កូវីដ១៩កំពុងរុញមន្ទីរពេទ្យអាម៉េរិកឱ្យរកកល់ដួលរលំ ខណៈឥណ្ឌា កត់ត្រាករណីឆ្លងថ្មីខ្ពស់បំផុតរាល់ថ្ងៃ

189
ចែករម្លែក

ក្រុមមន្រ្តីនៅចំណុចកណ្តាលនៃវិបត្តិជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅសហរដ្ឋ អាម៉េរិកបានព្រមានកាលពីថ្ងៃអាទិត្យទី៥កក្កដាថា មន្ទីរពេទ្យរបស់ពួកគេកំពុងស្ថិតក្នុង គ្រោះថ្នាក់នៃការដួលរលំ ខណៈប្រទេសឥណ្ឌាបានកត់ត្រាចំនួនករណីថ្មីខ្ពស់បំផុត មិនធ្លាប់មាន។

នៅក្នុងសញ្ញានៃការរីកចម្រើនការប្រណាំងឡាន Formula One បានវិលត្រឡប់ ជាមួយនឹងការបើករដូវកាលថ្មី Austrian Grand Prix ដែលបានធ្វើឡើងដោយគ្មាន ទស្សនិកជន ខណៈសារមន្ទីរ Louvre នៅទីក្រុងប៉ារីសនឹងបើកដំណើរការ វិញនៅថ្ងៃចន្ទទី៦កក្កដា បន្ទាប់ពីការបិទអស់រយៈពេល ១៦ សប្តាហ៍។

សហរដ្ឋអាម៉េរិកកំពុងតស៊ូឆ្លើយតបនឹងការបំផ្លិចបំផ្លាញដែលបង្កឡើងដោយវីរុសកូរ៉ូណា ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ជិត ១៣០.០០០ នាក់ក្នុងចំណោម ករណីដែលត្រូវបានបញ្ជាក់ចំនួន ២,៨ លាននាក់ ហើយរដ្ឋជាច្រើនបានរងគ្រោះ ដោយសារការកើនឡើងកូវីដ១៩ជាថ្មី បន្ទាប់ពីការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ។

គ្រែមន្ទីរពេទ្យគឺពេញទាំងអស់នៅផ្នែកខ្លះនៃរដ្ឋតិចសាស់ ខណៈការអំពាវនាវឱ្យ មានបទបញ្ជាស្នាក់នៅក្នុងផ្ទះសាជាថ្មីកំពុងកើនឡើង។ អភិបាលក្រុងមួយចំនួន និយាយថា ទីក្រុងរបស់ពួកគេបើកដំណើរឡើងវិញឆាប់ពេក ខណៈដែលប្រធានាធិបតី ដូណាល់ត្រាំ ព្យាយាមនិយាយសម្រាលអំពីជំងឺដែលបានរាលដាលពេញប្រទេស។

ឥណ្ឌាប្រឈមមុខនឹងបញ្ហាប្រឈមស្រដៀងគ្នានេះដែរ ខណៈប្រទេសនេះបានកត់ត្រា ចំនួនករណីថ្មីខ្ពស់បំផុតជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសដ៏ធំសម្បើមមួយនេះ ជាទីដែលមន្ទីរពេទ្យមិនមានគ្រប់កន្លែង ហើយករណីឆ្លងភាគច្រើននៃជំងឺកូវីដ១៩ ទំនងជាមិនត្រូវបានធ្វើរោគវិនិច្ឆ័យទេ។

យោងតាមរបាយការណ៍ផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ជំងឺរាតត្បាតនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣១.៧៨៩ នាក់នៅទូទាំងពិភពលោក ចាប់តាំងពីវាបានផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។

មនុស្សជាង ១១ លាននាក់បានឆ្លងជំងឺនេះនៅក្នុងប្រទេសនិងតំបន់ចំនួន ១៩៦។

បន្ទាប់ពីសហរដ្ឋអាម៉េរិក ប្រេស៊ីលគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយមាន អ្នកស្លាប់ចំនួន ៦៤.៨៦៧ នាក់ បន្ទាប់មកគឺអង់គ្លេសអ៊ីតាលីនិងម៉ិកស៊ិក៕ ដោយ៖ កញ្ញាដាលីស/Ha

បុគ្គលិកពេទ្យយកសំណាកពីអ្នកដំណើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិការ៉ាស្កូនៅប្រទេសអ៊ុយរូហ្គាយ