លោក ព្រាប សុវត្ថិ ព្រម​ទទួលស្គាល់​កំហុស​រឿង​សង់​រំលោភ​លើ​ចិញ្ចើមផ្លូវ

219
ចែករម្លែក

ភ្នំពេញ​៖ មន្ទី​សូ​រិ​យោ​ដី រួមទាំង​ចៅសង្កាត់​ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​ដោយ​បាញ់ GPS នៅ​ចំណុច​ដែលមាន​បញ្ហា ត្រង់​ព្រំប្រទល់​ដី​របស់លោក ព្រាប សុវត្ថិ ពេលនេះ​ទើប​ដឹងថា​សំណង់ផ្ទះ​របស់លោក​ពិត​ជាបាន​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ ហើយ​តារាចម្រៀង​រូប​នះ​ក៏បាន​ទទួលស្គាល់ថា​សំណង់របស់គាត់​ពិតជា​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​ពិតមែន រួច​ក៏បាន​ផ្តិតមេដៃ​ទទួលស្គាល់​ចំពោះការវាស់វែង​របស់​ម​ន្ទី​សូ​រិ​យោ​ដី​ផងដែរ​។​

​ដូច​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ​កន្លង​មកពី​បញ្ហា​ការសាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច​របស់​តារាចម្រៀង​ល្បី​លោក ព្រាប សុវត្ថិ គឺជា​ការ​ពិតមែន​មិនមែន​ដូចដែល​លោកលើកឡើងថា​ប្រជាពលរដ្ឋ​មួល​បង្កាច់​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស​របស់លោក​នោះទេ​។ ពេលនេះ លោក ព្រាប សុវត្ថិ បានទទួល​ស្គាល់​ការពិត​និង​ផ្ដិត​មេដៃ​ចំពោះ​កំហុស​មួយ​នេះ​។​

​សូម​រំលឹក​ផងដែរ​ថា ​ទីលំនៅ​របស់​តារាចម្រៀង​លោក​ព្រាប​សុវត្ថិ​ដែលមាន​ទីតាំង​ស្ថិតនៅភូមិ​ច្រេស សង្កាត់​គោង​ឃ្លាង ខណ្ឌ​សែន​សុខ បាន​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ ធ្វើឲ្យផ្លូវ​រួម​តូច និង​បានធ្វើ​រោង​អារឈើបិទផ្លូវ នៅ​ខាងក្រោយ​ផ្ទះ​របស់លោក និង​ធ្វើឱ្យ​មានការប៉ះពាល់​ដល់​ប្រជាពលរដ្ឋនៅក្នុង​ទីតាំង​ខាងលើ​ជាច្រើន​គ្រួសារ​។

​កន្លងមក​ប្រជាពលរដ្ឋ​ក៏បាន​ប្ដឹងទៅ​អាជ្ញាធរ​ចំពោះ​​បញ្ហា​សង់រោង​ឈើ​បិទផ្លូវ​នៅ​ខាងក្រោយ​ផ្ទះ​របស់​តារាចម្រៀង​លោក​ព្រាប​សុវត្ថិ បើទោះបីជា​អាជ្ញាធរ​ទទួលបាន​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​ រហូត​ប្រជាពលរដ្ឋ​ធ្វើការ​ទំនាក់ទំនង​ទៅ​អ្នកសារព័ត៌មាន​ដើម្បី​ចុះមក​ធ្វើការ​ផ្សាយ​ផ្ទាល់ ពេលនោះ​ទើប​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ញាប់ដៃ​ញាប់ជើងចុះមក​មូលដ្ឋាន​នឹង​បើក​ការប្រជុំ​ជាមួយ​ប្រជា​ល​រដ្ឋ​រួមទាំង​លោក ព្រាប សុ​វ​ត្ថិ ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ខាងលើនេះ​។ ក្រោយមក​លោក​ព្រាប​សុវត្ថិ​ក៏បាន​យល់ព្រមរុះរើ​រោង​ឈើ​ដែល​នៅ​ខាងក្រោយ​ផ្ទះ​ចេញ ហើយ​បាន​ឲ្យ​ប្រជាពលរដ្ឋ​សុំទោស​គាត់ជា​សាធារណៈ ៕ ដោយៈ បូ​រិ​ន/Ha