អ្នកចំ​រៀងរែប ខេន វេស ប្រកាស​ឈរឈ្មោះ​ជា​ប្រធានាធិបតី​អាម៉េរិក​

340
ចែករម្លែក

​អ្នកចំ​រៀងរែប​អាម៉េរិ​ក លោក​ខេន វេស (Kanye West)​ដែល​ជា​អ្នកគាំទ្រ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ទី​០៤​កក្កដា​ថា លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​នេះ ដោយ​ទំនងជា​នឹង​ប្រជែង​ជាមួយ​លោក​ត្រាំ និង​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន​។​

​វេស បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា​«​ឥឡូវ​យើង​ត្រូវតែ​ដឹង​អំពី​ការសន្យា​របស់​អាម៉េរិក តាមរយៈ​ការជឿទុកចិត្ត​លើ​ព្រះ បង្រួបបង្រួម​ទស្សនៈ​របស់​យើង​និង​ស្ថាបនា​អនាគត​របស់​យើង​។​ខ្ញុំ​​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​អាម៉េរិក​»​។​

​ការ​បង្ហោះ​របស់​វេស​កាលពី​យប់​ថ្ងៃ​សៅរ៍ ត្រូវ​បាន​ចាប់អារម្មណ៍​ភ្លាមៗ ដោយ​មាន​អ្នក​ចូល​មើល​ជាង​១​សែន​នាក់​នៅ​ម៉ោង​ដំបូង​។

​សូមបញ្ជាក់​ថា វេស មាន​អ្នកគាំទ្រ​ដល់​ទៅ​២៩,៣​លាន​នាក់​នៅ​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​។​

​វា​នៅ​មិន​ទាន់​ច្បាស់​ថា​តើ លោក​វេស តាំងចិត្ត​មុតមាំ​ដែរឬទេ​ក្នុងការ​ឈរឈ្មោះ​ប្រជែង​យក​តំណែង​ប្រធានាធិបតី នៅ​៤​ខែ​មុន​ការបោះឆ្នោត​ថ្ងៃ​០៣​វិច្ឆិកា ឬក៏​ថា​តើ​លោក​បាន​ដាក់ពាក្យ​ផ្លូវការ​ហើយ​ឬ​​នៅ​សំ​រាប់ការ​ឈរឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ​។​

​បើ​ពិតជា​ឈរ​ឈ្មោះ​មែន លោក​ត្រូវ​បញ្ជាក់​ថា​អាច​មាន​សិទ្ធិ​បង្ហាញ​បេក្ខភាព​លើ​សន្លឹកឆ្នោត​នៅ​ទូទាំង​៥០​រដ្ឋ បូក​រួម​ទាំង​សង្កាត់​កូឡុំប៊ី ព្រមទាំង​បង្កើត​អង្គការ​នយោបាយ​ថ្នាក់​ប្រធានាធិបតី​មួយ​ចាប់​​ពី​ដើមដំបូង ដោយ​គ្មាន​ការគាំទ្រ​ពី​ហេដ្ឋារចនាសម្ពន្ធ​បក្ស​ណាមួយ​។​

​យោង​តាម​សារព័ត៌មាន​Bloomberg នៅពេលនេះ វេស​ទំនង​មិនទាន់បាន​ដាក់​ឯកសារ​ណា​ទៅ​កាន់​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​សហព័ន្ធ​នៅឡើយ​ទេ​។​

​វេស វ័យ​៤៣​ឆ្នាំ បាន​និយាយ​អំពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នេះ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ និង​កាលពី​ឆ្នាំ​មុន​លោក​បាន​ប្រាស់​ទស្សនិកជន​ថា លោក​នឹង​ឈរ​ឈ្មោះ​ប្រជែង​យក​តំណែង​​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤​។​

​វេស និង​ភរិយា​ដ៏​ល្បី​របស់លោក​ធ្លាប់​បាន​ទៅលេង​លោក​ត្រាំ​នៅ​សេត​វិមាន​។​នៅក្នុង​ជំនួប​មួយ​កាលពី​ឆ្នាំ​២០១៨ វេស​បាន​ពាក់មួក​ដាក់​អក្សរ​«​ធ្វើអោយ​អាម៉េរិក​អស្ចារ្យ​ឡើងវិញ​»​។​

​ក្នុងពេល​ជាមួយគ្នា លោក​អេ​ឡុន ម៉ាស នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អគ្គិសនី​Tesla​និង​ក៏​ជា​តារា​ម្នាក់​ផងដែរ បាន​គាំទ្រ​គំនិត​របស់​វេស ក្នុងការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី ដោយ​លោក​បាន​សរសេរ​បង្ហោះ​​ថា​«​អ្នក​បាន​ការគាំទ្រ​ពី​ខ្ញុំ​ទាំងស្រុង​»៕​ប្រែ​សម្រួល​៖​វាសនា​

​ចាំ​មើល​តើ​នាង គីម កា​ដាស​សៀន​នឹង​ក្លាយជា​ជំទាវ​ទី​១​ទេ បន្ទាប់​ពី​ប្តី​របស់​នាង​លោក​វេស ប្រកាស​ឈរឈ្មោះ​