រឿងក្តី​ក្រហាយៈ​តុលាការ​ចោទ ប្រកាន់​អភិបាលរង​ខេត្តបាត់ដំបងម្នាក់ និង ឧកញ៉ា សង ថន ជា​ផ្លូវការ

590
ចែករម្លែក
ឧកញ៉ា សង ថន ត្រូវបាន​ចោទប្រកាន់​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង គៃបំបាត់​ដោយ​ទុច្ចរិត និង បទ​សូកប៉ាន់ (រូបឯកសារ)

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា​នេះ​ លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង និង ឧកញ៉ា សង ថន ដែលជា​ឈ្មួញ​ដីធ្លី​ម្នាក់​ជា​ផ្លូវការ ។ នេះ​បើតាម​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ។


​បើតាម​អ្នកនាំពាក្យ គឺ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លាញ​ដោយ​ចេតនា និងគៃ​បំបាត់​ដោយ​ទុច្ចរិត និងស៊ីសំណូក ។ ចំណែក ឧកញ៉ា សង ថន ត្រូវបាន​ចោទប្រកាន់​ពីបទផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និងគៃបាត់​ដោយ​ទុច្ចរិត និង បទ​សូកប៉ាន់ ។


​បច្ចុប្បន្ន សំណុំរឿង​និង​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លាញ​ដោយ​ចេតនា និង គៃ​បំបាត់​ដោយ​ទុច្ចរិត និង ស៊ីសំណូក(រូបឯកសារ)


​សូមបញ្ជាក់ថា លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ ធ្លាប់​អះអាងថា បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា សង ថន មាន​ដី​ប្រមាណ​ប្រាំ​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបងទាំងមូល ។​


​សម្តេច​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​ខេត្តបាត់ដំបង ត្រូវ​ដកហូត​ត្រឡប់មកវិញ​នូវ​ដី​ដែល​បុគ្គល​ឈ្មោះ សង ថន បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុសច្បាប់ និងត្រូវប្រគល់​ឲ្យ​រដ្ឋបាលខេត្ត​បាត់ដំបង គ្រប់គ្រង​និង​រក្សាទុក​សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច ៕​សរន​/Ha