​និតិ​វិធី​ច្បាប់​ក្នុង​គោលដៅ​ចុងក្រោយ​គឺ​ធ្វើការ​នាំចេញ​។​

​លោក​បន្ថែមថា​មិនតែប៉ុណ្ណោះ​មជ្ឈមណ្ឌល​នឹងធ្វើ​ការពង្រីក​សក្តានុពល​ផលិត​កូន​ត្រី​ឱ្យបាន​គ្រប់គ្រាន់​តាម​សេចក្តីត្រូវការ​និង​បន្ត​ពង្រីក​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​វារីវប្បកម្ម​ទំនើប​ទាន់សម័យ​ទាំង​ការ​ភ្ញាស់ ចិញ្ចឹម និង​ចំណី ជូន​ដល់​អ្នក​ចិញ្ចឹម​។

​ប្រភព​ដដែល​បន្តថា​ប​ន្ទា​ប់​ពី​ពិនិត្យ​ជាក់ស្តែង​និង​ស្តាប់​សេចក្តី​រាយ​របស់លោក​ប្រធាន​មជ្ឈមណ្ឌល លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​យកចិត្ត​ទុកដាក់​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ឲ្យ​មានការ​រីកចម្រើន​ស្របតាម​ការអភិវឌ្ឍ​វារីវប្បកម្ម​នាពេល​បច្ចុប្បន្ន​។​

​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​លោក​សុំឱ្យ​មជ្ឈមណ្ឌល​គិតគូរ​ពី​ការធ្វើ​ពាណិជ្ជកម្ម​គឺ​មានន័យថា​បង្កាត់​ពូជ​ចិញ្ចឹម​និង​ធ្វើ​អាជីវកម្ម​ដើម្បី​បង្កើត​ប្រភព​ចំណូល​យកមក​បំពេញបន្ថែម​នូវ​តម្រូវការ​របស់​ម​ជ្ឈ​មណ្ឌល​ទាំង​បញ្ហា​ជីវភាព​។​កិច្ចការ​ស្រាវជ្រាវ​ធ្វើយ៉ាងណា​ឱ្យ​មជ្ឈមណ្ឌល​មានការ​វិវឌ្ឍន៍​ដោយ​ចិ​រ​ភាព និង​និរន្តរភាព​។ ជាពិសេស​លើកកម្ពស់​កំរិតជីវភាព​របស់​មន្ត្រី​ឲ្យ​បានល្អ​ប្រសើរ និង​ធ្វើ​នវានុវត្តន៍​ឲ្យ​បាន​សមស្រប​តាម​កំណើនសេដ្ឋកិច្ច​និង​តម្រូវការ​ស្បៀង​ក្នុង​កាល​:​ទេស​:​ដែល​ប្រទេសជាតិ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​-១៩​។


​គួរ​ស្វែងរក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឬ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដើម្បី​សហការ​ធ្វើជា​អ្នកផ្គត់ផ្គង់​កូន​ត្រី​។ ត្រូវ​លើកកម្ពស់​សមត្ថភាព​ម​ន្ទីរ​ពិសោធន៍ និង​បង្កើន​ការងារ​ស្រាវជ្រាវ និង​អភិរក្ស​បន្ថែមទៀត​។ ជាពិសេស​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​និង​រួមគ្នា​ថែរក្សា​មជ្ឈមណ្ឌល​ទាំងមូល​ឲ្យ​បាន​គង់វង្ស​ទុកជា​ប្រយោជន៍​សម្រាប់​បម្រើ​ការងារ​ស្រាវជ្រាវ​វិស័យ​វារីវប្បកម្ម​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។
​ខិតខំ​ស្វែងរក​ដៃគូ​មកជួយ​ទាំង​ថវិកា​និង​ការងារ​បច្ចេកទេស​ចិញ្ចឹម​និង​បង្កាត់​ពូជ​ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​ស្រាវជ្រាវ​ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក​ឈាន ទៅធ្វើ​ការចិញ្ចឹម ការកែច្នៃ និង​នាំចេញ​ផលិត ផល​ត្រី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នាពេល​អនាគត​។


លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា​នៅ​ទូទាំង​ខេត្តព្រៃវែង​មាន​ប្រជាពលរដ្ឋ​ធ្វើ​វារីវប្បកម្ម​១.២០០​គ្រួសារ​ហើយ​អាច​ចិញ្ចឹម​ត្រី​បាន​ពី​១២​ទៅ​១៤​ពាន់​តោន​ក្នុង​មួយឆ្នាំ​។​បរិមាណ​នេះ​អាច​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង​ខេត្ត​បាន​និង​នាំចេញ​មកកាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​ជាប់​ព្រំប្រទល់​។

តាម​របាយការណ៍​រប​ស់​រដ្ឋបាល​ជលផល​បានឱ្យដឹងថា​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​ជលផល ឆ្នាំ​២០១៥ -២០២៤ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វារីវប្បកម្ម​ឆ្នាំ​២០១៦-២០៣០ កន្លងមក​រដ្ឋ​បាលជ​ល​ផល ក្រសួង​មាន​ក្តី​សង្ឃឹមថា នៅ​ឆ្នាំ​២០២៤ កម្ពុជា​អាច​ផ្គត់ផ្គង់​ផល​ជលផល តាមរយៈ​ការធ្វើ​វារីវប្បកម្ម ប្រមាណ​ជា ៧៤០.០០០ តោន​។​

​គួរ​បញ្ជាក់ថា​ការអញ្ជើញ​ទៅកាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​គឺជា​កម្មវិធី​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​របស់​លោក​រដ្ឋមន្ត្រី និង​សហការី មកកាន់​ខេត្តកំពង់ចាម ខេត្តកណ្តាល និង​ខេត្តព្រៃវែង​៕S/


​រូបៈលោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​លោក​ជា​សុ​មេធី​អភិបាលខេត្ត​ព្រៃវែង​អញ្ជើញ​ទៅពិនិត្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​ក្នុង​ឃុំ​ពាម​រក៍​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​(​រូបថត​ក្រសួងកសិកម្ម​)