ជិះ​ម៉ូតូ​លឿន​ទៅបុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្សប្រុស​ស្រី​២​នាក់​ស្លាប់​

573
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​នារី​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ ត្រូវ​រថយន្តបុក​ពេញទំហឹង កាលពី​វេលា​ម៉ោង ១១​និង​២៥​នាទី​យប់​ថ្ងៃ​ចន្ទ ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ត្រង់ចំណុច​ជិត​ច្រកចូល​បុរី​តារា​សំណាង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​សព​បុរស​ជនរងគ្រោះ​មានឈ្មោះ ថន ពិសី អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ និង​នារី​ដែល​រួម​ដំណើរ​រងរបួស​ធ្ងន់​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ចំណែក​អ្នកបើករថយន្ត​មានឈ្មោះ ចេង សុខ​ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន រស់នៅ​ផ្ទះ​លេខ​1705 ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​និង​នារី​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ 1BV 1370 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ឆ្លងផ្លូវ​ទៅខាង​ធ្វេ​ង​ដៃ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ្វ​ត រ៉េ​ន​ជឺ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BA 9816 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូ​ជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិចទៅ​កើត បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​យ៉ាង​អា​ណោ​ច​អា​ធ័​ម រីឯ​នារី​ម្នាក់ទៀត​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​ក្រពឹត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​និង​ម៉ូតូ​ខ្ទេច​មើល​លែង​យល់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក​សព​ជន​គ្រោះ​ត្រូវបានសមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/hA