ឥណ្ឌា​និង​ចិន​យល់ព្រម​ដកថយ​ទាំងស្រុង​ចេញពី​ចំណុច​ព្រំដែន​ដែល​ផ្ទុះ​អំពើហិង្សា​សម្លាប់​មនុស្ស​

178
ចែករម្លែក

​ប្រភព​ព័ត៌មាន​ពី​កងទ័ព​ឥណ្ឌា​បាន​និយាយ​បន្ទាប់​ពី​មាន​ការចរចា​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​២​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​កក្កដា កងទ័ព​ចិន​ត្រូវបាន​គេ​ឃើញ​ដក​សម្ភារនិង​គ្រឿងចក្រ​សំណង់​ចេញពី​​ជ្រលង​ភ្នំ​ហេមពាន្ត​ដែល​ជា​កន្លែង​ពួកគេ​បាន​ប៉ះទង្គិច​យ៉ាងខ្លាំង​ជាមួយ​ទាហាន​ឥណ្ឌា​កាលពី​ខែ​មុន​។​

​ការប្រយុទ្ធ​គ្នា​ដោយ​ដៃ​ទល់នឹង​ដៃ​យ៉ាង​ហិង្សា​នៅ​ជ្រលង​ភ្នំ​ហ្កា​ល់​វ៉ាន់នៅ​តំបន់​ឡា​ដាក់ កាលពី​ថ្ងៃទី​១៥ ខែមិថុនា បាន​បណ្តាលឱ្យ​ស្លាប់​ទាហាន​ឥណ្ឌា​ចំនួន ២០​នាក់​និង​បាន​បង្ក​ភាព​តានតឹង​រវាង​​ប្រទេស​ទាំង​២​នេះ​។ ចិន​បាន​ទទួលស្គាល់ថា​ខ្លួន​បាន​រងគ្រោះ​ដោយ​មាន​អ្នកស្លាប់​និង​របួស ប៉ុន្តែមិន​បាន​ផ្តល់​តួលេខ​ទេ​។​

​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា​ ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​ដកថយ​ចេញពី​ចំណុច​ព្រំដែន​ដែល​មាន​អំពើ​ហិង្សា​នោះ​និង​ធានា​ថា​នឹង​កាត់បន្ថយ​ភាព​​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ឥណ្ឌា​-​ចិន​។​

​ក្នុង​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​CCTV​របស់​ចិន​អំពី​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី​ បាន​និយាយថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​”​ការពារ​អធិបតេយ្យភាព​ទឹកដី​របស់​ខ្លួន​ប្រកប​​ដោយ​ប្រសិទ្ធភាព​ខណៈ​ដែល​រក្សា​សន្តិភាព​នៅ​តាម​តំបន់​ព្រំដែន​នោះ ” ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ចាវ លី​ជៀន ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​ថា ​ភាគី​ទាំង​២​បាន​ធ្វើឱ្យ​មាន​ការរីក​ចម្រើន​ជា​វិជ្ជមាន​ក្នុង​ការដក​កងទ័ព​ជួរមុខ​​ថយ​មក​ក្រោយ​និង​បន្ធូរបន្ថយ​ស្ថានភាព​ព្រំដែន​នោះ​”៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​កងទ័ព​ឥណ្ឌា​ថា ទាហាន​ចិន​ត្រូវបាន​គេ​ឃើញ​រុះរើ​សំពត់​តង់​និង​គ្រឿងសំណង់​នៅ​ជ្រលង​ភ្នំ​ហ្កា​ល់​វ៉ាន់នៅ​តំបន់​ឡា​ដាក់ កាលពី​ថ្ងៃទី​១៥ ខែមិថុនា​