ទិវា ឯករាជ្យ​ជាតិ អាល់​ហ្ស៊េ​រី​

174
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អាល់​ហ្ស៊េ​រី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ០៥ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទទួលបាន​ឯករាជភាព​ពី​បារាំង​កាលពី​ឆ្នាំ ១៩៦២ ។​

ភូមិសាស្ត្រ​-​ប្រជា​សា​ស្ត
​សាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យ អាល់​ហ្ស៊េ​រី មាន​ផ្ទៃដី ២ ៣៨២ ៧៤១ គីឡូ​ម៉​ត្រ ក្រឡា ស្ថិតនៅ អាហ្វ្រិក​ខាងជើង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ទុយ​នី​ស៊ី លី​ប៊ី ម៉ា​រ៉ុ​ក នី​ហ្សេ ម៉ាលី និង ស​មុ​ទ្ធ ម៉េ​ឌី​ទែ​រ​ណេ ឆ្នាំ ២០២០ មាន​ប្រជាជន​ជិត ៤៤ លាន​នាក់​ភាគច្រើន​ជា​អ្នក កាន់សាសនា​អ៊ីស្លាម​។ ភាសាផ្លូវការ​គឺ​ភាសា អារ៉ាប់​។ រដ្ឋធានី​ទីក្រុង អាល់​ហ្សេ ។​

ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ ១៨៣០ បារាំង បាន​ចូលលុកលុយ និង កាន់កាប់ អាល់​ហ្សេ​រី ដោយ​កម្លាំង​ទ័ព​ក្រោម ហេតុផល​បន្តិច​ប​ន្តួ នៃ ការការពារ​ស្ថាន កុងស៊ុល របស់ខ្លួន ។ តាមរយៈ​អាណានិគម បារាំង នេះ អាល់​ហ្សេ​រី បាន​ក្លាយជា​គោលដៅ នៃ ជនអន្តោប្រវេសន៍ អឺរ៉ុប ។ រហូតដល់​ឆ្នាំ ១៨៤៧ ប្រជាជន បារាំង ប្រមាណ​ប្រាំ ម៉ឺន នាក់ បាន​ទាញយក​ផលប្រយោជន៍​យ៉ាងច្រើន​ពី​កុលសម្ព័ន្ធ នានា នៃ ជនជាតិ អាល់​ហ្សេ​រី ប៉ុន្តែ​មិនបាន​អភិវឌ្ឍ​អ្វី​គួរឱ្យ​កត់​ស​ម្គា​លើ​ដល់​ម្ចាស់​ស្រុក វិញ​ឡើយ ។​

​ប្រការនេះ​បណ្តាលឱ្យមាន​ភាព​ទោមនស្ស​កើតឡើង​ចំពោះ​ជនជាតិ អាល់​ហ្ស៊េ​រី ដែលជា​ជន មូស្លីម (​ដែលជា​អ្នក​តែងតែ​មានទំនាស់​កាប់សម្លាប់​គ្នា​រាប់រយឆ្នាំ ចំពោះ​ជន​អឺរ៉ុប ដែលជា​អ្នក គ្រិស្ត​សាសនិក ដូចជា បារាំង នេះ​ជាដើម ) ខ្លាំង​ឡើងៗ ។ ភាព​តានតឹង​រវាង​ម្ចាស់​ស្រុក និង អាណា​និគមជន បារាំង ដែលជា​ជន​គ្រិស្ត​និយម បាន​កើនឡើង​ឥត​ស្រាកស្រាន្ត ។ ទីបំផុត សង្គ្រាម​រវាង​ជនជាតិ អាល់​ហ្ស៊េ​រី ដឹកនាំ​ដោយ រណសិរ្ស រំដោះ ជាតិ (FLN) ប្រឆាំងនឹង​អាណា និគម បារាំង បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ១៩៥៤ ដោយ ក្រុម រណសិរ្ស រំដោះ ជាតិ អាល់​ហ្ស៊េ​រី បាន​បើក​ការ​វាយ​លុយ​ទូទាំងប្រទេស​នៅ​ព្រឹ​ថ្ងៃទី ០១ ខែ វិច្ឆិកា នា​ឆ្នាំ​នោះ ដោយ​ឱ្យ​ឈ្មោះថា “ សង្គ្រាម ដើម្បី ឯករាជ្យ អាល់​ហ្ស៊េ​រី “ ។​

​ជាទូទៅ កងទ័ព រណសិរ្ស រំដោះ ជាតិ អាល់​ហ្ស៊េ​រី ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាមឈ្លប សង្គ្រាម​ឆ្មក់ ឬ លួច​វាយប្រហារ រួចហើយ​រត់គេចខ្លួន ។ ចំណែក​កងទ័ព​អាណានិគម បារាំង​ដែលមាន​កម្លាំង ខ្លាំងក្លា សព្វាវុធ​ទំនើប ហើយ​ដែលជា​អ្នក​នៅ​ទី​ភ្លឺ​នោះ ក៏​មិនដែល​អត់ឱន​ដល់​ជន​ណា​ដែល ពួកគេ​សង្ស័យថា​បាន​ពាក់ព័ន្ធ​ជាមួយ​ចលនា​ទាមទារ​ឯករាជ្យ​នោះដែរ ។ ដោយហេតុ​នោះ សង្គ្រាម​នេះ​បានសម្លាប់​មនុស្ស​យ៉ាង​រង្គាល និង យ៉ាង​ឃោរឃៅ​បំផុត​មួយ ទម្រាំ​ដល់​ចប់ សង្គ្រាម​នេះ មាន​មនុស្ស​ប្រមាណ​ជាង​មួយ​លាន នាក់​បាន​ស្លាប់ និង មនុស្ស​ប្រមាណ​ជា​ជិត ១០ លាន​នាក់​ភៀសខ្លួន ។​

​ខណៈដែល​សាធារណរដ្ឋ​ទី ៤ នៅឯ​ប្រទេស បារាំង ឯណោះ​ក៏​កំពុងមាន​ភាព​តានតឹង​ដែរ ធ្វើឱ្យ​ការត្រួតត្រា​នៅ​តំបន់​អាណានិគម​នានា ដោយ​រួមទាំង នៅ អាល់​ហ្ស៊េ​រី ផង មាន​ភាព ខ្សោយ និង ចន្លោះប្រហោង​ច្រើន ។ កងទ័ព ជុន​តា បាន​ដណ្តើម​គ្រប់គ្រង​អំណាច​នៅ អាល់​ហ្ស៊េ​រី នៅ​យប់​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ១៩៥៨ ។ នៅ​ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ​ដដែល នោះ កងទ័ព បារាំង បាន​ចាក​ចេញពី​ប្រទេស អាល់​ហ្ស៊េ​រី ទៅ​ដណ្តើម​កាន់កាប់​កោះ​មួយចំនួន របស់​សាធារណរដ្ឋ​ទី ៤ របស់ បារាំង ។

​នៅ​ថ្ងៃទី ២៩ ខែ និង ឆ្នាំ ដដែល លោក សាល ដឺ ហ្គោល ត្រូវបាន​ទទួលស្គាល់​ដោយ​សភា បារាំង ថា​ជា​ប្រធានាធិបតី របស់ បារាំង ដែល​បានសេចក្តីថា សាធារណរដ្ឋ​ទី ៤ បារាំង លែងមាន​អំណាច ឬ អស់​ការគាំទ្រ ពី​សំណាក់ កងទ័ព​នៅ អាល់​ហ្ស៊េ​រី ទៀតហើយ ។​

ប្រកាស​ឯករាជភាព​
​ដោយសារបារាំង ខ្លួនឯង​កំពុង​មមាញឹក​នឹង​បញ្ហា​ផ្ទៃក្នុង​ផង ពិបាក​នឹង​ទប់​ទល់នឹង​សង្គ្រាម ឈ្លប​របស់ ចលនា រណ​សិ​រ្យ រំដោះជាតិ អាល់​ហ្ស៊េ​រី ហើយ​ចលនា​នេះ​ចេះតែ​រីក​រាលដាល​គឺ កាន់តែ​បង្ក្រាប​កាន់តែ​ស្ទុះ​ផង ធ្វើឱ្យ បារាំង ទប់ទល់​មិនបាន ទើប​បារាំង​ព្រម​ចុះហត្ថលេខា​លើ សន្ធិសញ្ញា​មួយ​នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៦២ ដោយ​ក្នុងនោះ​គឺ​កិច្ច​ឈប់​បាញ់​គ្នា បារាំង ព្រម​ដោះលែង​អ្នកទោស​មួយចំនួន ទទួលស្គាល់​អធិបតេយ្យ​ភាព​ពេញលេញ​របស់ អាល់​ហ្ស៊េ​រី និង សិទ្ធិ​ស្វ័យ​សម្រេច ធានា​ការការពារ អាល់​ហ្ស៊េ​រី ដោយ​គ្មាន​ការរើសអើង (​ជាពិសេស ដោយ​សារភាព​ផ្សេងគ្នា នៃ សា​សាន ) ដូច​អ្វីដែល​បាន​កើតឡើង​កន្លងមក​ទៀត ។​
​ ​
​តាមរយៈ កិច្ចព្រមព្រៀង​ខាងលើ​នោះ ប្រធានាធិបតី​ថ្មី​របស់ បារាំង លោក សាល ដឺ ហ្គោល បានរៀបចំ​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ ស្តីពី “ សិទ្ធិ​ស្វ័យ​សម្រេច សម្រាប់ អាល់​ហ្ស៊េ​រី “ នៅ​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ១៩៦២ ហើយ​អ្នកបោះឆ្នោត ៧៥ ភាគរយ​បាន​បោះឆ្នោត​ប្រគល់​សិទ្ធិ​ស្វ័យ សម្រេច​ទៅឱ្យ អាល់​ហ្ស៊េ​រី ។ ដោយហេតុ​នោះ​រដ្ឋាភិបាល លោក សាល ដឺ ហ្គោល​ក៏បាន ចាប់ផ្តើម​ចរចា​ស្វែងរក​សន្តិភាព​ដោយ​សម្ងាត់​ជាមួយ រណសិរ្ស រំដោះ ជាតិ អាល់​ហ្ស៊េ​រី ។​
​ ​
​ទីបំផុត អាល់​ហ្ស៊េ​រី បានប្រកាស​ឯករាជភាព​របស់ខ្លួន​នៅ​ថ្ងៃទី ០៣ ខែ ក្កដា ឆ្នាំ ១៩៦២ ។ ប៉ុន្តែ ០២ ថ្ងៃក្រោយ ពោលគឺ​នៅ​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ១៩៦២ ដដែល​នោះ ទើប បារាំង​ទ​ទូល ស្គាល់​ឯករាជភាព​របស់ អាល់​ហ្ស៊េ​រី ។​
​ ​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អាល់​ហ្ស៊េ​រី បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី ៥ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​ទទួលស្គាល់​ឯករាជភាព​របស់​ពួកគេ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទីក្រុង អាល់​ហ្សេ នៃ ប្រទេស​អាល់​ហ្ស៊េ​រី
ក្បួនព្យុហយាត្រា​នៅ​ថ្ងៃ​ឯករាជ្យ​ជាតិ អាល់​ហ្ស៊េ​រី ឆ្នាំ ១៩៩៦២