ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​បន្ទាប់ពី​ឆក់​ទូរស័ព្ទដៃ​ពី​ជនជាតិ​ចិន

218
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ប្រដេញ ចាប់បាន​បន្ទាប់ពី​ឆក់​ទូរស័ព្ទដៃ​ពី​ជនជាតិ​ចិន បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០ នាទី​យប់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្បែរ​ផ្ទះសំណាក់​ស្ទឹង​លាភ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​តាម​សម្តី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​ គេ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ស្គុ​ប​ពី ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 1HL 3013 បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ជនជាតិ​ចិន​ម្នាក់ កំពុង​ជិះ​ម៉ូតូ​កង់​បី​នៅក្បែរ​សាលារៀន​សន្ធរម៉ុក​ ក្នុង​ខណ្ឌទួលគោក រួច​ក៏​នាំគ្នា​ជិះ​រត់គេចខ្លួន ខណៈនោះ​ក៏​ប្រទះ​នឹង​កម្លាំង​ព្រហ្មទណ្ឌកម្រិត​ស្រាលកំពុង​ល្បាត​តាមផ្លូវ​ឃើញ​ក៏បាន​នាំគ្នា​ជិះ​ប្រដេញ​ប្រ​ផុត​ប្រ​ផើយមកដល់​ចំណុច​ក្បែរ​ផ្ទះសំណាក់​ស្ទឹង​លាភ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ កម្លាំង​ព្រហ្មទណ្ឌ​ធ្វើការ​ឃាត់ខ្លួន​ជាប់​ភ្លាម​តែម្តង​។​

​ក្រោយមក សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ធ្វើការ​សួរនាំ រួច​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ​/hA