វគ្គ​ជម្រុះ​ជុំ​ទី​២​បញ្ចប់​ថ្ងៃទី​៧​មេសា​

1135
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​២ នឹង​បញ្ចប់​ត្រឹម​ថ្ងៃទី​៧​មេសា​នេះហើយៗ បន្ទាប់ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​បញ្ចប់​នោះ​វគ្គ​ជម្រុះ​ជុំ​ទី​៣ ក៏​នឹង​ចាប់ផ្ដើម​ដែរ ដើម្បី​រក​អ្នកខ្លាំង​៤​រូប​សម្រាប់​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​ការប្រកួត​ជម្រុះ​ចុងក្រោយ នៃ​ជុំ​ទី​២​អ្នក​ប្រដាល់ ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លន បញ្ញា របស់​ក្លិប​កងយោធពល​ខេមរភូមិន្ទ​។​

​ផាន ផាត់​យុទ្ធ ពី​វគ្គ​ជម្រុះ​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ឡុង រ៉ា​មី របស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​ក្នុងខណៈដែល លន បញ្ញា គេ​ផ្ដួល​អ្នក​ប្រដាល់ ឈាន រស្មី ក្លិប​ខេត្តរតនគិរី ឲ្យ​សន្លប់​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​នោះ​។ សម្រាប់​ជុំ​ទី​២ ការប្រកួត​តឹងតែង​ជាង​កាលពី​ជុំ​ទី​១ ហើយ​អ្នកចាញ់​នៅ​ជុំ​ទី​២ ក៏ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ដូច​ជុំ​ទី​១​ដែរ ហើយ​បើ​ឈ្នះ​នឹង​ទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ដែល​នៅសល់​អ្នក​ប្រដាល់​តែ ៨ រូប​។ ផាន់ ផាត់​យុទ្ធ ស្គាល់​សង្វៀន​ប្រដាល់​មុន លន បញ្ញា នរណា​ខ្ទាត​ចេញ​នរណា​មាន​សមត្ថភាព​ដណ្ដើម​កៅអី​សម្រាប់​ជុំ​ទី​៣​ទៀត​។​

​ប្រកួត​ជម្រុះ​ក្នុង​ជុំ​ទីនេះ​ដែរ​អ្នក​ប្រដាល់​លាប រដ្ឋា​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់ ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​។​

​កាល​ប្រកួត​ជម្រុះ​ជុំ​ទី​១ រដ្ឋា ឈ្នះ ផាត សូ​ដា ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ឯ ឈុត សេរី​វ៉ាន់​ថង ឈ្នះ​អាន ទាវ ក្លិប​យុវ​វាល​ស្បូវ​ដោយ​ពិន្ទុ​ដែរ​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ខ្លាំង​ដូចគ្នា​ហើយក៏​ត្រូវការ​ឈ្នះ​ដូចគ្នា​ដែរ​។ សេរី​វ៉ាន​ថង ស្គាល់​សង្វៀន​ប្រដាល់ ក្រោយ រដ្ឋា ទេ តែ​ដោយ​ឪពុក​គេ​ជា​គ្រូបង្វឹក​ផ្ទាល់​នោះ អ្នក​ប្រដាល់​រូបនេះ​ឆាប់​មានឈ្មោះ​បោះ​សំឡេង​ណាស់ មិនតែប៉ុណ្ណោះ​គេ​ថែមទាំង​ដណ្ដើមបាន​ឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ទៀតផង​។ រដ្ឋា ពុំដែល​មានឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅ​សង្វៀន​នានា ក្នុង​រាជធានី​ភ្នំពេញ​នោះទេ​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ នរណា​ដើរ​ចេញពី​ការប្រកួត​?

ការប្រកួត​ជា​មិត្តភាព​រវាង​កម្ពុជា​-​ថៃ​វិញ​នោះ ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ផា​យ៉ាក ណ​យ (Phayak Noy)​។​

​ផា​យ៉ាក ណ​យ ឧស្សាហ៍​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ណាស់​កន្លងមក ការប្រកួត​របស់គេ​មាន​ឈ្នះ​មាន​ចាញ់ ហើយ​សម្រាប់ បូរ៉ា ប្រសិន​បៃ​វ៉ៃ​អ្នក​ប្រដាល់​ថៃ​រូបនេះ ឲ្យ​មាន​របួស​ក្នុងអំឡុង​ទឹក​ទី​២ ឬ​ទី​៣​ទេនោះ ចាប់ពី​ទឹក​ទី​៤​ទៅ​ទំនងជា​យ៉ាប់​ហើយ​។

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ វ៉ាន់ ចាន់​វ៉េ​ត ក្លិប​តា​ព្រហ្ម​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។ កែវ សំរិទ្ធ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អូន សុទ្ធ ក្លិប​តា​ព្រហ្ម​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម