លោ​កស សុខា​: បទ​ចម្រៀង​​អ្នកព្រៃ​វែង​​មានចរិត​រើសអើង

582
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែងថា ក្នុងនាម​យុវជន​ម្នាក់ លោក​ពិតជា​មានការ​សោកស្ដាយ និង​ហួសចិត្ត​ពេល​បានឃើញ និង​ស្ដាប់​អត្ថន័យ​បទ​ចម្រៀង​នេះ​។ មិន​ខុសពី​ការរិះគន់​របស់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ទៀត ខ្លឹមសារ​នេះ​មាន​ចរិត​រើសអើង បំបែកបំបាក់​ជាតិ​សាសន៍ បន្ទាប​តម្លៃ​អ្នក​ព្រៃវែង បន្តុះបង្អាប់​កិត្តិយស ប្រមាថ​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​ពេញលេញ​និង​សេចក្ដីថ្លៃថ្នូរ​ដ៏​បរិបូរណ៍​នា​សម័យ​បច្ចុប្បន្ន​។

​លោក​យល់ថា អ្នកគ្រប់គ្រង​ការផលិត អ្នកដឹកនាំ​សម្ដែង ផលិតករ អ្នកនិពន្ធ គួរ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បំផុត​ជុំវិញ​ផលប៉ះពាល់​សតិអារម្មណ៍ និង​សង្គម​ទាំងមូល មុននឹង​ផលិត​ចេញ​ជា​សាធារណៈ​។ ចំណែក​អ្នកចម្រៀង អ្នក​សម្ដែង ក៏​គួរ​ពិចារណា​ដោយ​ជួយ​កេះ​គ្នា​ពិនិត្យ​កែសម្រួល​ខ្លឹមសារ​ផងដែរ​។

​លោក ស សុខា បាន​បញ្ជាក់ថា ធាតុពិត​អ្នកព្រៃ​វែង​ពុំមាន​ចរិតលក្ខណៈ​ដូច​អត្ថន័យ​សម្ដែង​ក្នុង​បទ​នេះ​ទេ​។ អ្នក​ព្រៃវែង​ស្លូតបូត ឧស្សាហ៍​ព្យាយាម​ប្រកប​របរការ​ងារ​ផ្សេងៗ​។ ទោះ​ជាមាន​ចំណុច​អវិជ្ជមាន​ខ្លះ តែ​នោះ​ជា​ឥរិយាបថ​បុគ្គល ហើយ​មិនមែន​តែ​អ្នក​ព្រៃវែង និង​មិនមែន​មានតែ​ស្រុក​ខ្មែរ​ដែរ​។ សូមកុំ​យក​ទស្សនៈ (​ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ ស្អុយ​ទាំងអស់​)​មក​អនុវត្ត​។ ជា​សំណូមពរ ខ្ញុំ​គិតថា ក្រុមការងារ​ផលិត​គប្បី​ចេញមុខ​សុំទោស​ជា​សាធារណៈ និង​ដកចេញ​គ្រប់​ប្រព័ន្ធ​នៃ​ការផ្សព្វផ្សាយ​ទាំងអស់​។

​ជាថ្មី​ម្ដងទៀត ក្រុមការងារ​ផលិត​មុននឹង​ផលិត ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ការទទួលខុសត្រូវ​សង្គម និង​ការ​ប្រឈម​ផ្លូវច្បាប់​។ ក្នុងករណីនេះ អាច​ចាត់​ថា​ជាការ​ញុះញង់​ឱ្យមាន​ការរើសអើង ការជេរប្រមាថ​…​ដែល​សុទ្ធតែជា​បទល្មើស​ព្រហ្មទណ្ឌ​។ តែ​ទោះយ៉ាងណា យើង​គាំទ្រ និង​លើកទឹកចិត្ត​រាល់​ការផលិត​ស្នា​ដៃ​នានា ដើម្បី​លើកកម្ពស់​វិស័យ​សិល្បៈ​ វប្បធម៌​ជាតិ​របស់​យើង ឈរលើ​វិជ្ជាជីវៈ​ត្រឹមត្រូវ​៕ /សរន/Ha

ខ្ញុំជាអ្នកព្រៃវែងម្នាក់ដែរ ខ្ញុំនិងទាមទារអោយផលិតកម្មមួយនេះចេញមុខសុំទោសជាសាធារណះអោយបាន!(ញួសញុងធ្វើអោយមានការរើសអើង)

Posted by Yoeun Makara on Saturday, July 4, 2020