ចិនពន្លះអាម៉េរិកថាមានចេតនា “សម្ញែងសាច់ដុំ” នៅក្នុងសមយុទ្ធនៅសមុទ្រចិនខាងត្បូង

306
ចែករម្លែក

សហរដ្ឋអាម៉េរិកបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងចំនួន ២ គ្រឿងទៅដែនទឹកដែលកំពុងប្រទាញប្រទង់គ្នាជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ។ សមយុទ្ធអាម៉េរិកបានធ្វើឡើងនៅពេលដែលរបបក្រុងប៉េកាំងទើបតែបញ្ចប់សមយុទ្ធផ្ទាល់ខ្លួននៅសមុទ្រចិនខាងត្បូង។

ក្រសួងការបរទេសចិនបានថ្កោលទោសការធ្វើសមយុទ្ធរបស់អាម៉េរិកនៅសមុទ្រចិនខាងត្បូងដោយនិយាយថារបបក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាផ្ទុកយន្ដហោះរបស់ខ្លួនដោយចេតនាដើម្បី “សម្ញែងសាច់ដុំរបស់ខ្លួន”។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកចាវ លីចៀន ចំណាត់ការរបស់អាម៉េរិកនេះគឺមានគោលបំណងជំរុញឱ្យមានជម្លោះរវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកអាម៉េរិកនៅក្នុងដែនទឹកដែលមានជម្លោះ ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះចំនួនពីរគឺនាវាឈ្មោះ Nimitz និង Reagan។ យោងតាមកងទ័ពជើងទឹកអាម៉េរិក សមយុទ្ធនេះនឹងបញ្ជូនសារប្រកបដោយអត្ថន័យដល់សម្ព័ន្ធមិត្តអាម៉េរិកទាក់ទងនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ “សន្តិសុខនិងស្ថិរភាព” នៅក្នុងតំបន់។

កន្លងមកសហរដ្ឋអាម៉េរិកបានសម្តែងការព្រួយបារម្ភអំពីសមយុទ្ធយោធារបស់ទីក្រុងប៉េកាំងនៅសមុទ្រជុំវិញប្រជុំកោះផារ៉ាសែល។ មន្ទីរបញ្ចកោណបានព្រមានថាចំណាត់ការនេះនឹងធ្វើឱ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងអស្ថិរភាពនិងរំលោភលើសន្ធិសញ្ញាអន្តរជាតិដែលឱ្យបញ្ចៀសសកម្មភាពដែលនឹងធ្វើឱ្យជម្លោះកាន់តែកើនឡើងនៅក្នុងតំបន់។

ប្រជុំកោះភាគច្រើននៅសមុទ្រចិនខាងត្បូងត្រូវបានគ្រប់គ្រងដោយទីក្រុងប៉េកាំង។ ទោះយ៉ាងណាដែនទឹកនេះត្រូវបានទាមទារដោយប្រទេសជាច្រើនទៀតរួមមានវៀតណាមព្រុយណេនិងហ្វីលីពីនដែលជាសមាជិកអាស៊ាន៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិកបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង