រដ្ឋមន្ត្រី​កិច្ចការនារី​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​បង្ក្រាប​និង​ទប់ស្កាត់​អំពើហិង្សា​

176
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោកស្រី​អ៊ឹង​កន្ថាផាវី​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​បាន​អំពាវនាវ​ស្នើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជួយ​បង្ក្រាប និង​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​នៅតាម​សហគមន៍​លើ​ស្ត្រី និង​កុមារ​។​ជាពិសេស​អំពើហិង្សា​ផ្នែក​ផ្លូវភេទ គឺ​រំលោភ​សេពសន្ថវ​:​។​

​លោកស្រី​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​អំពាវនាវ​ក្នុងឱកាស​ដែល​លោកស្រី​អញ្ជើញ​ចូលរួម​ប្រកាស​ចូលកាន់​តំណែង​រប​ស់លោក​ស្រី ឯម ថា​វី​ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ចាម​ជំនួស​លោកស្រី ដុក ណា​រុំ ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នៅ​សាលាខេត្ត​កំពង់ចាម​កាល​ពី​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា ឆ្នាំ​២០២០​។​

​លោកស្រី អ៊ឹង កន្ថាផាវី បាន​មានប្រសាសន៍ថា ក្រសួង​កិច្ចការនារី​ជា​ក្រសួង​ធ្វើ​ការងារ​ច្បាស់លាស់ គឺជា​ក្រសួង​មួយ​ធ្វើការ​កែតម្រូវ​នូវ​ផ្នត់គំនិត​របស់​សង្គម​ទាំង​មួល​គឺ​ទាំង​បុរស​ទាំង​ស្ត្រី​ជា​យ៉េន​ឌ័​រ​។​ក្នុងនោះ​មានការ​អប់រំ​កុមារា​កុមារី​ក្លាយជា​គំរូ​ជា​អ្វីដែល​ទៅតាម​ការវិវត្តន៍​នៃ​សង្គម​យើង​ចង់បាន​នាពេល​បច្ចុប្បន្ន​នោះ​។​

លោកស្រី​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា​ការផ្លាស់ប្តូរ​ផ្នត់គំនិត​បទដ្ឋាន​ប្រពៃណី​មិន​ប្រពៃណី​ក៏ដោយ​ពី​ជា​ទម្លាប់​ដែល​ឆក់យក​ធ្វើឱ្យ​ទម្លាប់​នោះ​ស៊ីសង្វាក់​នឹង​សង្គម​។​ដោយ​ត្រូវ​ធ្វើយ៉ាងណា​ផ្លាស់ប្តូរ​បទដ្ឋាន​ទៅជា​បទ​វិជ្ជមាន​ទាំង​បុរស​ទាំង​ស្ត្រី​ក្នុងសង្គម​ទំនើប​នៃ​សង្គម​បច្ចុប្បន្ន​។​ពិសេស​ការងារ​បញ្ជ្រាប​កិច្ចការនារី​គឺ​បញ្ជ្រាប​យ៉េន​ឌ័​រ​ក្នុង​វិស័យ​អប់រំ​សេដ្ឋកិច្ច​កសិកម្ម​ច្បាប់​។​ជាការ​ងារ​ទទឹង​ផង​និង​បណ្តោយ​ផង​គឺ​ខុសពី​ក្រសួង​ជំនាញ​បច្ចេកទេស​ដែល​មានតែ​ការងារ​បណ្តោយ​នោះ​។​

​លោកស្រី​បាន​បន្ថែមថា​ជារួម​ក្រសួង​កិច្ចការនារី​ត្រូវធ្វើ​ការងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ឬ​ក្រសួង​បច្ចេកទេស​ដោយ​មិន​អាចធ្វើ​ម្នាក់ឯង​បានទេ​។​ជាក់ស្តែង​បច្ចុប្បន្ន​អំពើហិង្សា​កើតឡើង​ច្រើន​គឺជា​អំពើហិង្សា​ក្នុង​គ្រួសារ​និង​ក្នុង​សហគមន៍​ពិសេស​អំពើហិង្សា​ផ្នែក​ផ្លូវភេទ​គឺ​រំលោភ​សេពសន្ថវ​:​។​នេះ​ជាការ​ងារ​របស់​កិច្ចការនារី​យើង​ឃ្លាំមើល​ពី​នីតិវិធី​រហូតដល់​តុលាការ​។​ប៉ុន្តែ​ការបង្ក្រាប​ចាប់​ជនសង្ស័យ​ជា​ការងារ​តួនាទី​ត្រូវ​សហការ​ពី​កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​។​

​លោកស្រី​បាន​បន្តថា​ការងារ​បន្ទាប់​របស់​កិច្ចការនារី​គឺ​ធ្វើ​របាយការណ៍​ជូនទៅ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​ដែលមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​ប្រធាន​និង​ក្រសួង​ចំនួន​២៤​ជា​សមាជិក​។​ដូច្នេះ​សំ​ណូ​រពរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជួយ​បង្ក្រាប ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​និង​តាម​សហគមន៍​ចំពោះ​ស្ត្រី និង​កុមារ​។​ក៏​សូម​ថ្លែងអំណរគុណ​ក្នុង​ការសហការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នាពេល​កន្លងមក​៕S/​