អគារ​ប៉ម​ដែល​មិន​សាងសង់​ពី​បេតុង​ខ្ពស់បំផុត​ក្នុង​ពិភពលោក ដាក់លក់​ក្នុងតម្លៃ​តែ​ជាង​បី លាន​ដុល្លារ​

200
ចែករម្លែក

ពេលនេះ​អ្នកទិញ​មានឱកាស​ល្អ​ដែលមាន​តែម្តង​គត់​ក្នុង​មួយជីវិត ដើម្បី​ក្លាយជា​ម្ចាស់​អគារ​ប៉ម កម្ពស់ ៦៦,៥ ម៉ែត្រ​ដែលមាន​អាង​ហែល​ទឹក​យ៉ាង​ធំ និង​ទទួលបាន​ប្រាក់ចំណូល​៤៣.៧០០ ដុល្លារ​ក្នុង​មួយឆ្នាំ​ពី​ការជួល​ឱ្យ​សេវា​ទូរគមនាគមន៍​។

​អគារ​ប៉ម Sway Tower នៅ​តំបន់​ហ៊ែ​ម​សៀ (Hampshire) ប្រទេស​អង់គ្លេស នេះ​មាន ១៤ ជាន់​ដែល​គេ​ជឿថា​ជា​អគារ​ប៉ម​មិន​សាងសង​សង់​ពី​បេតុង​អា​ម៉េ​ដែល​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។ វា​ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​១៨៧៩ ហើយ​ពេល​ឡើង​ទៅដល់​ជាន់ខ្ពស់​បង្អស់ យើង អាច​គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ព្រៃ New Forest ឆ្នេរសមុទ្រ​ភាគខាងត្បូង និង សូម្បី​កោះ Isle of Wight​។

​សំណង់​ដែល​ស្ថិតក្នុង​ភូមិ​ស្វេ​យ៍ (Sway) នេះ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក ផល អ៊ែត​លែស (Paul Atlas) អាយុ ៧៣ ឆ្នាំ​ដែលជា​អ្នកជំនួញ​អស់​រយៈពេល ៤៧ ឆ្នាំ​មកហើយ តែ​ពេលនេះ គាត់​សម្រេចចិត្ត​ប្រកាស​លក់​វា​ក្នុងតម្លៃ​ជាង ៣,១ លាន​ដុល្លារ​អាម៉េរិក​។

​លោក ផល អ៊ែត​លែស បាន​ប្រាប់​កាសែត The Times ថា “​គ្មាន​អ្នកណា​ធ្លាប់​លក់​ផ្ទះ​ដូចនេះ​ទេ ពីមុនមក ហើយក៏​ប្រហែលជា​គ្មាន​អ្នកណា​ចង់​លក់​ផ្ទះ​បែប​នេះដែរ​។ ខ្ញុំ​មាន​វ័យ ៧៤​ឆ្នាំទៅ ហើយ​នៅ​ឆ្នាំនេះ ដូចនេះ​ខ្ញុំ​គិតថា យើង​គួរតែ​ផ្លាស់ប្ដូរ​ខ្លះ មុនពេល​យើង​ស្លាប់​។ បើ​អ្នកណា​ឱ្យ តម្លៃ​សមរម្យ យើង​នឹង​លក់​ឱ្យទៅ​អ្នកនោះ​”​។

​សូមបញ្ជាក់ថា អគារ​ប៉ម​នេះ​មាន​ជណ្ដើរ​ចំនួន ៣៣០ កាំ និង​បន្ទប់​គេង​ចំនួន ៤ ដែលមាន ពិ​ដាន​ខ្ពស់ស្រឡះ​ល្អ និង​មានការ​តុបតែង​ផ្ទៃក្នុង​យ៉ាង​ស្រស់ស្អាត​គួរឱ្យ​ចង់​រស់នៅ​៕ ប្រែ​សម្រួលៈ​ខុម