ដំណើរ​ស្វែងរក​ឪពុក​ដែលជា​ជនភៀសខ្លួន​ជនជាតិខ្មែរ របស់ អា​វីន វេ​នី​ហ្សូ​អេ​ឡា​

604
ចែករម្លែក
អា​វីន វេ​នី​ហ្សូ​អេ​ឡា​
(​អា​វីន វេ​នី​ហ្សូ​អេ​ឡា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ អា​វីន វេ​នី​ហ្សូ​អេ​ឡា មាន​អាយុ​៣៦​ឆ្នាំ សព្វថ្ងៃ​រស់នៅក្នុង​ទីក្រុង​ម៉ា​នី​ឡា​នៃ​ប្រទេស​ហ្វីលីពីន​។ ម្តាយ​របស់ខ្ញុំ​ឈ្មោះ អា​មេ​នី វេ​នី​ហ្សូ​អេ​ឡា ដែល​សព្វថ្ងៃនេះ​មាន​អាយុ​៥៨​ឆ្នាំ រស់នៅ​កោះ​ប៊ី​រី ភាគ​ខាងជើង​នៃ​ប្រទេស​ហ្វីលីពីន​។ ខ្ញុំ​កំពុងតែ​ស្វែងរក​ឪពុក​របស់ខ្ញុំ​ឈ្មោះ ខាង ភី គឺជា​អតីតជន​ភៀសខ្លួន ដែលជា​ជនជាតិខ្មែរ​មកពី​ប្រទេស​កម្ពុជា​។


​រវាង​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​នយោបាយ​មួយ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ការដឹកនាំ​របស់​ក្រុម​កុម្មុយនីស្ត​មួយក្រុម​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​។ របប​ខ្មែរក្រហម បានផ្តល់​ឲ្យ​នូវ​មេរៀន​ជីវិត​មួយ​ដ៏​សែន​ជូរចត់​ដល់​ប្រជ​ជន​ខ្មែរ​គ្រប់រូប រួមមាន​ការធ្វើ​ទារុណកម្ម​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ការកាប់សម្លាប់​យ៉ាង​សាហាវឃោរឃៅ និង​ការ​ពង្រាត់បង្រាស​សមាជិក​ក្រុមគ្រួសារ​បែកចេញ​ពីគ្នា​។ រហូតមកដល់​ចុងឆ្នាំ​១៩៧៨ នៅពេលដែល​កងទ័ព​វៀតណាម​បាន​វាយ​ចូលមក​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា អតីត​យោធា និង​កម្មាភិបាល​ខ្មែរក្រហម បាន​រត់គេចខ្លួន​ទៅកាន់​ព្រំដែន​ថៃ និង​រស់នៅក្នុង​ជំរំ​នៅ​ទីនោះ​។ ដោយ​មូលហេតុ​នៃ​ការមិនទុកចិត្ត​និង​ភ័យ​ខ្លាចក្រែង​មាន​សង្គ្រាម​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ម្តងទៀត ប្រជាជន​ខ្មែរ​ទាំងនោះ បាន​រិះរក​មធ្យោបាយ​បន្ត​រត់​ភៀសខ្លួន​ទៅ​រស់នៅក្នុង​ប្រទេស​ទី​បី​ដូចជា​ប្រទេស​កាណាដា ន័​រវេ​ស អូស្ត្រាលី បារាំង និង​អាម៉េរិក​ជាដើម​។ មុនពេល​ចាក​ចេញទៅ​រស់នៅ​ក្នុងប្រទេស​ទាំងនោះ ប្រជាជន​ខ្មែរ តម្រូវ​ឲ្យ​មក​រស់នៅក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជនភៀសខ្លួន​ដែល​ស្ថិតនៅ​ទីក្រុង​ម៉ូ​រ៉ុង ក្នុង​ខេត្ត​បា​តា​អាន នៃ​ប្រទេស​ហ្វីលីពីន​ជា​បណ្តោះអាសន្ន​សិន​។ ប្រជាជន​ខ្មែរ បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​ហ្វីលីពីន​ចំនួន​ប្រមាណ​១០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ជនភៀសខ្លួន​មកពី​ប្រទេស​ឥណ្ឌូចិន​សរុប​ប្រមាណ​៤០០.០០០​នាក់​។​

​ម្តាយ​របស់ អា​វីន វេ​នី​ហ្សូ​អេ​ឡា ឈ្មោះ អា​មេ​នី វេ​នី​ហ្សូ​អេ​ឡា​
(​អា​វីន វេ​នី​ហ្សូ​អេ​ឡា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ឪពុក​របស់ខ្ញុំ គឺជា​ជនជាតិខ្មែរ​ម្នាក់​ក្នុងចំណោម​ជនជាតិខ្មែរ​ដទៃទៀត ដែល​បាន​រត់​ភៀសខ្លួន​មកកាន់​ប្រទេស​ហ្វីលីពីន និង​មក​រស់នៅក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជនភៀសខ្លួន​នៅ​ទីក្រុង​ម៉ូ​រ៉ុង ក្នុង​ខេត្ត​បា​តា​អាន​នៃ​ប្រទេស​ហ្វីលីពីន​។ ម្តាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា នៅក្នុង​អំឡុង​ឆ្នាំ​១៩៨៥ គាត់​បាន​ជួប​ឪពុក​របស់ខ្ញុំ​នៅក្នុង​ជំរំ​។ នៅពេល​រស់នៅក្នុង​ជំរំ ឪពុក​របស់ខ្ញុំ គឺជា​ជំនួយការ​គ្រូបង្រៀន​ភាសា​អង់គ្លេស រីឯ​ម្តាយ​ខ្ញុំ​វិញ​គឺជា​អ្នកធ្វើការ​នៅក្នុង​កងទ័ព​សង្គ្រោះ​។ ឪពុក​របស់ខ្ញុំ​គឺជា​ជំនួយការ​របស់​គ្រូ​ភាសា​អង់គ្លេស​ម្នាក់​ឈ្មោះ​អា​មែន​នៀ​។ គាត់​ក៏បាន​ជួយ​បកប្រែ​ភាសា​អង់គ្លេស​ដល់​សិស្ស​ដែល​មិន​យល់​ពីអ្វី​ដែល​គ្រូ​បាន​និយាយ​។


​ក្រោយមក​នៅក្នុង​ឆ្នាំ​១៩៨៥​ដដែល ម្តាយ​របស់ខ្ញុំ​ក៏បាន​ចាក​ចេញពី​ខេត្ត​បា​តា​អាន ត្រឡប់​ទៅ​ភូមិកំណើត​របស់គាត់​វិញ​នៅក្នុង​ទីក្រុង​តា​ក្លូ​បាន​ដែល​ពេលនោះ​គាត់​កំពុង​តែមាន​ផ្ទៃពោះ​កំណើត​ខ្ញុំ​។ គាត់​បាន​ចាក​ចេញពី​ជំរំ ដោយសារ​រដ្ឋាភិបាល​មិន​អនុញ្ញាតិ​ឲ្យ​ជនភៀសខ្លួន និង​ជនជាតិ​ហ្វ៊ី​លី​ពី​ន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ឡើយ​។ ឪពុក​របស់ខ្ញុំ​ក៏បាន​ដឹង​អំពី​រឿង​នេះដែរ ហើយក៏​បានដឹងថា​ម្តាយ​របស់ខ្ញុំ​នឹង​ចាក​ចេញទៅ​ស្រុកកំណើត​វិញ​។ ម្តាយ​ខ្ញុំ​ក៏បាន​ប្រាប់​ខ្ញុំ​ផងដែរ​ថា មុនពេល​ដែល​ឪពុក​ខ្ញុំ​ហៀបនឹង​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន គាត់​បាន​សរសេរ​សំបុត្រ​មួយ​ប្រាប់​ដល់​ម្តាយ​របស់ខ្ញុំ​ថា គាត់​នឹង​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន​ទៅកាន់​ទីក្រុង​កាន់​សាស​នៃ​សហរដ្ឋ​អាម៉េរិក ឬ ប្រទេស​បារាំង​។ ក្រោយមក​គាត់​ទាំងពីរ​នាក់​បាន​បែក​គ្នា​ដោយ​គ្មាន​ទំនាក់ទំនង​រហូតដល់​សព្វថ្ងៃនេះ​។ អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​នោះ​គឺ​នៅពេលដែល​ព្យុះ​បាន​ប៉ះទង្គិច​ទីក្រុង​តា​ក្លូ​បាន​ដែល​ខ្ញុំ​ធ្លាប់​បានរស់នៅ​។ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​ប្រទេស​ហ្វីលីពីន មាន​ព្យុះ​មួយ​ឈ្មោះ យូ​ឡាន់​ដា បាន​បំផ្លិចបំផ្លាញ​ទីក្រុង​ង​តា​ក្លូ​បាន​យ៉ាងធ្ងន់ធ្ងរ​។ ព្យុះ​នោះបាន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​។ សម្រាប់​គ្រួសារ​ខ្ញុំ យើង​បាន​បាត់បង់​សំបុត្រ និង​រូបថត​របស់​ឪពុក​ខ្ញុំ ដែល​ត្រូវ​ទឹក​និង​ព្យុះ​បោកបក់​នាំយកទៅ​បាត់​គ្មាន​សេសសល់​អ្វី​ឡើយ​។ ម្តាយ​របស់ខ្ញុំ​បាន​ប្រាប់ថា រូបថត និង​សំបុត្រ​ខ្លះទៀត​របស់​ឪពុក​ខ្ញុំ​ដែល​បានផ្តល់​ឲ្យ​ទៅ​អា​មែន​នៀ​ក៏ ត្រូវបាន​ចោរលួច​នៅពេលដែល​អា​មែន​នៀ​ដាក់​រូបថត និង​សំបុត្រ​នោះ​នៅក្នុង​កាបូប​របស់គាត់​ពេលដែល​គាត់​ធ្វើដំណើរ​តាម​កប៉ាល់​មកកាន់​ទីក្រុង​តា​ក្លូ​បាន​។​

អា​វីន វេ​នី​ហ្សូ​អេ​ឡា និង​ម្តាយ​
(​អា​វីន វេ​នី​ហ្សូ​អេ​ឡា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​តាំងពី​ខ្ញុំ​កើតមក ខ្ញុំ​មិនដែល​ឃើញ​មុខ​ឬ​សូម្បីតែ​រូបថត​របស់​ឪពុក​ខ្ញុំ​ឡើយ​។ ម្តាយមីង និង​ម្តាយ​របស់ខ្ញុំ​តែងតែ​និយាយថា​ឪពុក​របស់ខ្ញុំ​មាន​សក់រួញ​និង​មាន​រូបរាង​ដូច​ខ្ញុំ​បេះបិទ​។ ខ្ញុំ​ចាប់ផ្តើម​ស្វែងរក​ឪពុក​របស់ខ្ញុំ​នៅក្នុង​កំឡុង​ឆ្នាំ​១៩៩១ ពេលដែល​ខ្ញុំ​ចាប់ផ្តើម​ចូលរៀន​នៅក្នុង​សាលា​។ ម្តាយ​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​តិចតួច​បំផុត​អំពី​ឪពុក​របស់ខ្ញុំ ព្រោះ​គាត់​ក៏បាន​ចាក​ចេញពី​ខ្ញុំ​ដែរ​។ ជីដូន​ជីតា​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ម្តាយ​របស់ខ្ញុំ​បាន​ចាកចេញ​ចាប់តាំងពី​ខ្ញុំ​មាន​អាយុ​២​ខែ​។ ការចាកចេញ​របស់គាត់​គឺ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ខាងក្រៅ​ផ្ទះ​។ ខ្ញុំ​រស់នៅ​ជាមួយ​ជីដូន​ជីតា​ដែលមាន​វ័យ​ជរា និង​មិនអាច​មើលថែរក្សា​ខ្ញុំ​បាន​។ ក្រោយមក ខ្ញុំ​មិនសូវ​ជាមាន​ភាពស្និទ្ធស្នាល​ជាមួយនឹង​ម្តាយ​របស់ខ្ញុំ​ទេ​ចាប់តាំងពី​ពេលដែល​គាត់​បាន​កសាង​ក្រុមគ្រួសារ​ថ្មី​មួយទៀត​។​
​ការស្វែងរក​ដំណឹង​ពី​ឪពុក​ខ្ញុំ​ពិតជា​ដំណើរ​មួយ​ដ៏​លំបាក​ណាស់ ដោយសារតែ​ខ្ញុំ​មាន​ព័ត៌មាន​ស្តួចស្តើង​បំផុត​ពី​គាត់​។​ខ្ញុំ​ធ្លាប់បាន​ស្វែងរក​ឪពុក​ខ្ញុំ​តាំងពី​ពេល​នោះមក ហើយ​ខ្ញុំ​ក៏មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​ការស្វែងរក​នេះដែរ​។​និយាយ​ដោយស្មោះ​ត្រង់​ទៅ សម្រាប់​ខ្ញុំ វា​មិនជា​អ្វី​នោះទេ​ប្រសិនបើ​ខ្ញុំ​រកឃើញ​ឪពុក​របស់ខ្ញុំ ហើយ​យើង​មិនបាន​ស្និទ្ធស្នាល​នឹង​គ្នា​នោះ​។ ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​រូបគាត់​ផ្ទាល់​នឹង​ភ្នែក​ទាំង​គូ​របស់ខ្ញុំ​។ ខ្ញុំ​គ្រាន់តែ​ចង់​ផ្តិត​ទុក​រូបភាព​របស់គាត់​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។ ខ្ញុំ​ចង់​មាន​អារម្មណ៍​មួយ​ឲ្យ​អស់ចិត្ត​តែប៉ុណ្ណោះ​។


ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​ពេលនេះ​ព្រះ​ជា​ម្ចាស់​បាន​នាំ​ឲ្យ​ខ្ញុំ​ស្គាល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ជួយ​ខ្ញុំ​ក្នុងការ​ស្វែងរក​ដំណឹង​ឪពុក​របស់ខ្ញុំ​។​ខ្ញុំ​អធិដ្ឋាន ហើយ​សង្ឃឹមថា​នៅ​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បានទទួល​ដំណឹង​ពី​គាត់​។ ខ្ញុំ​បាន​ភ្ជាប់​ជូន​នូវ​ប័ណ្ណសម្គាល់ខ្លួន និង រូបថត​របស់​ម្ដាយ​ខ្ញុំ​និង​ខ្ញុំ​៕សរន