ពិធីបុណ្យផ្កាយអនឡាញ២០២០ប្រារព្ធក្នុងសប្តាហ៍នេះ

203
ចែករម្លែក

ដោយៈសុផល/ភ្នំពេញៈ“ពិធីបុណ្យផ្កាយអនឡាញ២០២០” នឹងប្រារព្ធចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២០ ជំនួសឲ្យព្រឹត្តិការណ៍ដែលធ្វើជារៀងរាល់ឆ្នាំគឺ “ពិធីបុណ្យផ្កាយ” ដែលរៀបចំឡើងតាំងពីឆ្នាំ២០០៤។ព្រឹត្តិការណ៍នេះក្នុងគោលបំណងបន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី៦ខែកក្កដាបានបញ្ជាក់ថាពិធីនេះគឺស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈ មណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) ។

ប្រភពដដែលបន្តថាតាណាបាតា ឬ ពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុន ដែលរំឮកដល់រឿងរបស់គូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណូហ្គាវ៉ា ហើយត្រូវបានអនុញ្ញាតឱ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ នៅថ្ងៃនោះ ប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យទទួលបានដូចបំណង។

ក្នុងអំឡុងពេលនៃ ពិធីបុណ្យផ្កាយអនឡាញ២០២០ ចាប់ពីថ្ងៃទី ១១-១២ ខែកក្កដាឆ្នាំ ២០២០ នឹងមានកម្មវិធីវប្បធម៌ជប៉ុនតាមអនឡាញជាច្រើន នៅលើទំព័រហ្វេសប៊ុកព្រឹត្តិការណ៍ពិធីបុណ្យផ្កាយអនឡាញ២០២០ (សូមមើលLinkខាងក្រោម) ដូចជារបៀបតុបតែងដើមឫស្សីតាណាបាតាសិក្ខាសាលាអនឡាញស្តីពីការបង្កើតគំនូរជីវចល ការបញ្ចាំងគំនូរជីវចល ដែលបានទទួលពាន់រង្វាន់ Digicon6 របៀបស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងកម្ពុជា “ យូកាតា” និង“ ក្បិន” របៀបបត់ក្រដាស “អូរីហ្កាមិ” និងធ្វើគ្រឿងអលង្ការ របៀបធ្វើបង្អែមជប៉ុន និងកម្មវិធីជាច្រើនទៀត។ កាលវិភាគពេលវេលានៃសកម្មភាពនីមួយៗមានភ្ជាប់ជាមួយ។

ស្ថានទូតជប៉ុនបញ្ជាក់សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូត ជប៉ុន   តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (លេខភ្ជាប់បន្ត ១១២១) ឬផ្ញើអ៊ីម៉ែលមក៖ info.jpn@pp.mofa.go.jp។ សម្រាប់ព័ត៌មានបន្ថែមស្តីពីពិធីបុណ្យនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកនៃពិធីបុណ្យផ្កាយអនឡាញ២០២០៖«https://www.facebook.com/events/2018916258233236/»៕សរន