កាសែត​រដ្ឋ​ចិន​ព្រមាន​ថា ចិន​ត្រៀម​កាំជ្រួច​DF-21D និង DF-26​ដើម្បី​កំទេច​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​

415
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​The Global Times កាលពី​ថ្ងៃ​សៅរ៍​ទី​០៤​កក្កដា​ថា ការ​ដែល​អាម៉េរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​កើន​ទ្វេ​ដង​មក​កាន់​សមុទ្រ​ចិន​ខាងត្បូង​«​អាច​ធ្វើ​ចិត្ត​របស់​គេ​» តែ​ចិន​បាន​​ជ្រើសរើស​ទុក​កាំជ្រួច​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​ធុន​DF-21D និង DF-26​រួចរាល់​អស់ហើយ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​សៅរ៍​អាម៉េរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ពីរ​មក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​បាន​កំពុង​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​នៅក្នុង​តំបន់​នេះ​ផង​ដែរ​។​

​ក្នុងការ​គំរាម​ដ៏​ព្រឺ​ខ្នង កាសែត​រដ្ឋ Global Times​បាន​និយាយថា ការវិភាគ​បានបញ្ជាក់​ថា នាវា​អាម៉េរិក​អាច​ត្រូវ​បំផ្លាញ​ចោល​នៅ​ពេល​ណាមួយ​ដោយ​កាំជ្រួច​សម្រាំង​របស់​ចិន​។​

​កាសែត​បាន​សរសេរថា « សមុទ្រ​ចិន​ខាងត្បូង ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​កងទ័ព​រំដោះប្រជាជ​ន​ចិន​ទាំងស្រុង ហើយ​ចលនា​របស់​នាវា​ដឹក​យន្តហោះ​អាម៉េរិក​ណាមួយ នៅក្នុង​តំបន់​អាច​ត្រូវ​បំផ្លាញ​តាមចិត្ត​​របស់​កងទ័ព​រំដោះប្រជាជន​ចិន ដែល​បាន​ជ្រើសរើស​ទុក​សព្វាវុធ​ប្រឆាំង​នាវា​ផ្ទុក​យន្តហោះ​មួយចំនួនធំ ដូចជា​កាំជ្រួច​DF-21D និង DF-26​ដែល​មាន​រហសនាម​ថា “​ជន​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​”»​។​

​ចិន​និង​អាម៉េរិក បាន​ចោទប្រកាន់​គ្នា​ថា​បង្ក​ភាព​តានតឹង​នៅក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ ចំ​ពេល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ពីរ​កំពុង​ជួប​បញ្ហា​ស្រាប់​មាន​ចាប់ពី​ជំងឺ​ឆ្លងកូវី​ដ​១៩ ពាណិជ្ជកម្ម​និង​​បញ្ហា​ហុងកុង​។​

​នាវា​ផ្ទុក​យន្តហោះ​USS Nimitz និង USS Ronald Reagan​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​មួយ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​កង​​ទ័ពជើងទឹក​អាម៉េរិក ។​

​ឧត្តមនាវី ច​ច អឹម វី​កូហ្វ ត្រូវបាន​កាសែត​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា «​សមយុទ្ធ​នេះ​មិនមែន​ជា​ការឆ្លើយតប​នឹង​សមយុទ្ធ​ចិន​ដែល​ក្រសួង​ការពារជាតិ​អាម៉េរិក​រិះគន់​នោះ​ទេ ។​នាវា​ដឹក​យន្តហោះ​​អាម៉េរិក​បាន​ធ្វើ​ការហ្វឹកហាត់​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​ជា​យូរ​មក​ហើយ រួម​ទាំង​សមុទ្រ​ចិន​ខាងត្បូង ។​សមយុទ្ធ​លើក​នេះ​មាន​បំណង​បង្ហាញ​សញ្ញា​ទៅកាន់​ដៃគូ​និង​សម្ពន្ធមិត្ត​ថា យើង​ប្តេជ្ញា​រក្សា​សន្តិសុខ​និង​​ស្ថិរភាព​តំបន់​»៕​ប្រែ​សម្រួល​៖​វាសនា​

​នាវា​ផ្ទុក​យន្តហោះ​USS Nimitz និង USS Ronald Reagan​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សារព័ត៌មាន​ចិន​ថា​ពួក​វា​ស្ថិត​រង្វង់​វាយប្រហារ​ពី​កាំជ្រួច​ចិន​