រថយន្តដឹកទំនិញបុកម៉ូតូពីក្រោយ ដួលកិនបែកក្បាលស្លាប់ភ្លាមៗនៅ នឹងកន្លែង

111
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹង កន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរត្រូវរថយន្ត បុកពីក្រោយពេញទំហឹង​ដួលកិនបែកក្បាលស្លាប់កាលវេលាម៉ោង ៦នឹង៤០នាទី ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចស្តុបផ្សារថ្នល់បត់ ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សពជនរងគ្រោះមានឈ្មោះ ម៉ែន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្លូវ៦០A​ផ្លូវលំភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តបង្កមានឈ្មោះស៊ុន សុង អាយុ៣៧ឆ្នាំ មុខរបរបើកបរ ស្នាក់បន្ទប់ជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិធ្នង់ធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ
នារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ125 ស៊េរី 2015 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1DH-3064ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងមកជើង​ខណៈមកដល់ចំណុចកើតហេតុកំពុងឈប់ស្តុប ត្រូវរថយន្តដឹកទំនិញមួយគ្រឿង​ម៉ាកហុីយ៉ាន់​​ដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ3E-4272បើកបរលឿនជាន់ហ្វ្រាំង​មិនស៊ីជ្រុលទៅ​បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលកិនបែកក្បាលស្លាប់យ៉ាង​អាណោចអធ័មភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបរត្រូវសមត្ថកិច្ច​ឃាត់ខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែងយក​រថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាន​គរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕/B/Ha