មន្ត្រីសុខាភិបាលរដ្ឋផ្លរីដាព្រមានអ្នកស្រុក ក្រោយរកឃើញជំងឺស៊ីខួរក្បាលដ៏កម្រ

386
ចែករម្លែក

ពពួកអាមីបត្រូវគេនិយាយថាបង្កឱ្យមានជំងឺខួរក្បាលកម្រមួយដែលគេស្គាល់ថា “ជំងឺរលាកស្រោមខួរបង្កដោយអាមីបបឋម” (PAM) ដែលបំផ្លាញជាលិកាខួរក្បាល បណ្តាលឱ្យហើមខួរក្បាលនិងស្លាប់តែម្តង។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាម៉េរិក (CDC) បានចុះបញ្ជីការឆ្លងជំងឺ PAM ចំនួន ៣៤ ករណីនៅក្នុងប្រទេសនៅចន្លោះឆ្នាំ ២០០៩-២០១៨ ។ រដ្ឋផ្លរីដាមាន ៣៧ ករណីចាប់តាំងពីឆ្នាំ ១៩៦២។

មន្ទីរសុខាភិបាលរដ្ឋផ្លរីដាបានប្រកាសកាលពីថ្ងៃសុក្រទី៣កក្កដាថាខ្លួនបានចុះបញ្ជីករណីចម្លងមេរោគដោយអាមីបឈ្មោះ Naegleria Fowleri ដែលបង្កឱ្យឆ្លងមេរោគក្នុងខួរក្បាល ដែលគេស្គាល់ថា ជំងឺ PAM នៅក្នុងសង្កាត់ហ៊ីលបូរ៉ូ។

មន្ទីរសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រថា “មនុស្សម្នាក់បានឆ្លងមេរោគ Naegleria Fowleri នៅក្នុងសង្កាត់ហ៊ីលបូរ៉ូ។ Naegleria Fowleri គឺជាអាមីបដែលមានកោសិកាទោល។ អាមីបនេះអាចបង្កជំងឺកម្រក្នុងខួរក្បាលហៅថា PAM ដែលបំផ្លាញជាលិកាខួរក្បាល និងជាទៅទៅបង្កឱ្យស្លាប់”។

មន្ទីរសុខាភិបាលនិយាយថា អាមីបនេះត្រូវបានរកឃើញជាទូទៅនៅក្នុងទឹកសាបក្តៅ ដូចជាបឹង ទន្លេ ស្រះ និងប្រឡាយ ដោយកត់សម្គាល់ថា មេរោគកើតឡើងជាធម្មតានៅពេលទឹកកខ្វក់ចូលក្នុងខ្លួនមនុស្សតាមរយៈច្រមុះ។ បន្ទាប់មកអាមីបធ្វើដំណើរទៅកាន់ខួរក្បាល រួចបង្កឱ្យមានជំងឺ PAM។

យោងតាម ​​CDC បានឱ្យដឹងថា Naegleria Fowleri មិនឆ្លងមកមនុស្សទេ ប្រសិនបើទឹកកខ្វក់នោះចូលតាមមាត់។ លើសពីនេះទៀត ជំងឺ PAM មិនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានទេ៕ ដោយ៖ កញ្ញាដាលីស

អាមីបបង្កជំងឺ PAM ត្រូវបានរកឃើញនៅរដ្ឋផ្លរីដា