ទិតៀន​, តំណិះដំណៀល​, អនុបវាទ​, អបវាទ​, ទៀន​, ទៀនគោល​, ទៀនវស្សា​, ទៀនជ័យ​, ទៀនកល្ប

150
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ទិតៀន (​ម​. ព​. តិះ​, តំណិះ​, ដំណៀល ) ។ .​ដំណៀល​(​នាមសព្ទ​) សម្ដី​ដៀល​, សម្ដី​រិះគន់​, និន្ទា​ធ្ងន់ៗ​គួរ​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើអាក្រក់ ក្រែង​នឹងមាន​ដំណៀល​ដល់​ខ្លួន រាលដាល​ដល​ផៅ ពង្ស​វង្ស​ត្រកូល​ផង ។​

តំណិះដំណៀល (​នាមសព្ទ​) តំណិះតិះដៀល (​ច្រើនតែ​ក្នុង​ទី​កំបាំង​មិន​ចំពោះមុខ​) ។ .​និន្ទា (​និ​ន​-​ទា​)​នាមសព្ទ (​សំ​.​បា​.)​ដំណើរ​តិះដៀល​,​ការរិះគន់​,​ដំណៀល​មនុស្ស​ក្នុង​លោក ពុំ​អាច ចៀសផុត​អំពី​និន្ទា​បានឡើយ ។ ឈ្មោះ​លោកធម៌​ទី ៥ ក្នុង​ពួកលោក​ធម៌​ទាំង ៨ ( ម​. ព​. លោកធម៌ ក្នុង​ពាក្យ លោក ទៀតផង​)​។​ខ្មែរ​យើង​ប្រើ​ជា​កិ​.​ក៏មាន​កុំ​និន្ទា​គេ គឺ​កុំ​តិះដៀល​គេ ។ និន្ទាឈ្នានីស និន្ទា​ផង​ច្រណែនឈ្នានីស​ផង ។​

អនុបវាទ (—​ប៉ៈ​—)​គុណសព្ទ (​សំ​. បា​. < អន៑ ” មិន​, ពុំ​, ឥត ” + ឧបវាទ ) ដែល​ឥត​ឧបវាទ​, ដែល​ឥត​ដំណៀល​; ដែល​អត់ធ្មត់​នៅ​ស្ងៀម​, ដែល​មិន​ស្ដីថា​ទៅលើ​រូបអ្នក​ណាមួយ​មនុស្ស អនុបវាទ​, ពាក្យ​អនុបវាទ​; ឆ្នោត​អនុបវាទ ។ នាមសព្ទ អ្នក​ដែល​មិន​ពោល​តិះដៀល​; អ្នក​ដែល ឥត​ដំណៀល​; អ្នក​នៅ​ស្ងៀម​ជា​កណ្ដាល​; ការមិន​ពោល​តិះដៀល​; ការអត់ធ្មត់​នៅ​ស្ងៀម ។​

អបវាទ (​អៈ​ប៉ៈ​—)​នាមសព្ទ (​សំ​. បា​. ) ពាក្យ​តិះដៀល​; ដំណៀល​; ការស្ដីបន្ទោស​, ការ​ស្ដីប្រដៅ ដោយ​បន្ទោស​ដៀលត្មះ​ខ្លាំងៗ​កើត​ជម្លោះ​ព្រោះ​អបវាទ ។​

ទៀន (​នាមសព្ទ​) គ្រឿង​សម្រាប់​អុជ ធ្វើ​ដោយ​ក្រមួន​ឬ​ខ្លាញ់​មាន​អំបោះ​ជា ប្រឆេះ​សម្រាប់ អុជ​យក​ពន្លឺ​ជាស​ក្ការបូជា ឬ​ប្រើ​អុជ​បំភ្លឺ​តាម​ធម្មតា ។ នាមសព្ទ (​យ​.) ចំនួន ៦០ កាស គឺ ២ សេន​; ពាក្យ​នេះ​ប្រើតែ​ក្នុង​កាលដែល​ចាយ​កាស ខ្ញុំ​ទិញ​ចេក​ថ្លៃដើម ៥ ទៀន លក់បាន ៦ ទៀន ៣០ ។ គួរ​សរសេរ តៀន វិញ​ជិត​ប្រភព​ពាក្យ​ជាង ។​

ទៀនគោល (​នាមសព្ទ​) ទៀន​ធំ​លញ់​ដោយ​ក្រមួន ទម្ងន់​តាំងពី​១​តម្លឹង​ឡើងទៅ សម្រាប់​ប្រើ ក្នុង​ពិធីបុណ្យ​និង​មង្គលការ​ផ្សេងៗ ឬ​បិទ​នៅ​គ្រែ​ទេស្នា ដោយ​សន្មត​ថា​ជា​គោល​លើ​អស់ ទៀន​ទាំងពួង ។​

ទៀនវស្សា (—​វ័ស​សា​)(​នាមសព្ទ​) ទៀន​ធំ​ស្រដៀង​គ្នា​នឹង​ទៀនជ័យ ប៉ុន្តែ​សិត​ដោយ​ក្រមួន ច្រើន​តាម​បាន ដែល​ទាយក​ទាយិកា​ធ្វើ​ប្រគេន​ភិក្ខុសង្ឃ​ក្នុង​ថ្ងៃ​១៥​កើត​ឬ​ថ្ងៃ​១​រោច ខែអាសាឍ សម្រាប់​ព្រះ​ភិក្ខុសង្ឃ​អុជ​បូជា​ចំពោះ​ព្រះ​រត្នត្រ័យ​រាល់​យប់​ក្នុង​រដូវវស្សា​សិតទៀនវស្សា​, ហែ​ទៀនវស្សា​, វេរ​ទៀនវស្សា ។​

ទៀនជ័យ (​នាមសព្ទ​) ទៀន​ធំ​សិត​ដោយ​ក្រមួន​តាំងពី​ទម្ងន់​១៦​នាឡិ​ឡើងទៅ​សម្រាប់​អុជ ក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ជា​ម្ចាស់ជីវិត ឬ​អុជ​ក្នុង​ពិធី​សូត្រ​ភាណ​យក្ស ក្នុង​ព្រះបរមរាជវាំង (​តាម​សណ្ដាប់​រាជប្រពៃណី​ក្នុង​កម្ពុជរដ្ឋ​)​អុជ​ទៀនជ័យ​, លត់​ទៀនជ័យ ។​

ទៀនកល្ប (—​ក័ល​)(​នាមសព្ទ​) ទៀន​មួយ​ប្រភេទ​ធំ​ខ្លី​សម្រាប់​អុជ​ជូន​ដំណើរ​បុគ្គល​ដែល​ជិត​នឹង ទទួលមរណភាព (​ប្រើ​តាម​សណ្ដាប់ស្រុក ចំពោះតែ​អ្នក​ដែល​ត្រូវការ​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា