ជប៉ុនដាក់ដំណើរការរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើង ដែលអាចគេចទៅរកកន្លែងសុវត្ថិភាពក្នុងករណីមានរញ្ជួយដី

669
ចែករម្លែក

រថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងស៊េរីថ្មីមួយគ្រឿងបានចូលបម្រើសេវានៅជប៉ុនកាលពីថ្ងៃទី១កក្កដា ដែលជារថភ្លើងលឿនបំផុត រលូនបំផុត ផាសុកភាពបំផុត និងសុវត្ថិភាពបំផុតរបស់ប្រទេស ហើយវាអាច “គេច” ទៅរកកន្លែងសុវត្ថិភាព ក្នុងករណីមានរញ្ជួយដី។

រថភ្លើងឈ្មោះ N700S ដែលអក្សរ S តំណាងឱ្យពាក្យ “Supreme” (ខ្លាំងគ្មានគូប្រៀប) មានល្បឿនកំពូល ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្បិតខ្សែរថភ្លើង តូកៃដូ ស៊ីនកាន់សិន ដែលវាដំណើរការ មានប្រតិបត្តិការល្បឿនអតិបរិមាត្រឹម ២៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ។

ខ្សែរថភ្លើងនេះ ដែលភ្ជាប់ទីក្រុងតូក្យូជាមួយទីក្រុងអូសាកានិងទីក្រុងកូបេ គឺជាខ្សែរថភ្លើងល្បីបំផុតមួយនៅលើពិភពលោក។ វាក្លាយជាខ្សែរថភ្លើងល្បឿនលឿន នៅពេលរថភ្លើងលឿនដូចរន្ទះចាប់ផ្តើមរត់លើវានៅថ្ងៃទី១តុលា ឆ្នាំ ១៩៦៤ រវាងទីក្រុងតួក្យូនិងអូសាកា ហើយវារត់ឆ្លងកាត់ភ្នំហ្វូជីដែលមានកម្ពស់ ៣.៧៨០ ម៉ែត្រ។

កំពូលភ្នំហ្វូជីត្រូវបានចាត់ទុកជាទីស័ក្តិសិទ្ធតាំងពីជំនាន់បុរាណ ហើយបុគ្គលិក រថភ្លើងឱនក្បាលគោរពជានិច្ច ឱ្យតែពេលរថភ្លើងបើកកាត់ម្តងៗ។

កៅអីរបស់រថភ្លើង N700S អាចទ្រេតបានខ្លាំង មានព្រីភ្លើងសម្រាប់អ្នកដំណើរម្នាក់ៗ និងមានភ្លើងសញ្ញាដាស់តឿននៅពីលើក្បាលនៅតាមស្ថានីយនីមួយៗដើម្បីរំលឹកអ្នកដំណើរកុំឱ្យភ្លេចកាបូបពួកគេ។

ប្រព័ន្ធព្យួរដ៏សកម្មធ្វើឱ្យការបើកបរមានសភាពស្ងាត់ និងរលូនល្អ ហើយអាគុយលីចូម ជំរុញឱ្យរថភ្លើងបោះពួយទៅមុខដោយមិនចាំបាច់ប្រើថាមពលពីខ្សែភ្លើងលើក្បាល។ លក្ខណៈពិសេសនេះមានប្រយោជន៍ណាស់ក្នុងករណីមានរញ្ជួយដី។

បណ្តាញរថភ្លើងទាំងមូលរបស់ខ្សែរថភ្លើងស៊ីនកាន់សិនគឺភ្ជាប់ជាមួយ Sensor តាមដានរញ្ជួយដី។ ប្រសិនបើរំញ័រត្រូវបានរកឃើញ បណ្តាញផ្គត់ផ្គង់ភ្លើងមក រថភ្លើងនឹងផ្តាច់ចោល ហើយហ្វ្រាំងអាសន្នរបស់វានឹងចាប់ដោយស្វ័យប្រវត្តិ ដើម្បីបញ្ឈប់រថភ្លើង។

ប៉ុន្តែដោយសារអាគុយលីចូមដ៏ច្រើនសម្បើមរបស់វា រថភ្លើង N700S អាចបន្តបើកទៅមុខទៀតរកកន្លែងសុវត្ថិភាព ប្រសិនបើវាឈប់ភ្លាមៗនៅកន្លែង គ្រោះថ្នាក់ ដូចជាស្ពាន ឬ ផ្លូវក្រោមដី៕ ដោយ៖ កញ្ញាដាលីស/Ha