បន្ទាប់ពី​ប្រតិកម្ម​ជុំ​ទិសៈ អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀ​សុំទោស​ថ្នាក់ដឹកនាំ​និង​ប្រជាជន​ខេត្តព្រៃវែង​

361
ចែករម្លែក
​រូប​ពីឆ្វេង​ទៅ​ស្តាំៈ លោក​លោក ឈួន សុខ​លីម អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀ និង​លោក​សយ រតនា(ពាក់វ៉ែនតា)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកគ្រប់គ្រង និង​ជា​អ្នកដឹកនាំ​ផលិត​បទ​ចម្រៀង តើ​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​? នៃផលិតកម្ម​មរតក​មេ​ឌៀ បានធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ក៏ដូចជា​សុំទោស​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលជា​ថ្នាក់ដឹកនាំ​និង​ជា​កូន​អ្នក​ព្រៃវែង​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក ស សុខា ដែលជា​ថ្នាក់ដឹកនាំ​ចុះជួយ​ខេត្តព្រៃវែង និង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​លោកស្នងការ​ខេត្តព្រៃវែង រួមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ …​។


​ការចេញ​មកសុំ​ទោស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានប្រតិកម្ម​ជុំវិញ​ទិស ទាក់ទង​បទ​ចម្រៀង តើ​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​? ដែលមាន​ចរិត​រើសអើង បំបែកបំបាក់​ជាតិ​សាសន៍ បន្ទាប​តម្លៃ​អ្នក​ព្រៃវែង បន្តុះបង្អាប់​កិត្តិយស ប្រមាថ​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ប្រជាពលរដ្ឋ​។​

រូប​ពីឆ្វេង​ទៅ​ស្តាំៈ លោក​លោក ឈួន សុខ​លីម អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀ និង​លោក​សយ រតនា


​បន្ទាប់ពី​មានប្រតិកម្ម​ចំពោះ​បទ​ចម្រៀង​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ បាន​កោះអញ្ជើញ​អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀ មកសាកសួរ​ពាក់ព័ន្ធ​អត្ថន័យ​ខ្លឹមសារ​បទ​ចម្រៀង តើ​ពិតជា​មានការ​ខុសឆ្គង ឬក៏​មាន​ចេតនា​បន្ទាប​តម្លៃ​អ្នក​ព្រៃវែង​។​


​ជា​លទ្ធផល ​អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀ បានធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង និង​សម្រេច​លុបចោល​នូវ​បទ​ចម្រៀង​តើ​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​? នៅក្នុង​យូ​ធូប និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​យក​បទ​ចម្រៀង​នោះ​ទៅ​បង្ហោះ​ចែកចាយ គឺ​សុំ​ឲ្យ​លុបចោល​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ជា​បន្តទៀត​។​

លោក​លោក ឈួន សុខ​លីម អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀ និង​លោក​សយ រតនា(ពាក់វ៉ែនតា)


​លោក​សយ រតនា ដែលជា​អ្នក​ច្រៀង​បទ​ចម្រៀង​តើ​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​? បាន​បញ្ជាក់ថា​ នៅក្នុង​បទ​ចម្រៀង​មួយ​នេះ​គឺ​អត់​មាន​ចេតនា​ណាមួយ​ធ្វើ​ឲ្យ​មានការ​រើសអើង​រវាង​ប្រជាជន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទេ​។ គោលបំណង​ដែល​ធំ​បំផុត​លុបបំបាត់​បញ្ឈប់​ការរើសអើង ហើយ​អ្វី​ដែលជា​ហេតុផល​ដែល​លោក​មិនអាច​មើលងាយ​អ្នក​ព្រៃវែង គឺ​ដោយ​លោក​ក៏​ជា​អ្នក​ព្រៃវែង​ដូចគ្នា គ្មាន​ហេតុផល​ណាមួយ​ដែល​ខ្ញុំ​ត្រូវ​បន្តុះបង្អាប់​ខេត្ត​ខ្លួនឯង​ទេ គឺមាន​តែ​ការលើកសរសើរ​ខេត្ត​ខ្លួនឯង​។​
​លោក​សយ រតនា បាន​បន្តថា “​សង្ឃឹមថា ពុក​ម៉ែ បងប្អូន នឹង​អធ្យាស្រ័យ​រាល់​ការខុសឆ្គង ការពិតទៅ​ចេញ​វីដេអូ​ទៅ​វា​ខុសគ្នា​មែន ដោយសារ​បទ​ចម្រៀង​ខ្ញុំ​បានសរសេរថា អ្នកព្រៃ​វែង​ខុស​ត្រង់ណា​? ខ្ញុំ​ចង់​ឲ្យ​បញ្ឈប់​ការរើសអើង។ ប៉ុន្តែ​ដោយសារ​កំហុស​បច្ចេកទេស​មួយ គឺ​នៅពេលដែល​ចេញ​វិ​ដេ​អូ​ទៅ គឺ​សម្ដី​រាង​ខ្លាំងៗ រវាង​តួ​ម្តាយ។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​បញ្ហា​នេះដែរ​”​។​


​ចំណែក​លោក ឈួន សុខ​លីម អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀ បាន​ថ្លែងថា លោក​សុំ​សារភាព​កំហុស​ពិតជា​បានធ្វើ​ខុស​ចំពោះ​បងប្អូន​អ្នក​ខេត្តព្រៃវែង ក៏ដូចជា​មហាជន​ទូទាំងប្រទេស​កម្ពុជា​។ “​នេះ​ជា​កំហុស​របស់ខ្ញុំ ខ្ញុំ​ទទួលស្គាល់​នូវ​កំហុស​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ហើយ​ពួក​ខ្ញុំ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​មានការ​រើសអើង​ចំពោះ​ពូជសាសន៍​ជាតិ​ខ្លួនឯង​ទេ តែ​ធ្វើ​ម៉េច​យើង​ផលិត​វិ​ដេ​អូ​ចេញ​មកវា​មាន​កំហុសឆ្គង​កន្លែង​ហ្នឹង ហើយ​ធ្វើ​ឲ្យ​តួ​ម្តាយ​ស្រែក​ខ្លាំងៗ នៃ​ការរើសអើង​ប្រជាជន​ខេត្តព្រៃវែង ហើយ​សម្រាប់​ខ្ញុំ​ពិតជា​សោកស្តាយ​បំផុត​។ ​ពួក​ខ្ញុំ ក៏ដូចជា​ក្រុមការងារ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​មានការ​រើសអើង ឬក៏​ធ្វើ​ឲ្យ​ថ្នាំងថ្នាក់​ទៅដល់​ប្រជាជន​ខេត្តព្រៃវែង ក៏ដូចជា​ប្រជាជន​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​”​។​


​លោក​សុខ​លីម បាន​អះអាងថា លោក​នឹង​ឈប់​ធ្វើ​វិ​ដេ​អូ​បែប​រើសអើង ឬក៏​ធ្វើ​ឲ្យ​មានការ​ស្អប់ខ្ពើម​គ្នា នឹងធ្វើ​វិ​ដេ​អូ​ដែល​ល្អៗ​សម្រាប់​ឲ្យ​បងប្អូន​គាំទ្រ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​សម្រាប់​វិ​ដេ​អូ ក៏ដូចជា​អឹម​វី​( MV) យើង​សម្រេចចិត្តថានឹងមិន​បញ្ចេញ​តែម្តង ហើយ​ខ្ញុំ​នឹង​លុប​នៅក្នុង​ឆា​ណែ​ល​យូ​ធូប និង​នៅក្នុង​ផេ​ក និង​សំណូមពរ​បងប្អូន​លុបចេញ​ពី​ផេ​ក ឬ​ហ្វ៊េ​ស​ប៊ុ​ក​បងប្អូន​… ”​។​

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈនៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ បាន​កោះអញ្ជើញ​អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀមកសាកសួរ​ពាក់ព័ន្ធ​អត្ថន័យ​ខ្លឹមសារ​បទ​ចម្រៀង


​ពាក់ព័ន្ធ​នឹង​ករណី​បទ​ចម្រៀង​នេះដែរ​​ លោក​ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង បាន​សំដែង​ការមិន​ពេញចិត្ត និង​ហួសចិត្ត​លើ​ខ្លឹមសារ​ការផលិត​វី​ឌី​អូ​ឃ្លី​ប​ចម្រៀង​ន​មួយ​របស់​ផលិតកម្ម​មរតក មេ​ឌៀ (Morodok Media) ដែលមាន​ចំណងជើង​ថា ‘​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​’ និពន្ធ​ដោយ លោក ឈន ស៊ីណា និង​ច្រៀង​ដោយ​លោក សយ រតនា​។


​លោក​បន្តថា អត្ថន័យ​បទ​ចម្រៀង​នេះ បានបង្ហាញ​ខ្លឹមសារ​អវិជ្ជមាន​ជាខ្លាំង ដោយ​ញុះញង់ រើសអើង បន្តុះបង្អាប់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ជារួម ដោយ​មិនបាន​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍ និង​សង្គម​ទាំងមូល​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ផ្សេងៗ​។ ខ្លឹមសារ​បទ​ចម្រៀង​នេះ បាន​ពន្លិច​ពី​ការបំបែកបំបាក់​ជាតិ​សាសន៍ បន្ទាប​តម្លៃ បន្តុះបង្អាប់​កិត្តិយស និង​ប្រមាថ​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ ដោយ​មិនមាន​ការស្រាវជ្រាវ អំណះអំណាង​ច្បាស់លាស់ និយាយ​ជារួម​គឺ​បរិហារ​កេ​រិ៍្ត និង​ញុះញង់​ឲ្យមាន​ការរើសអើង​ប្រជាជាតិ​កម្ពុ​ជាមួយនេះ​។​

ជាមួយគ្នានេះ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង បាន​ស្នើសុំ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ផង​។​

ចំណែក​លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែងថា ក្នុងនាម​យុវជន​ម្នាក់ លោក​ពិតជា​មានការ​សោកស្ដាយ និង​ហួសចិត្ត​ពេល​បានឃើញ​និង​ស្ដាប់​អត្ថន័យ​បទ​ចម្រៀង​នេះ​។ មិន​ខុសពី​ការរិះគន់​របស់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ទៀត ខ្លឹមសារ​នេះ​មាន​ចរិត​រើសអើ​ង បំបែកបំបាក់​ជាតិ​សាសន៍ បន្ទាប​តម្លៃ​អ្នក​ព្រៃវែង បន្តុះបង្អាប់​កិត្តិយស ប្រមាថ​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​ពេញលេញ​និង​សេចក្ដីថ្លៃថ្នូរ​ដ៏​បរិបូរណ៍​នា​សម័យ​បច្ចុប្បន្ន​។​


​លោក​យល់ថា អ្នកគ្រប់គ្រង​ការផលិត អ្នកដឹកនាំ​សម្ដែង ផលិតករ អ្នកនិពន្ធ គួរ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បំផុត​ជុំវិញ​ផលប៉ះពាល់​សតិអារម្មណ៍ និង​សង្គម​ទាំងមូល មុននឹង​ផលិត​ចេញ​ជា​សាធារណៈ​។ ចំណែក​អ្នកចម្រៀង អ្នក​សម្ដែង ក៏​គួរ​ពិចារណា​ដោយ​ជួយ​កេះ​គ្នា​ពិនិត្យ​កែសម្រួល​ខ្លឹមសារ​ផងដែរ​។​
​លោក ស សុខា បាន​បញ្ជាក់ថា ធាតុពិត​អ្នកព្រៃ​វែង​ពុំមាន​ចរិតលក្ខណៈ​ដូច​អត្ថន័យ​សម្ដែង​ក្នុង​បទ​នេះ​ទេ​។ អ្នក​ព្រៃវែង​ស្លូតបូត ឧស្សាហ៍​ព្យាយាម​ប្រកប​របរការ​ងារ​ផ្សេងៗ​។ ទោះ​ជាមាន​ចំណុច​អវិជ្ជមាន​ខ្លះ តែ​នោះ​ជា​ឥរិយាបថ​បុគ្គល ហើយ​មិនមែន​តែ​អ្នក​ព្រៃវែង និង​មិនមែន​មានតែ​ស្រុក​ខ្មែរ​ដែរ​។ សូមកុំ​យក​ទស្សនៈ ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ស្អុយ​ទាំងអស់​មក​អនុវត្ត​។​


​ជា​សំណូមពរ លោក​គិតថា ក្រុមការងារ​ផលិត​គប្បី​ចេញមុខ​សុំទោស​ជា​សាធារណៈ និង​ដកចេញ​គ្រប់​ប្រព័ន្ធ​នៃ​ការផ្សព្វផ្សាយ​ទាំងអស់​។​ជាថ្មី​ម្ដងទៀត ក្រុមការងារ​ផលិត​មុននឹង​ផលិត ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ការទទួលខុសត្រូវ​សង្គម និង​ការ​ប្រឈម​ផ្លូវច្បាប់​។ ក្នុងករណីនេះ អាច​ចាត់​ថា​ជាការ​ញុះញង់​ឱ្យមាន​ការរើសអើង ការជេរប្រមាថ​…​ដែល​សុទ្ធតែជា​បទល្មើស​ព្រហ្មទណ្ឌ​៕សរន/Ha

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈនៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ បាន​កោះអញ្ជើញ​អ្នកគ្រប់គ្រង​ផលិតកម្ម​មរតក​មេ​ឌៀមកសាកសួរ​ពាក់ព័ន្ធ​អត្ថន័យ​ខ្លឹមសារ​បទ​ចម្រៀង