ក្រិស យ៉េន ហៅ សុឃុន .មេក្រុម កុមារនៅមន្ទីរក១៧ តំបន់១០៥

304
ចែករម្លែក

ដោយៈ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិតដកស្រង់ចេញពីចម្លើយសារភាពឯកសារ D០២៧០២)ភ្នំពេញៈនេះគឺជាចម្លើយរបស់ ក្រិស យ៉េន ហៅ សុឃុន។ សុឃុន ត្រូវបានអង្គការចាប់ខ្លួននៅខែសីហា ឆ្នាំ១៩៧៧ រួចយកមកឃុំនៅឯភ្នំក្រោល គឺរយៈពេល១ខែបន្ទាប់ពីផែនការផ្តួលរំលំបដិវត្តន៍នៅឯមណ្ឌលគិរីរបស់គាត់បានបែក​ការណ៍។ រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧៧ អង្គការបានបញ្ជូន សុឃុន មកឃុំឃាំងនៅមន្ទីរស-២១វិញ។ យោងតាម​ចម្លើយសារភាព​ឯកសារD០២៧០២ សុឃុន បានរៀបរាប់ពីសកម្មភាព និងឈ្មោះបក្ខពួករបស់ខ្លួនយ៉ាង​ក្បោះក្បាយ ដោយមានឈ្មោះ ជន ឆាយ ជាអ្នកកត់ត្រាការឆ្លើយសារភាពនោះ។ ខាងក្រោមនេះគឺជាការឆ្លើយ​រៀបរាប់​អំពីសកម្មភាពរបស់ សុឃុន មុន និងក្នុងរបបខ្មែរក្រហម៖​​​​​​

ខ្ញុំឈ្មោះ ក្រិស យ៉េន ហៅ សុឃុន។ នៅក្នុងឆ្នាំ១៩៧៨ ខ្ញុំមានអាយុ២៥ឆ្នាំ។ ខ្ញុំគឺជាជនជាតិខ្មែរកាត់ភ្នង។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ក្រង់ រី ធ្វើការនៅមន្ទីរពេទ្យក៨០។ ខ្ញុំមានស្រុកកំណើតនៅភូមិកាទី ឃុំកាទី ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ តាំងពីតូចមក ខ្ញុំរស់នៅជាមួយឪពុកម្តាយរបស់ខ្ញុំ។ ខ្ញុំចូលរៀននៅសាលាបឋ​មសិក្សាកាទី រហូត​ដល់ថ្នាក់ទី១០ទើបឈប់រៀន។ ក្រោយពីឈប់រៀន ខ្ញុំបានចូលធ្វើការងារនៅក្នុងក្រសួង​តាវ៉ូកាទីបានចំនួន​បីខែ។ ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែចំនួន៨០០រៀល។ ក្រោយមក ខ្ញុំក៏ត្រឡប់មកធ្វើស្រែបាន​មួយរដូវវិញទើប​មាន​រដ្ឋប្រហារកើតឡើង។  ខ្ញុំនៅបន្តធ្វើស្រែរហូតដល់ចុងឆ្នាំ១៩៧២ ទើបមានឈ្មោះ កាស៊ី ដែលជាកម្មាភិបាល​ខ្មែរក្រហម​នៅស្រុកកែវសីមា ដែលបច្ចុប្បន្នប្រធានសហករណ៍អ៤ ក្រោមស្រុកកោះញែកតំបន់១០៥ មកអប់រំ​ខ្ញុំឲ្យចូលធ្វើបដិវត្តន៍។ កាស៊ី បានយកខ្ញុំមកនៅមន្ទីរសេដ្ឋកិច្ចនៅក្នុងភូមិចក់ចារក្នុងតំបន់១០៥ ដែលមានឈ្មោះ ខាំភូន នៅទីនោះ។ នៅដើមឆ្នាំ១៩៧៣ មន្ទីរចក់ចារបានរើមកនៅស្រុកកោះញែក ដែលបច្ចុប្បន្នហៅមន្ទីរក១៦។ ពេលនោះសភាពការណ៍នៅក្នុងមន្ទីររបស់ខ្ញុំមានសភាពប្របូកច្របល់ខ្លាំងគឺទំនាស់នឹងអង្គការដែលឲ្យរើមន្ទីរមកហើយគ្មានផ្ទះជ្រកកោន ជាពិសេស ខាំភូន ផ្ទាល់តែម្តង។ រស់នៅក្នុងកន្លែងថ្មីនេះ បានរយៈពេលប្រហែល៣ខែ ខាំភូន បានហៅបក្ខពួកខ្ញុំមកអប់រំ។ នៅពេលនោះមានអ្នកចូលរួមមានឈ្មោះ ខាំ គឺជាកូន ខាំភូន ដែលនៅ​ក្នុងមន្ទីរក១៦, កាស៊ី, ញុន គឺជាប្រធានមន្ទីរក១៦របស់តំបន់១០៥,ឡាង គឺជាសមាជិកនយោបាយមន្ទីរក១៦, ប៊ុន ធឿន គឺជាមេពួកមន្ទីរក១៦, ឡាំ គឺជាសមាជិកនយោបាយមន្ទីរក១៦,ខ្លាក់ គឺជាមេពួកមន្ទីរក១៦ និងខ្ញុំ។ ចំពោះខ្លឹមសារអប់រំ ខាំភូន បានលើកឡើងអំពី ១. របបសង្គមចាស់ និងសង្គមបដិវត្តន៍ ។ គាត់បានលើកឡើងថា របប​សង្គមបដិវត្តន៍មានការលំបាកព្រាត់ប្រាស់ឆ្ងាយពីឪពុកម្តាយ ធ្វើកាងារគ្មានប្រាក់ខែ និងបុណ្យសក្តិ។ ការងារ​ធ្វើទាំងយប់ទាំងថ្ងៃហើយតឹងតែគ្រប់បែបយ៉ាង។​ រីឯរបបសង្គមចាស់ ម្តាយឪពុកស្រឡាញ់កូន ថែរក្សាកូន ធ្វើការងារ​មានបុណ្យសក្តិ មានប្រាក់ខែ។ ការរស់នៅវិញដើរហើរសេរី ស៊ីចុកតាមចិត្ត។ ២. លើកឡើងពីសភាព​ការណ៍​ចង់កសាងរដ្ឋអំណាចនៅខេត្តមណ្ឌលគិរីឲ្យទៅជារបបសង្គមចាស់វិញ និង៣) ណែនាំឲ្យបក្ខពួកខ្ញុំចូល​រួមសកម្មភាពជាមួយក្រុមគាត់ដណ្តើមរដ្ឋអំណាចពីបដិវត្តន៍មកកាន់កាប់វិញ និងកសាងរបបសង្គមចាស់ជា​ពិសេសនៅមណ្ឌលគិរីនេះឲ្យបានមុនគេ។ 

ក្រោយមក ខាំភូន បានដាក់ភារកិច្ចឲ្យបក្ខពួកខ្ញុំធ្វើគឺ ទី១. ប្រមូលយកគ្រាប់ អង្ករ អំបិល ខោអាវ ស្បែក​ជើង អង្រឹង ចេញពីក្នុងឃ្លាំងមកទុកក្នុងព្រៃដើម្បីត្រៀមធ្វើសង្រ្គាមដណ្តើមរដ្ឋអំណាចពីបដិវត្តន៍។ ទី២. ធ្វើ​សកម្មភាព​ពេលយប់ដើម្បីរកកាំភ្លើង ស្រូវអង្កររបស់ប្រជាជន។ ទី៣. ស៊ើបពិនិត្យមន្ទីរផ្សេងៗរកអ្នកមានទំនាស់​ឬវិបត្តិច្រើននៅក្នុងមន្ទីរដើម្បីអូសទាញធ្វើជាកម្លាំង។ ទី៤. ឲ្យទាក់ទងឈ្មោះ អ៊ុយ គឺជាយុទ្ធជនមន្ទីរ១៧​របស់​តំបន់១០៥, ភិន គឺជាអតីតកងទ័ពវៀតណាម, ដាំ គឺជាយុវជនមន្ទីរក១៧, ស្រាំ គឺជាយុវជនមន្ទីរក១៧, ប៊ីន គឺ​ជាមេ​ពួកមន្ទីរក១៧ និង ទី៥.ចុងក្រោយណែនាំឲ្យបក្ខពួកខ្ញុំលាក់ការណ៍ឲ្យជិត។ 

នៅក្នុងឆ្នាំ១៩៧៣ ពេលដែលខ្ញុំចូលរួមបានប្រហែល២ខែ ខាំ ភូន, ខាំ និង កាស៊ី បានប្រាប់​ឲ្យខ្ញុំដឹង​ថានេះកឺជាខ្សែរយៈខ្មែរស ដោយជនជាតិណាក៏ប្រមូលបញ្ចូលដែរ ជាពិសេស ទាហាន ប៉ូលីស និង រដ្ឋការចាស់។ ក្រោយមកឈ្មោះ ពិនិត្យ និង ឡឺយ កាន់វរសេនាតូចយោធាតំបន់១០៥ មកដឹកនាំបក្ខពួកខ្ញុំឲ្យធ្វើសកម្មភាព និង​ពង្រឹងពីជំហរលាក់ការណ៍។ ថ្ងៃមួយ ខាំភូន បានឲ្យខ្ញុំជូនគាត់មកស្រុកកែវសីមាជាមួយនីរសាររបស់គាត់ម្នាក់ឈ្មោះ ប៊ុន មកប្រជុំជាមួយឈ្មោះ ជិនដើ ដែលជាគណៈស្រុកកែវសីមា។ នៅក្នុងឆ្នាំដដែល ពេលដែលមកធ្វើស្រែម្តងៗ បក្ខពួកខ្ញុំតែងតែពិភាក្សាគ្នាពីចលនាខ្មែរសពីការលំបាកតឹងតែង និងការសប្បាយនៅក្នុងសង្គមចាស់ជាដើម។ ក្រោយមក  ខាំភូន បានចាត់តាំងឈ្មោះ ច្រឺយ អតីតយុវជននៅមន្ទីរក១៦ ឲ្យមកនៅក្នុងព្រៃ ដើម្បីចាំគ្រាប់ កាំភ្លើង និង​សម្ភារផ្សេងៗដែលបក្ខពួកខ្ញុំបានជញ្ជូនយកមកទុក។ 

នៅឆ្នាំ១៩៧៤ ខ្ញុំរួមជាមួយឈ្មោះ ញុន, ខ្លាក់, ប៊ុន ធឿន, ឡាំ, ឡាង បានអូសទាញកម្លាំងបានបន្ថែម៦​នាក់ទៀតគឺមានឈ្មោះ វ៉ីញ គឺជាមេពួកនៅមន្ទីរក១៧, ងួន គឺជាយុវជននៅមន្ទីរក១៧, នឿន គឺជាយុវជន​នៅមន្ទីរក១៧, ភ្លៅ គឺជាយុវជននៅមន្ទីរក១៧, តូច គឺជាយុវជននៅមន្ទីរក១៦ និងភីម គឺជាយុវជន​នៅមន្ទីរក​១៦។ ចំណែកឯសកម្មភាពជញ្ជូនសម្ភារចេញនេះគឺក្នុងមួយខែយើងជញ្ជូនចេញចំនួនមួយទៅពីរ​ដងតាមស្ថាន​ការណ៍ជាក់ស្តែង។ នៅក្នុងឆ្នាំដដែលនេះ ខាំភូន បានហៅខ្ញុំឲ្យជូនគាត់មកជួបច្រឺយ នៅក្នុងព្រៃចាស់អូរយោល។ ក្នុងនោះមានឈ្មោះ ប៊ុន, ខាំ និង ញុន មកជាមួយដែរ។ ពេលជួបនោះ ខាំភូន បានណែនាំច្រឺយថា ឲ្យរៀបចំ​សម្ភារយកមកទុកឲ្យបានស្រួល, បើគ្មានសំបុត្រឲ្យចូលទៅយកសម្ភារទេមិនចាំបាច់ទៅយកទេ, ត្រូវខំលាក់ការណ៍​ឲ្យជិត ដោយប្រុងប្រយ័ត្នខាងយោធាឃើញ ហើយបើមានសភាពការណ៍អ្វីមិនស្រួលត្រូវរត់យករួចខ្លួនកុំឲ្យ​មាន​គ្រោះថ្នាក់ ហើយ ខាំភូន ក៏បានណែនាំ ច្រឺយ ពីរបៀបទាក់ទងដែរ។ បន្ទាប់ពីណែនាំចប់សព្វគ្រប់អស់ហើយ ក៏ត្រឡប់មកវិញ។ ក្រោយការណែនាំបានប្រហែលបីថ្ងៃ ខាំភូន ក៏ចុះទៅតាមមូលដ្ឋាន និងបានប្រគល់​ភារកិច្ច​ឲ្យឈ្មោះ ញុន ដឹកនាំបក្ខពួកខ្ញុំធ្វើសកម្មភាពបន្តទៀត។ ញុន បានហៅបក្ខពួកខ្ញុំមកណែនាំថា ឲ្យបក្ខពួក​ខ្ញុំខិត​ខំបំផុសយុវជនឲ្យដើរតាមខាំភូន និងលើកពីរបបសង្គមចាស់ជាពិសេសរឿងម៉ែឪមកនិយាយបំផុសបំផុល។ 

រហូតមកដល់ឆ្នាំ១៩៧៥ ក្រោយពីរំដោះហើយ ខ្ញុំមានការទាក់ទងខ្សែចាស់ដដែល។ ញុន បានចាត់​តាំងឲ្យខ្ញុំ, អ៊ុយ រ៉ើយ និង ប៊ុនធឿន មកជួបទាក់ទងជាមួយឈ្មោះ ស្រែម នៅឯសហករណ៍ស្រែ ហ៊ុយ ស្រុកកោះញែកតំបន់១០៥។ បក្ខពួកខ្ញុំបានប្រាប់ទៅ ស្រែម អំពីផែនការអូសទាញកម្លាំងរបស់យើង ហើយ ស្រែម ក៏បានឯកភាពជាមួយដែរ។ ស្រែម បានរាយការណ៍អំពីស្ថានការណ៍នៅក្នុងសហករណ៍ថា នៅក្នុងសហករណ៍របស់​គាត់មានទំនាស់គ្នា និងច្របូកច្របល់ណាស់។ មកដល់កន្លែងវិញ យើងបានរាយការណ៍ឲ្យគ្នីគ្នាដឹងពីព័ត៌មាន​ទាំងអស់ដែលយើងទទួលបាន។ ថ្ងៃមួយនៅពេលយប់បន្ទាប់មកពីធ្វើការងារវិញ យើងបានពិភាក្សាគ្នាទៅលើ ១. ការស្វែងរកខ្សែបណ្តាញបន្ថែម, ២. ចាត់តាំងខ្ញុំ និងអ៊ុយ ឲ្យដឹកនាំ, ៣. ណែនាំទាំងអស់គ្នា​ឲ្យពិនិត្យមនុស្ស​ដើម្បីអូសទាញ និង៤. ណែនាំឲ្យមានការលាក់ការណ៍ខ្ពស់ដើម្បីពង្រឹងជំហរ ទោះបីជាអង្គការចាប់បានក៏កុំឆ្លើយ។ ក្រោយពីប្រជុំបានរយៈពេល១ខែ ខ្ញុំបានត្រឡប់មកជួប សែ្រម ម្តងទៀតដើម្បីសួរនាំរឿងទាក់ទង​នឹងការអូសទាញ​កម្លាំង។ ប៉ុន្តែ ស្រែម ប្រាប់ថាការអូសទាញកម្លាំងមិនទាន់បាន ព្រោះសភាពការណ៍នៅខាងក្នុងមិនទាន់​អំណោយ​ផលទេ។ ក្រោយមកនៅក្នុងឆ្នាំ១៩៧៥នេះដដែល ស្រែម បានរាយការណ៍ឲ្យបក្ខពួកខ្ញុំដឹងថា ក្នុងសហករណ៍៦​ស្រែហ៊ុយ គាត់បានចាត់តាំងកម្លាំងបានបួននាក់បន្ថែមគឺឈ្មោះប្រោន, តាន, អាន និង អុល ដែល​អ្នកទាំង​អស់​នោះគឺជាកងឈ្លប។ ស្រែមបានដាក់ភារកិច្ចឲ្យអ្នកទាំងអស់នេះធ្វើសកម្មភាពដោយបំផុស​ប្រជាជន​ឲ្យមាន​ទំនាស់ជាមួយអង្គការ និងធ្វើជាអ្នកទាក់ទងផង។ 

នៅក្នុងឆ្នាំ១៩៧៦ ញុន បាននាំបក្ខពួកខ្ញុំមកជួបឈ្មោះ ម៉ី នៅផ្ទះរបស់គាត់ក្បែរវាលយន្ត​ហោះ​មណ្ឌលគិរី។ ពេលនោះ ម៉ី បានរាយការណ៍ប្រាប់ញុន ថា គាត់បានលាក់ ស្រូវ ក្រណាត់ ទុកដើម្បីរំដោះចូលព្រៃ និងផ្តែផ្តាំឲ្យ ញុន ប្រាប់មក ភូខាំ ផង។ ម៉ី ក៏បានប្រាប់ពីសកម្មភាពដែលគាត់បានធ្វើក្នុងចលនាប្រជាជន​រហូត​ដល់មានសភាពការណ៍ប្រឆាំងនឹងអង្គការ និងរាយការណ៍ពីកម្លាំងអប់រំបានចំនួន១០នាក់បន្ថែមទៀត។ ពិភាក្សា​គ្នាចប់ ពួកខ្ញុំក៏បានត្រឡប់មករាយការណ៍ឲ្យ ខាំភូន វិញ។ ពេលនោះគាត់បានសួរបក្ខពួកខ្ញុំថា ធ្វើបានឬមិនបាន យកឬមិនយកសម្ភាររបស់ ម៉ី ដែលបានលាក់ទុកនោះ។ ប៉ុន្តែបក្ខពួកខ្ញុំឲ្យ ខាំភូន ជាអ្នកសម្រេចវិញ។ ខាំភូន បានចាត់តាំងឲ្យបក្ខពួកខ្ញុំទាំង៦នាក់ យកសម្ភារដែល ម៉ី បានលាក់ទុកនោះ រួចគាត់ក៏សរសេរសំបុត្រ​ឲ្យខ្ញុំ​យកមកឲ្យ ម៉ី។ លុះ ម៉ី មើលរួចហើយ បក្ខពួកខ្ញុំចូលរៀបសម្ភារដែលលាក់ទុកនោះឲ្យមើល។ សម្ភារនោះ​មានដូចជា កាំភ្លើង២០ដើម មានកាំភ្លើងអាកា សេកាសេ ការ៉ាប៉ីន និងអែ១៥, គ្រាប់កាំភ្លើង៥កេះតូចៗល្មម និងក្រៅពីនេះ​មានក្រណាត់ អំបិល និងសម្ភារផ្សេងៗទៀត។ ពេលនោះបក្ខពួកខ្ញុំគ្រាន់តែរៀបចំទុកដាក់សិន ព្រោះក្នុងមួយខែបក្ខ​ពួកខ្ញុំអាចដឹកចេញម្តង ឬ២ដងប៉ុណ្ណោះ។ ពេលរៀបចំរួចហើយ ខ្ញុំត្រឡប់មករាយការណ៍ឲ្យ ខាំភូន វិញ។ រំលងប្រហែល៤ឬ៥ថ្ងៃក្រោយមក ម៉ី ត្រូវអង្គការចាប់ខ្លួន ហើយយោធាចូលមកយកសម្ភារនៅភ្នំក្រោលទាំងអស់។ នៅពេលដែល ខាំភូន ដឹងហើយ គាត់បានណែនាំឲ្យយើងនៅស្ងៀមសិន និងពង្រឹងជំហរលាក់ការណ៍ឲ្យបានជិត ហើយគាត់លែងឲ្យបក្ខពួកខ្ញុំចេញក្រៅហើយ។ ក្រោយមក ខាំភូន បានឲ្យ ញុន សរសេរសំបុត្រមកឲ្យ ច្រឺយ ឲ្យប្រញាប់ដឹកសម្ភារចេញពីឃ្លាំងឲ្យអស់ត្រៀមវាយពេលឆាប់ៗនេះ។ ចំណែកបក្ខពួកខ្ញុំមានគ្នីគ្នាចំនួន​១៤នាក់ជា​អ្នកជញ្ជូនចេញពីឃ្លាំងមកក្រៅដើម្បីឲ្យ ច្រឺយ ដឹក។ យើងណាត់ជួបគ្នាចម្ងាយពីឃ្លាំងប្រហែល៣គីឡូម៉ែត្រ។ ច្រឺយ មានដំរីមួយសម្រាប់ដឹកមកព្រៃចាស់អូរយោលជាមួយមនុស្សមួយចំនួនមានយួន ខ្មែរ និងជនជាតិភាគតិច ហើយភាគច្រើនជាប៉ូលីសទាហានចាស់។ ការដឹកចេញនេះធ្វើនៅពេលយប់ជ្រៅមានសភាពស្ងាត់ គ្មានយោធាទេ។ ច្រឺយ ដឹកចេញក្នុងមួយខែប្រហែល៣ដងតាមសភាពការណ៍ជាក់ស្តែង។ សម្ភារដែលដឹកចេញនោះមាន គ្រាប់ ថ្នាំជក់ ទឹកដោះគោ ស្បែកជើងពុម្ភ ខោអាវ ក្រមា និងអង្រឹង។ ការដឹកសម្ភារចេញនេះធ្វើរហូតដល់ខែមិថុនា ឆ្នាំ១៩៧៧។ 

នៅដើមឆ្នាំ១៩៧៧ ខាំ និង ញុន បានហៅបក្ខពួកខ្ញុំឲ្យមកប្រជុំនៅរោងបោកស្រូវ​កណ្តាលស្រែពេល​យប់ម៉ោង៩។ ខ្លឹមសារប្រជុំមានដូចជា ១. ត្រូវលាក់ការណ៍ឲ្យបានល្អពីសម្ភារដឹកចេញ និងសម្ភារនៅក្នុងឃ្លាំង, ២.ការដកសម្ភារចេញគឺចង់វាយពីមណ្ឌលគិរីឆាប់ៗ, ៣. កន្លែងទុកសម្ភារគឺឲ្យច្រឺយ បន្តរកភូមិសាស្រ្តឲ្យស្ងាត់ល្អ និង៤.ណែនាំឲ្យខំដឹកចេញ ប្រមូលកម្លាំងធ្វើសង្រ្គាមឲ្យឈ្នះ។  ថ្ងៃមួយម៉ោងប្រហែល៩យប់ កាស៊ី បានមកប្រមូល​បក្ខពួកខ្ញុំពីមន្ទីរក១៦ និងមន្ទីរក១៧ ឲ្យមកចូលរួមប្រជុំនៅខាងក្រោយពេទ្យមន្ទីរក៨០​ ដែលមានចម្ងាយ​ប្រហែលកន្លះគីឡូពីមន្ទីរចម្ការចេកអូច្បារ។ ក្នុងការប្រជុំនោះមានជនជាតិវៀតណាមចំនួនប្រហែល​៣០នាក់​ដែល​ជាកងស៊ើបការណ៍មានមេឈ្មោះ ទឺដូង,ទឺគង និង ថាញ់។ ខ្លឹមសារប្រជុំគឺ កាស៊ី ចង់ឲ្យបក្ខពួកខ្ញុំយល់ដឹង​ពីផែនការ​វាយនៅមណ្ឌលគិរី។ កាស៊ី បានលើកឡើងនៅក្នុងការប្រជុំនោះថា ១. ផែនការកម្ទេចមណ្ឌលគិរី​ដោយ​សហការ​ជាមួយវៀតណាម ហើយកម្លាំងវៀតណាមទាំង៣០នាក់នេះគឺចូលមកពិនិត្យស្ថានការនៅមណ្ឌលគិរី,២.ឲ្យ​បក្ខពួក​ខ្ញុំត្រៀមស្បៀង គ្រាប់ អាវុធ គឺដណ្តើមមណ្ឌលគិរីឲ្យបាន មិនឲ្យបដិវត្តន៍កាន់កាប់រដ្ឋអំណាចទេ, ៣. ប្រាប់កម្លាំង​ដែលចូលមកជួយ២៥០០នាក់រួមជាមួយកម្លាំងនៅកោះញែក, ៤. សម្ភារគ្រាប់ដែលលាក់ត្រូវរៀបចំចែក​គ្នានៅពេល​វាយសម្រុក, ៥. ណែនាំពីការលាក់ការណ៍ទោះវៀតណាមចូលមកក៏យើងត្រូវមានជំហរដែរ និង៦. ចាប់ផ្តើមធ្វើ​សកម្មភាព​ពីខែកក្កដា ឆ្នាំ១៩៧៧ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៧ ហើយបើមិនបានសម្រេចទេត្រូវបញ្ជូន​កងទ័ព​ថែមទៀត។ យើងប្រជុំរហូតដល់ម៉ោង១២យប់ទើបបែកគ្នា។ ពេលមកដល់កន្លែងវិញ ផែនការបក្ខពួកខ្ញុំគឺប្រមូល​កម្លាំងដើម្បីត្រៀមជួយធ្វើសកម្មភាពនៅពេលកងទ័ពយួនផ្ទុះអាវុធ។ រហូតដល់ខែកក្កដា ឆ្នាំ១៩៧៧ ផែនការ​ទាំងអស់​ត្រូវបែកការណ៍ហើយអង្គការបានចាប់ កាស៊ី មុនគេ និងចាប់មនុស្សជាបន្តបន្ទាប់មកទៀត​នៅខាង​មន្ទីរក១៦។ ខែសីហា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួនខ្ញុំ មកដាក់នៅភ្នំក្រោល រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧៧ ទើបអង្គការបញ្ជូនខ្ញុំមកឃុំឃាំងនៅក្នុងគុកទួលស្លែងនេះ។

កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ ក្រិស យ៉េន ហៅសុឃុន ពិត​ឬ​យ៉ាងណា​នោះទេ?៕សរន

រូបៈ១) កងយោធាខ្មែរក្រហមនៅ(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)