ជន​ឆ្លៀតឱកាស​ពី​ការបែងចែក និង​ទទួល​ដីធ្លី នឹងត្រូវ​មានទោស​!

198
ចែករម្លែក

កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២0 នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្តេច អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​បី គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឲ្យ​កាត់​ឆ្វៀល​ដី ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ អាស្រ័យ​ផល ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​។ បន្ថែម​លើ គោលការណ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ព្រមាន​ថា ជន​ឆ្លៀតឱកាស​ពី​ការ បែងចែក និង​ទទួល​ដីធ្លី នឹងត្រូវ​មានទោស​។​
​ ​
​ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក ជូន​ជនរួមជាតិ កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ ដោយ​សង្កត់ធ្ងន់​ច្បាស់ៗ​បី​ចំណុច​បន្ថែមទៀត គឺ​ចំណុច​១.​ចំពោះ​ពលរដ្ឋ ដែល កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុញ្ញាត​ជាដាច់ខាត​។

​កន្លងមក​សម្តេច​តេ​ជោ បាន​សង្កេតឃើញ មានតែ​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន​ប្រើ អ្នកតូចតាច​ឲ្យ​ទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ឲ្យ​ខ្លួន​។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន យក​ដី​រដ្ឋ ក្នុង​មួយ​យប់ ធ្វើបាន​ខ្ទម​ពី ១០ ទៅ ២០ ក៏​សម្តេច​តេ​ជោ បានដឹង​នឹង​កំណត់ អត្តសញ្ញាណ និង​មុខសញ្ញា​រួច​អស់ហើយ​ដែរ​។ បើ​រកឃើញថា អ្នក​ទាំង​នោះបាន​ប្រព្រឹត្តិ​មែន នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន​។​

​ចំណុច​ទី​២. ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវ​ធ្វើអោយ បាន​ហ្មត់ចត់​ត្រឹមត្រូវ​ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដីជូ​ន ពលរដ្ឋ គឺ​នឹងត្រូវ​ទទួលទោស​ជា​កំហិត​។​

​ចំណុច​ទី​៣.​ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង​គឺ​រដ្ឋ​នឹង​បន្ថែម ជូន​ផ្ទៃដី​១០​ភាគរយ ជា​ប្រយោជន៍​រួម សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​អុស និង​ជា​ជម្រក សត្វ​គោក្របី​ស៊ី​ស្មៅ ជាដើម​។

​ជាមួយគ្នា​នោះ ក្នុង​សារ​ជូន​ជនរួមជាតិ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី ដល់​មន្ត្រី អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​។​

​កណ្តាប់ដៃ​ដែក​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី លើ​បញ្ហាដីធ្លី​នេះ បាន​ធ្វើឡើង​ក្រោយពី សម្តេច​តេ​ជោ ហ៊ុន សែន ទើបតែ​បានប្រកាស ប្រើប្រាស់​វិធានការ​ក្តៅ ឆ្លើយតប និង​ដោះ ស្រាយ​បញ្ហាដីធ្លី នៅ​កម្ពុជា​។ នោះ​គឺ​សម្តេច បាន​ព្រមាន​ធ្ងន់ៗ​ជាថ្មី​ម្តងទៀត​ចំពោះ​មន្ត្រីរាជការ ខិលខូច ដែល​បាន​ឃុបឃិត​គ្នា យក​ដី​រដ្ឋ ឬ​ដី​របស់​ប្រជាពលរដ្ឋ និង​រិះរក​ល្បិច​ធ្វើបាប ប្រជាពលរដ្ឋ ក្នុង​ជម្លោះដីធ្លី នឹងត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ​បំផុត​ហើយនឹង​ឈានទៅ​បណ្តេញចេញ ពី​គណបក្ស​តែម្តង​។​
​ ​
​នៅពេល​ចាប់ផ្តើម​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែកក្កដា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​បញ្ហា​ជម្លោះដីធ្លី នៅ​ស្រុក​គាស់ ក្រឡ ខេត្តបាត់ដំបង​។ នោះ​គឺ​សម្តេច បានប្រកាស​យ៉ាង​ម៉ឹងម៉ាត់​ថា រឿង​ដីធ្លី​ត្រូវតែ​ជំ​រះ​គ្នា ម្តង​។ ពេលនេះ ជា​ពេលដែល​ត្រូវធ្វើ​ការវះកាត់​ហើយ​។

​បញ្ហាដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បានកើត​ឡើង​រវាង​លោក​ឧកញ៉ា សង ថន និង​ប្រជាពលរដ្ឋ ៤០០​គ្រួសារ នៅ​ឃុំ​ព្រះ​ផុស និង​ឃុំ​ឆ្នាល់មាន់ លើ​ផ្ទៃដី​ជាង ៥០០០ ហិកតា​។ ករណី​ជម្លោះដីធ្លី​នេះ នាំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​លោក​ឧកញ៉ា សង ថន កាលពី​ថ្ងៃទី​២៧ ខែមិថុនា ។ នៅ​ព្រលប់​ថ្ងៃទី​១ ខែកក្កដា ឆ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​នាំខ្លួន​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង ខេត្តបាត់ដំបង​។​
​ ​
​កាលពី​ថ្ងៃទី​២៧ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង លោក ម៉ៅ សុ​ចាន់ ពី​អភិបាលស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៣​កក្កដា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី គឺ​ត្រូវតែ​កាត់​ឆ្វៀល​ដី ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានមក​រស់នៅ​លើ​ទីតាំង​ដី ដែលជា​គម្រប​ព្រៃឈើ​ឬ​ជា​តំបន់ ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់រ​ដ្ឋ ដូចជា នៅ​កោះកុង និង​ខេត្តព្រះវិហារ ជាដើម​។ តំបន់ ដែល​ត្រូវ​កាត់​ឆ្វៀល​ដី​ទាំងនោះ មាន​ពលរដ្ឋ បានមក​ធ្វើ​ផ្ទះ​រស់នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មកហើយ​។​

​កាលពីពេល​ថ្មីៗ​នេះ ជម្លោះដីធ្លី​នៅ​ខេត្តមណ្ឌលគិរី ដោយមាន​ក្រុមការងារ​ចុះជួយ​ថ្នាក់​ខេត្ត បាន​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ក៏ត្រូវ​ទទួលទោស​។ នោះ​គឺ​កាលពី​ខែសីហា ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​មណ្ឌលគិរី បានសម្រេច​ដកហូតយក​ដី​ចំនួន ៩៩០ ហិកតា​ស្ថិតក្នុង​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច ប្រគល់ឱ្យ​មន្ទីរ​បរិស្ថាន គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយពី​ដី​នេះ​ត្រូវបាន លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ធ្វើលិខិត​រំលោភ​យក​ធ្វើ កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ដី​មួយកន្លែង​ទៀត ស្ថិតក្នុង​ដែន​ជម្រក​កែវ​សីមា ដែល​លោក សេង សុវណ្ណារ៉ា បាន​រំលោភ​យក​ដូចគ្នា ក៏ត្រូវ​បាន​ដកហូត​មកវិញ​ផងដែរ​។

​ភ្លាមៗ លោក សេង សុវណ្ណារ៉ា ក៏​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង​នៅ​ក្រសួងយុត្តិធម៌ ហើយ​នៅពេល​ថ្មីៗ​នេះ លោក សេង សុវណ្ណារ៉ា​ដែលជា​អតីត​ក្រុមការងារ​គណបក្ស ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តមណ្ឌលគិរី ក៏​ត្រូវបាន​ចាប់ខ្លួន ក្នុង​បញ្ហាដីធ្លី​នេះដែរ​។​

​ជម្លោះដីធ្លី ជា​បញ្ហា​រ៉ាំរ៉ៃ ហើយ​កន្លងមក គណបក្សប្រឆាំង និង​សកម្មជន​មួយចំនួន​តែងតែ​យក បញ្ហា​នេះ មក​វាយប្រហារ​លើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​បញ្ហាដីធ្លី​នេះ រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បាន​ខិតខំ​ដោះ ស្រាយ ដោយ​កាត់​ឆ្វៀល​ដី​របស់​ប្រជាពលរដ្ឋ ចេញពី​គម្រោង​អភិវឌ្ឍន៍​ដែលជា​ដី​សម្បទាន របស់​ក្រុមហ៊ុន​។ ក្នុងនោះ បញ្ហាដីធ្លី​រ៉ាំរ៉ៃ​នៅ​ភ្នំពេញ គឺ​នៅ​បឹងកក់ និង​នៅ​បុរី​កីឡា ត្រូវបាន​ដោះ ស្រាយ​រួចរាល់​ជា​ស្ថាពរ​។​

​ក៏ប៉ុន្តែ​បើ​មាន​ជនខិលខូច ឧកញ៉ា និង​មន្ត្រី​មួយចំនួន​តូច នៅ​បន្ត​រំលោភ​យក​ដី​របស់​ប្រជា ពលរដ្ឋ តាមរយៈ​ការឃុបឃិត​ធ្វើ​ប្លង់​កាន់កាប់​នោះ គឺជា​ការរារាំង និង​ធ្វើ​ឲ្យ​ខូច​ដល់​ការខិតខំ ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល លើ​បញ្ហាដីធ្លី និង​ក៏​ជា​ឱកាស​សម្រាប់​អ្នកនយោបាយ សង្គម​ស៊ីវិល ជាពិសេស​បក្សប្រឆាំង វាយប្រហារ​លើ​រាជរដ្ឋាភិបាល​។​

​និយាយ​ដូច្នេះ មិនមែន​មានន័យ ប្រជាពលរដ្ឋ ដែលមាន​បញ្ហាដីធ្លី សុទ្ធតែ​ត្រូវ​ទាំងអស់នោះ ទេ​។ កន្លងមក ក៏មានដែរ ប្រជាពលរដ្ឋ ដែល​ជឿ​តាម​ការអូសទាញ​របស់​មេខ្យល់​រំលោភ​កាន់ កាប់​ដី​របស់​រដ្ឋ ធ្វើ​ខ្ទម​លើដី​រដ្ឋ ដីឯកជន និង​ប្រមូលផ្តុំ​តវ៉ា ទាមទារ​ដីធ្លី​ទាំងនោះ​។ តែ​ក៏​ត្រូវបាន អាជ្ញាធរ​សមត្ថកិច្ច ស៊ើបអង្កេត​រក​ការពិត និង​ដោះស្រាយ​តាម​ជាក់ស្តែង​។

​ក្នុងនោះ បើ​ប្រជាពលរដ្ឋ​ណា ច្បាស់​ជា​មិនមាន​ដី​សម្រាប់​រស់នៅ ឬ​ប្រកប​របរ​កសិកម្ម ដាំ​ដុះ ដើម្បី​ចិញ្ចឹមជីវិត​មែន​នោះ គឺ​រាជរដ្ឋាភិបាល មាន​គោលនយោបាយ ផ្តល់​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​រស់នៅ និង​ដាំ​ដំណាំ​ចិញ្ចឹមជីវិត ដូច​អ្វីដែល​បានធ្វើ​កន្លងមក​។​

​ដូច្នេះ​ករណី​ដីធ្លី ជា​រឿង​ស្មុគស្មាញ តែ​ក៏​អាច​ដោះស្រាយបាន​។ ក្នុងនោះ ករណី ពីរ​ធំៗ ចុងក្រោយ នៅ​មណ្ឌលគិរី និង​នៅ​បាត់ដំបង​នេះ ក៏​ជា​មេរៀន​ថ្មី សម្រាប់​ឧកញ៉ា ជនខិលខូច និង​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​មួយ​ចំនួន ដែល​ឃុបឃិត ធ្វើ​ប្លង់ ដើម្បី​កាន់កាប់​ដី​របស់​រដ្ឋ​ក៏ដូចជា ដី​របស់​ប្រជាពលរដ្ឋ គឺ​ជនខិលខូច​ទាំងនោះ គួរតែ​ភ្ញាក់ខ្លួន ដកខ្លួន​ឲ្យ​ឆ្ងាយ​បើ​មិន​ចង់​អស់ បុណ្យស័ក្តិ បើ​មិន​ចង់​ចូល​គុក​ទេនោះ​៕ ដោយ​:​ម៉េង​ឆៃ