លេចឮពាក្យចចាមអារ៉ាមថា ត្រចៀកកាំ លែងលះស្វាមី តែអ្នកគ្រប់គ្រងរបស់នាងបដិសេធ

182
ចែករម្លែក

តារាសម្តែងចិន នាង វីកគី ចាវ កំពុងដោះស្រាយជាមួយពាក្យចចាមអារ៉ាមអំពីការលែងលះបន្ទាប់ពីគេដឹងថានាងបានលុបរាល់ផុសទាំងអស់ទាក់ទងនឹងស្វាមីរបស់នាងនៅលើគណនី Instagram។

នាង ចាវ អាយុ ៤៤ ឆ្នាំ ដែលគេស្គាល់ច្បាស់តាមរយៈការសម្តែងជាតួត្រចៀកកាំនៅក្នុងរឿងភាគបុរាណ My Fair Princess (១៩៩៨ ដល់ ១៩៩៩) បានរៀបការជាមួយសហគ្រិន ឈ្មោះ ហ័ង យូឡុង ដែលជាពលរដ្ឋសិង្ហបុរី តាំងពីឆ្នាំ ២០០៨ ។

អ្នកទាំងពីរមានកូនស្រីម្នាក់កើតនៅប្រទេសសិង្ហបុរីអាយុ ១០ ឆ្នាំនិងមានរហស្សនាមថា “មេសាច្រម៉ក់”។

យោងតាមសារព័ត៌មាននានារបស់តៃវ៉ាន់ អ្នកលេងអ៊ីនធឺណេតបានរកឃើញថាថ្មីៗនេះនាងចាវបានលុបផុសនៅលើ Instagram ទាក់ទងនឹងប្តីរបស់នាងដែលរួមមានទាំងរូបថតរបស់គាត់កាន់ដៃកូនស្រីនិងផ្កាកុលាបដែលគាត់ជូនទៅនាងសម្រាប់ទិវានៃក្តីស្រឡាញ់កាលពីឆ្នាំមុន។

ភ្លាមៗនោះបានធ្វើឱ្យមានការសន្និដ្ឋានថាអាពាហ៍ពិពាហ៍របស់គូស្នេហ៍កំពុងឈានដល់ផ្លូវបំបែក ប៉ុន្តែក្រុមការងាររបស់តារាសម្តែងរូបនេះបានទាត់ចោលពាក្យចចាមអារ៉ាមនេះយ៉ាងរហ័ស។

នៅក្នុងសារមួយនៅលើវេបសាយបណ្តាញសង្គមចិន Weibo អ្នកគ្រប់គ្រងរបស់នាងបានបង្ហោះជាភាសាចិននៅយប់ថ្ងៃសៅរ៍ (៤ កក្កដា) ថា “ដេញចាប់ខ្យល់និងតាមចាប់ស្រមោលពិតជាហត់ខ្លាំងណាស់។ កុំនិយាយដើមគេពេក ខំតែប្រឹងធ្វើការរកលុយទៅ”។

“ដេញចាប់ខ្យល់និងតាមចាប់ស្រមោល” គឺជាសុភាសិតចិន ដែលគេប្រើជាទូទៅចង់សំដៅទៅលើពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន។

សារបង្ហោះនោះមិនបានបញ្ជាក់ច្បាស់ពីមូលហេតុដែលរូបថតទាំងនោះត្រូវបានលុបចោលនោះទេ៕ ដោយ៖ កញ្ញាដាលីស

នាងវីកគី ចាវ លុបចោលរូបទាំងអស់ទាក់ទងនឹងស្វាមីនៅលើគណនី Instagram របស់នាង