WHO កំពុងពិនិត្យមើលរបាយការណ៍របស់អ្នកវិទ្យាសាស្ត្ររាប់រយនាក់ ដែលជំរុញឱ្យចេញសេចក្តីណែនាំថ្មីថា កូវីដ១៩អាចអណ្តែត បានយូរក្នុងខ្យល់

300
ចែករម្លែក

អង្គការសុខភាពពិភពលោក (WHO) កំពុងពិនិត្យមើលរបាយការណ៍មួយ ដោយជំរុញឱ្យអង្គការនេះធ្វើបច្ចុប្បន្នភាពនូវសេចក្តីណែនាំអំពីវីរុសកូរ៉ូណា បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ២០០ នាក់នៅក្នុងលិខិតមួយទៅកាន់ទីភ្នាក់ងារ សុខាភិបាលមួយនេះ បានបង្ហាញភស្តុតាងថា វីរុសនេះអាចរាលដាលនៅក្នុង ភាគតូចៗក្នុងខ្យល់។

WHO និយាយថាវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺកូវីដ១៩ ឆ្លងជាចម្បង តាមរយៈតំណក់ទឹកតូចៗដែលចេញពីច្រមុះនិងមាត់របស់មនុស្ស រួចធ្លាក់ទៅលើដី​យ៉ាងលឿន។

ប៉ុន្តែនៅក្នុងលិខិតចំហមួយទៅកាន់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី៦កក្កដា នៅក្នុងទស្សនាវដ្តី Clinical Infectious Diseases អ្នកវិទ្យាសាស្ត្រចំនួន ២៣៩ នាក់នៅក្នុងប្រទេសចំនួន ៣២ បានបង្ហាញ​ភស្តុតាងថា ភាគល្អិតរបស់វីរុសដែលអណ្តែតអាចឆ្លងដល់មនុស្សដែលដកដង្ហើម​ស្រូបវាចូល។

ដោយសារភាគល្អិតតូចៗទាំងនោះអាចអណ្តែតវិលវល់ក្នុងខ្យល់បានយូរ ក្រុមអ្នក​វិទ្យាសាស្ត្រកំពុងជំរុញឱ្យអង្គការសុខភាពពិភពលោកធ្វើបច្ចុប្បន្នភាពការណែនាំរបស់ខ្លួន។

អ្នកនាំពាក្យរបស់ WHO លោក ថារីក ចាសារីវីក បាននិយាយតាមអ៊ីមែលថា “យើងដឹងអំពីអត្ថបទនេះហើយ និងកំពុងពិនិត្យមើលខ្លឹមសាររបស់វាជាមួយអ្នក​ជំនាញបច្ចេកទេសរបស់យើង”៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកវិទ្យាសាស្ត្រនិយាយថា កូវីដ១៩អាចអណ្តែតបានយូរលើខ្យល់