អ៊ីស្រាអែលបាញ់បង្ហោះផ្កាយរណបចារកម្ម ផ្តោតសំខាន់លើអ៊ីរ៉ង់

369
ចែករម្លែក

អ៊ីស្រាអែលនិយាយថាខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបចារកម្មថ្មីចូលទៅក្នុងទីអវកាសកាលពីថ្ងៃចន្ទទី៦កក្កដា ខណៈមេដឹកនាំរបស់ខ្លួនបង្ហើបថាអ៊ីស្រាអែលនៅពីក្រោយអគ្គីភ័យដ៏ធំមួយនៅឯទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីសប្តាហ៍មុន ដូច្នេះវាអាចនឹងបង្កើនសង្គ្រាមលាក់មុខយូរអង្វែងរវាងប្រទេសទាំងពីរ។

ប្រសិនបើអ៊ីស្រាអែលទទួលខុសត្រូវចំពោះអគ្គីភ័យដ៏ខ្លាំងក្លានៅរោងចក្រណាតាន់មែននោះ អ៊ីចឹងវាអាចជាការកត់សម្គាល់មួយទៀតនៃការវាយប្រហារដ៏ក្លាហានប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលគេចាត់ទុកថាជាស្នាដៃរបស់អ៊ីស្រាអ៊ែល ខណៈប្រថុយប្រថាននឹងការសងសឹកពីអ៊ីរ៉ង់ទៅលើគោលដៅរបស់អ៊ីស្រាអែលឬលោកខាងលិច។

លោកនាយករដ្ឋមន្រ្តីបេនចាមីន ណេតាន់យ៉ាហ៊ូបានសាទរចំពោះការបាញ់បង្ហោះផ្កាយរណបថ្មីឈ្មោះថា Ofek 16 ដែលជាការបន្ថែមចុងក្រោយបំផុតដល់កងផ្កាយរណប ដែលបានដាក់ពង្រាយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

លោកបានប្រាប់គណៈរដ្ឋមន្រ្តីរបស់លោកថា “ជោគជ័យនៃផ្កាយរណប Ofek 16 ពិតជាបង្កើនសមត្ថភាពរបស់យើងក្នុងការធ្វើសកម្មភាពប្រឆាំងនឹងសត្រូវរបស់អ៊ីស្រាអែលដែលនៅទីជិតនិងទីឆ្ងាយ។ វាពង្រីកសមត្ថភាពរបស់យើងយ៉ាងខ្លាំងក្លាក្នុងការធ្វើសកម្មភាពនៅលើគោកលើសមុទ្រលើមេឃនិងលើលំហ”។

លោកណេតាន់យ៉ាហ៊ូមិនបាននិយាយអំពីបញ្ហាអ៊ីរ៉ង់ឬអគ្គិភ័យកាលពីសប្តាហ៍មុនទេ។ ប៉ុន្តែសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺជាកង្វល់សន្តិសុខកំពូលរបស់អ៊ីស្រាអែលនិងជាគោលដៅនៃកិច្ចប្រឹងប្រែងប្រមូលព័ត៌មានចារកម្មតាមផ្កាយរណបរបស់ខ្លួន៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណបចារកម្ម Ofek 16 បាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃចន្ទ